សត្វក្រៀលចំនួន២៦ក្បាល មានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ដោយស្ថិតក្រោមការតាមដានរបស់ក្រសួងបរិស្ថាន និងកំពុងសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា ដើម្បីការពារទីជម្រកសត្វដែលកំពុងរងគ្រោះជិតផុតពូជនេះ។
យោងតាមការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា លទ្ធផលជំរឿនសត្វក្រៀលឆ្នាំ២០២២ កម្ពុជាមានសត្វក្រៀលចំនួន១៩៤ក្បាល នៅឆ្នាំ២០២១ ហើយមានការធ្លាក់ចុះនៅសល់ត្រឹម១៦៤ក្បាល។ ក្រសួងបន្ថែមថា មកដល់ឆ្នាំ២០២២នេះ របាយការណ៍បណ្ដោះអាសន្នបង្ហាញថា ចំនួនសត្វក្រៀលបានបន្តធ្លាក់ចុះសល់ត្រឹមជាង ១៥០ក្បាលប៉ុណ្ណោះ។
ក្នុងសាររបស់ក្រសួងបរិស្ថានដដែលបញ្ជាក់ថា សត្វក្រៀលតែងបង្ហាញវត្តមាននៅចំនួន ៣ទីតាំង គឺនៅអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ដើម្បីរកចំណីបន្តរស់នៅក្នុងតំបន់ដីសើមដែលសម្បូរចំណីពីខែធ្នូ ដល់ខែកុម្ភៈ រៀងរាល់ឆ្នាំ ខណៈរដូវពងកូនសត្វក្រៀលនឹងផ្លាស់ទីទៅតំបន់ព្រៃរបោះក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ។
បើតាមក្រសួងបរិស្ថាន យោងតាមការសិក្សារបស់អ្នកជំនាញ ចំនួនសត្វក្រៀលនៅលើពិភពលោកសព្វថ្ងៃនេះ មានចន្លោះពី១៣,០០០ ទៅ១៥,០០០ក្បាល ដែលរស់នៅក្នុងប្រទេសឥណ្ឌា អូស្ត្រាលី វៀតណាម ឡាវនិងកម្ពុជា។ សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជា តាំងពីយូរលង់ណាស់មកហើយ ថែមទាំងមានឆ្លាក់ជាប់នឹងផ្ទាំងថ្មប្រាសាទបាយ័ន ខេត្តសៀមរាបទៀតផង។
ក្នុងសាររបស់ក្រសួងបរិស្ថានដដែលបន្ថែមថា ក្រសួងបរិស្ថានកំពុងធ្វើការជាមួយអង្គការដៃគូ ដើម្បីអភិរក្សសត្វក្រៀលនិងទីជម្រករបស់ពួកវា ដោយមានមន្រ្តីឧទ្យានុរក្សចុះល្បាតជាប្រចាំកន្លែងដែលសត្វក្រៀលរស់នៅ៕