សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ (CITA) ​នឹង​រៀប​ចំ​ប្រមូល​ផ្ដុំ​សម្ដែង​មតិ​ ទាម​ទារ​ឱ្យ​ដោះ​លែង​​សកម្ម​ជន​នយោ​បាយ​ សកម្មជន​សង្គម​ និង​សហជីពឱ្យ​មាន​សេរីភាព​ឡើង​វិញ​​ នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ នៅ​ថ្ងៃទី​៣០ ខែធ្នូ​នេះ។​

យោង​តាម​លិខិត​ចេញ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០២២ សមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​បាន​ជូន​ដំណឹង​ស្ដី​ពី​ការ​ប្រមូល​ផ្ដុំ​សម្ដែង​មតិ​ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្មជន​នយោបាយ​ សកម្មជន​សង្គម​ និង​សហជីព ដាក់​ទៅ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ​។

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យបាន​បញ្ជាក់​ក្នុង​លិខិត​នោះថា​ ការ​ប្រមូល​ផ្ដុំ​សម្ដែង​មតិ​ និង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ ឆ្នាំ​២០២២ ចាប់​ពី​ម៉ោង​ ៨:០០នាទី​ព្រឹក​ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​ សមាជិកា​សមាគម​ កម្មករ​ សហជីព​ យុវជន​ អង្គការ​សង្គម​ស៊ី​វិល​ អន្តរជាតិ​ និង​ក្រុម​គ្រួសារ​សាច់​ញាតិ​អ្នក​ជាប់​ឃុំ​មនសិការ​យ៉ាង​តិច​ចំនួន​១០០នាក់​។

អ្នក​ស្រី អ៊ុក ឆាយ៉ាវី ប្រធាន​​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យមាន​ប្រសាសន៍​ថា​ លោក​គ្រូ អ្នក​គ្រូ​ ដែល​ជា​សមាជិក​របស់​​​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវ​បាន​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​ហើយ​ ដូច្នេះ​ពួក​គាត់​គួរ​តែ​មាន​សេរី​ភាព​វិញ​។ អ្នក​ស្រីបន្ថែម​ថា​ សព្វ​ថ្ងៃ​ពលរដ្ឋ​កំពុង​តែ​មាន​បញ្ហា​បិទ​សិទិ្ធ​សេរី​ភាព​ ហេតុ​នេះ​រដ្ឋា​ភិបាលគួរ​គិត​គួ​ស្ដារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​វិញ​ដើម្បី​សិទ្ធិ​សេរី​ភាព​ ការ​ជឿ​ជាក់​របស់​ពលរដ្ឋ​​ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​មក​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ២០២៣​ ខាង​មុខ​នេះ​ និង​មាន​ពេល​វេលា​ជ្រើស​រើស​តំណាង​គណបក្ស​ណា​ដែល​ជា​គណ​បក្ស​គាត់​ពេញ​ចិត្ត​ដើម្បី​ស្ដារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ផង​ដែរ។

អ្នក​ស្រី​ អ៊ុក ឆាយ៉ាវី ថ្លែង​ថា​៖ «នៅ​ពេល​នេះ​ខ្ញុំ​មិន​ទាន់​បាន​ចម្លើយ​ពី​សាលា​ក្រុង​បែប​ណា​ទេ​ យើង​កំពុង​តែ​រង​ចាំ​ចម្លើយ​របស់​សាលា​ក្រុង។ នីតិ​វិធី​ចុង​ក្រោយ​របស់​ពួក​ខ្ញុំ ​រង​ចាំ​​ឱ្យ​សាលា​រាជធានី​ឆ្លើយ​តប​សិន​ ហើយ​អ្វី​ដែល​យើង​ធ្វើ​ត​ទៅ​ទៀត​គឺ​រង​ចាំ​ យើង​មិន​អាច​ឆ្លើយ​មុន​អ្វី​ដែល​មិន​ទាន់​បាន​ជួប​ពិភាក្សា​ជា​មួយ​សាលា​រាជធានី​ទេ​»។

Newsroom Cambodia ព្យាយាម​ទាក់​ទង​ទៅ​លោក ម៉េត​ មាសភក្ដី អ្នក​នាំ​សាលា​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ ដោយ​ទូរសព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល​។

បើតាម​​​លិខិត​​របស់​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ​ ក្រោយ​ពី​ការ​ជួប​ជុំ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ ​សមាគម​​នឹង​​ដង្ហែញត្តិ​ដាក់​ជូន​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ និង​ខុទ្ទកាល័យ​លោក​​នាយក​រដ្ឋ​មន្រ្តី​ រួច​ប្រកាស​បិទ​កម្មវិធី​៕​