អង្គការ​សង្គម​ស៊ីវិ​ល​មួយចំនួន​​​ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​​​ធ្វើ​​យុទ្ធនាការ​​​​ «៣​​សប្ដាហ៍​ក្នុង​ពន្ធនា​គារ»​ ដោយ​អំពាវ​នាវ​ឱ្យ​តុលាការ​កម្ពុជា​​​ដោះ​​លែង​​កញ្ញា​​ ឈឹម​​ ស៊ីថរ​​ ថ្នាក់ដឹកនាំ​សហជីព​ណា​ហ្គា​វើលដ៍​​​ជា​បន្ទាន់​ដោយ​ឥត​​លក្ខខណ្ឌ​។ ​

អង្គការ​ស​ង្គម​ស៊ីវិល​ដែល​រួម​មាន​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​(CCHR)​ សមាគម​អាដហុក​​ ​អង្គការ​លីកាដូ​ និង​អង្គការ​សង់​ត្រាល់​ជាដើម​ បាន​ធ្វើ​​យុទ្ធនាការ​​ ៣​​សប្ដាហ៍​​ក្នុង​​ពន្ធនាគារ​ ក្នុង​គោល​បំណង​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះលែង​កញ្ញា​ ឈឹម​ ស៊ីថរ​ ជា​បន្ទាន់​ ដោយ​មិន​មាន​លក្ខខណ្ឌ។ យុទ្ធនាការ​ធ្វើ​ឡើង​ ​បន្ទាប់ពី​​កញ្ញា​ ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពី​ថ្ងៃ​ទី​ ២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ កន្លង​ទៅ​នេះ​ ក្រោម​មូល​ហេតុ​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលារ​ការ​​​ បន្ទាប់​ពីកញ្ញា​ត្រឡប់​ពី​ចូល​រួម​កម្មវិធី​អន្តរជាតិ​មួយ​នៅ​ប្រទេស​អូស្រ្តាលី។​

លោក​ស្រី​ ចក់​​ សុភាព​​ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ប្រាប់ Newsroom Cambodia ​ថា​ ការ​ចាប់​ខ្លួន​កញ្ញា​ ឈឹម​ ស៊ីថរ​ សារជាថ្មី​នេះ គឺ​ជា​ការ​រំលោភ​សិទិ្ធ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ ព្រោះ​ក​ញ្ញា​មិន​ដែល​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​អាជ្ញាធរ​តុលាការ​អំពី​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឱ្យនៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​នោះ​ទេ​។

លោក​ស្រី​បាន​និយាយ​ថា៖​ ​«បើ​កញ្ញា​មាន​បំណង​គេច​ខ្លួន​ពី​នីតិវី​ធីច្បាប់​មែន​នោះ​ មិន​មែន​កញ្ញា​ទៅ​ហើយ​ត្រឡប់​មក​ប្រទេស​ខ្មែរ​វិញ​ទេ​ តុលាការ​គាត់​គួរ​តែមាន​ការ​ថ្លឹង​ថ្លែង​ចំពោះ​ទិដ្ឋភាព​ទាំង​អស់​ហ្នឹង​ […] សម្រាប់​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ យើង​ឃើញ​នូវ​អំពើ​អ​យុត្តិធម៌​ដែល​កន្លង​មក​នេះ​មាន​ការ​យាយី​ទៅ​លើ​សហជីព​ណាហ្គាវើលដ៍​ផង ​ជាពិសេស​ចំពោះ​ថ្នាក់​ដឹកនាំ​ដូច​កញ្ញា​ ស៊ីថរ​ តែ​ម្ដង​។ ដូច​នេះ​យើង​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​កញ្ញា​ឡើង​វិញ​ហើយ​ឱ្យ​មាន​ការ​បញ្ចប់​នូវ​វិវាទ​ការងារ​មួយ​នេះ»។​

លោកស្រី​ ចក់​ សុភាព​​ បន្ថែម​ថា​ ការ​ចាប់​ខ្លួន​កញ្ញា​ ឈឹម​ ស៊ីថរ​ គឺ​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ស្ថាន​ភាព​សិទ្ធិមនុស្ស​ និង​ជា​ការ​គំរាម​កំហែង​ដល់​គោលការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។ ទន្ទឹម​ហ្នឹង​នេះ ​វា​ក៏​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា​យើង​លើ​ឆាក​អន្តរជាតិ​ទៀត​ផង​។

លោក​ស្រី​បាន​បន្ថែម​ថា៖​ ​«ការ​បន្ត​ចាប់​ខ្លួន​នេះ​ជា​ការ​គំរាម​កំហែង​ទៅ​ដល់​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ប្រទេស​កម្ពុជា​យើង​ទទួល​ស្គាល់​ ហើយ​វា​នឹង​ប៉ះពាល់​ទៅ​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា​យើង​លើ​ឆាក​អន្តរជាតិ​ទៀត​ ដូច​យើង​ឃើញ​កន្លង​មក​ហើយ​ជា​ហូរ​ហែរ​សហគមន៍​អន្តរជាតិ​លើក​ឡើ​ងជា​ច្រើន​ ជា​ពិសេស​ចំពោះ​ការ​ចាប់​ខ្លួន​ ស៊ីថរ​ នេះ​មាន​ការ​កើត​ចេញ​នូវ​សេចក្ដី​ថ្លែងការណ៍​ជា​ច្រើន​ពី​បណ្ដាទូត​ ពី​បណ្ដា​សហគមន៍​អន្តរជាតិ​ អីចឹង​ខ្ញុំ​គិត​ថា​ប្រទេស​​កម្ពុជា​យើង​គួរ​តែ​បង្ហាញ​នូវ​ឆន្ទ:​នូវ​ការ​គោរព​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ដែល​ខ្លួន​បាន​ទទួល​ស្គាល់​ហ្នឹង​ ជា​ជាង​ការ​បន្ត​ឱ្យ​មាន​ការ​ធ្លាក់ចុះ​នូវ​ស្ថានភាព​បែប​នេះ»​។

បើតាម​លោកស្រី ចក់ សុភាព អង្គការ​សង្គម​ស៊ីវិល​នឹង​បន្ត​ធ្វើយុទ្ធនាការ​​នេះ​ជា​រៀង​រាល់​សប្ដាហ៍​តាម​ប្រព័ន្ធ​អន​ឡាញ​ និង​តាមរ​យ:​កម្ម​វិធី​មួយ​ចំនួន​ដទៃ​ទៀត​រហូត​ទាល់​តែ​មាន​ការដោះ​លែង​កញ្ញា​ ស៊ីថរ​។

Newsroom​ Cambodia​ មិន​អាច​សុំការ​អត្ថាធិប្បាយ​​ពី​លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ទេ​ ដោយ​​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កញ្ញា ឈឹម ស៊ីថរ ជាប្រធាន​សហជី​ពទ្រទ្រង់​សិទ្ធិ​ការងា​រ​បុគ្គលិក​កម្មករ​ខ្មែរ​នៃក្រុមហ៊ុន ណាហ្គាវើលដ៍ ធ្លាប់ត្រូវបានតុលាការឃុំ​​ខ្លួនម្ដងរួចមកហើយ កាល​ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ៕