សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) នឹងរៀបចំប្រមូលផ្ដុំសម្ដែងមតិ ទាមទារឱ្យដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីពឱ្យមានសេរីភាពឡើងវិញ នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៣០ ខែធ្នូនេះ។
យោងតាមលិខិតចេញថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានជូនដំណឹងស្ដីពីការប្រមូលផ្ដុំសម្ដែងមតិ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីព ដាក់ទៅគណៈអភិបាលរាជធានីភ្នំពេញ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានបញ្ជាក់ក្នុងលិខិតនោះថា ការប្រមូលផ្ដុំសម្ដែងមតិ និងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ៨:០០នាទីព្រឹក នៅទីលានប្រជាធិបតេយ្យដោយមានការចូលរួមពីសមាជិក សមាជិកាសមាគម កម្មករ សហជីព យុវជន អង្គការសង្គមស៊ីវិល អន្តរជាតិ និងក្រុមគ្រួសារសាច់ញាតិអ្នកជាប់ឃុំមនសិការយ៉ាងតិចចំនួន១០០នាក់។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមានប្រសាសន៍ថា លោកគ្រូ អ្នកគ្រូ ដែលជាសមាជិករបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានជាប់ពន្ធនាគារជាច្រើនឆ្នាំហើយ ដូច្នេះពួកគាត់គួរតែមានសេរីភាពវិញ។ អ្នកស្រីបន្ថែមថា សព្វថ្ងៃពលរដ្ឋកំពុងតែមានបញ្ហាបិទសិទិ្ធសេរីភាព ហេតុនេះរដ្ឋាភិបាលគួរគិតគួស្ដារលទ្ធិប្រជាធិបតេយ្យវិញដើម្បីសិទ្ធិសេរីភាព ការជឿជាក់របស់ពលរដ្ឋ ដើម្បីឱ្យពលរដ្ឋបានមកបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងមានពេលវេលាជ្រើសរើសតំណាងគណបក្សណាដែលជាគណបក្សគាត់ពេញចិត្តដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យផងដែរ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា៖ «នៅពេលនេះខ្ញុំមិនទាន់បានចម្លើយពីសាលាក្រុងបែបណាទេ យើងកំពុងតែរងចាំចម្លើយរបស់សាលាក្រុង។ នីតិវិធីចុងក្រោយរបស់ពួកខ្ញុំ រងចាំឱ្យសាលារាជធានីឆ្លើយតបសិន ហើយអ្វីដែលយើងធ្វើតទៅទៀតគឺរងចាំ យើងមិនអាចឆ្លើយមុនអ្វីដែលមិនទាន់បានជួបពិភាក្សាជាមួយសាលារាជធានីទេ»។
Newsroom Cambodia ព្យាយាមទាក់ទងទៅលោក ម៉េត មាសភក្ដី អ្នកនាំសាលារាជធានីភ្នំពេញ ប៉ុន្តែមិនមានការឆ្លើយតប ដោយទូរសព្ទចូលពុំមានអ្នកទទួល។
បើតាមលិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្រោយពីការជួបជុំនៅទីលានប្រជាធិបតេយ្យ សមាគមនឹងដង្ហែញត្តិដាក់ជូនតុលាការសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី រួចប្រកាសបិទកម្មវិធី៕