អង្គការ និងអ្នកសង្គមស៊ីវិលដែលតាមដានពីសកម្មភាពយុវជន បានបង្ហាញរបាយការណ៍នៃការចូលរួមរបស់ស្ត្រីលើបញ្ហានយោបាយក្នុងប្រទេស គឺមានចំនួនតិចជាងបុរស និងបានលើកឡើងថា ដោយសារផ្នត់គំនិតបុរាណដែលប្រកាន់ចំពោះស្រ្តី និងការខ្វះបទពិសោធន៍ការងារ។
យោងតាមរបាយការណ៍នៃការស្ទង់មតិសាធារណ:របស់អង្គការ Konrad Adenauer Stiftung លើឥរិយាបទរបស់ប្រជាជនកម្ពុជាចំពោះសង្គម និងនយោបាយសម្រាប់ឆ្នាំ២០២២ នេះបានបង្ហាញថា ៥៧% នៃអ្នកដែលចូលរួមក្នុងការស្ទង់មតិនោះ បានចូលរួម និងខ្វល់ខ្វាយអំពីបញ្ហានយោបាយ ដែលក្នុងនោះផងដែរ បុរសមានចំនូនរហូតដល់ ៦១% ច្រើនជាងចំនួនស្រ្តីដែលមានត្រឹម ៥០%។
កញ្ញាស្ដើង ភារ៉ុង នាយកប្រតិបត្តិនៃអង្គការក្រៅរដ្ឋាភិបាលបន្ទាយស្រី បានលើកឡើងថាមូលហេតុដែលធ្វើឱ្យយុវជនដែលជាស្ត្រីមិនចាប់អារម្មណ៍ចូលរួមក្នុងបញ្ហានយោបាយគឺដោយសារការប្រកាន់នូវផ្នត់គំនិតបុរាណដែលកំណត់ឱ្យស្រ្តីនៅផ្ទះធ្វើជាមេផ្ទះ ដែលធ្វើឱ្យពួកគាត់បាត់បង់ឱកាសចូលប្រលូកកិច្ចការងារសង្គម។
កញ្ញាបានប្រាប់ Newsroom Cambodia ថា៖ «មូលហេតុដែលធ្វើឱ្យស្រ្តីគាត់មិនចាប់អារម្មណ៍នឹងរឿងនយោបាយ បងគិតថាកត្តាធំបំផុតហ្នឹងគឺជាបរិបទឬក៏ផ្នត់គំនិតដែលដាក់កំណត់ឱ្យស្រ្តីគឺជាមេផ្ទះ នៅផ្ទះ គាត់អត់សូវបានចេញក្រៅដើម្បីប្រលូកកិច្ចការងារសង្គមឬក៏ជជែកពិភាក្សារឿងនយោបាយនានាទេ»។
កញ្ញាបានបន្តថា ការអប់រំនៅក្នុងសាលាមានភាពត្បិតត្បាតក្នុងការផ្ដល់ឱកាសឱ្យសិស្សដែលជាយុវជនបានចូលរួមទទួលចំណេះដឹងទាក់ទងនឹងនយោបាយក្នុងប្រទេសតាមរយ:ការចែករំលែកពីគ្រួ ក៏ជាកត្តាមួយសំខាន់ដែលរារាំងដល់ការចូលរួម និងការចាប់អារម្មណ៍របស់យុវជនទាំងស្ត្រី និងបុរសក្នុងបញ្ហានយោបាយផងដែរ។
កញ្ញា ស្ដើង ភារ៉ុង បានលើកឡើងថា៖ «យើងឃើញថាមានសាលា សូម្បីតែសាកលវិទ្យាល័យមួយចំនួនដែលគាត់មានមុខវិជ្ជានិយាយរឿងនយោបាយ ពេលខ្លះក៏មានសម្ពាធហាមមិនឱ្យនិយាយរឿងនយោបាយនៅក្នុងសាលាដែរ អីចឹងកត្តាអប់រំគឺសំខាន់ដូចគ្នាដែលវាជាកត្តាមិនឱ្យស្ត្រីនិងបុរសហ្នឹងចាប់អារម្មណ៍លើផ្នែកនយោបាយ»។
បន្ថែមពីនេះទៀត កញ្ញាបានលើកឡើងថា ការមិនចាប់រម្មណ៍ចូលរួមរបស់ស្ត្រីក្នុងបញ្ហាសង្គម និងនយោបាយ ក៏អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចគ្រួសាររបស់បុគ្គលផ្ទាល់ និងបង្អាក់ដល់ការសម្រេចលើការរៀបចំ ឬបញ្ហានានាដែលពាក់ព័ន្ធនឹងស្រ្តី ដោយសារខ្វះសម្លេងស្ត្រីក្នុងការចូលរួម។
កញ្ញាបានមានប្រសាសន៍ថា៖ «បើសិនគាត់ជាអ្នករកស៊ី គាត់បាត់បង់ឱកាសក្នុងការតាមដានអតិផរណារបស់ទីផ្សារ តែបើសិនជាគាត់អាចតាមដានឬក៏ពិភាក្សាទៅលើរឿងនយោបាយ គឺគាត់អាចមានព័ត៌មានពេញលេញហើយគាត់អាចធ្វើការសម្រចចិត្តទៅលើមុខរបររកស៊ីរបស់គាត់ ដើម្បីកុំឱ្យមានហានិភ័យសម្រាប់ខ្លួនឯង។ មួយទៀតពាក់ព័ន្ធជាមួយនឹងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសវិញ បើសិនជាខ្វះការចូលរួមរបស់ស្រ្តីនៅក្នុងការសម្រចចិត្តបញ្ហាមួយចំនួនដែលវាប៉ះពាល់ដល់ស្ត្រីឬក៏រឿងផ្សេងៗទៀតដែលជាកត្តាចាំបាច់របស់ស្រ្តីហ្នឹង គឺអត់ត្រូវបានដាក់បញ្ចូល ឬពិចារណាទេ»។
ទន្ទឹមហ្នឹងនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានបន្ថែមថា ស្ត្រីមានតួនាទីសំខាន់ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងកីឡា។ ដោយឡែក តាមរយ:ការមើលឃើញអំពីកម្រិតវប្បធម៌ និងបទពិសោធន៍ការងាររបស់ស្ត្រីទាក់ទងនឹងបញ្ហាសង្គម និងនយោបាយនៅមានកម្រិតនៅឡើយ ទើបជាឧបសគ្គរារាំងដល់ការតែងតាំង តំឡើងឋាន:តួនាទីដល់ស្រ្តីក្នុងការដឹកនាំតាមក្រសួងស្ថាប័ននានា។
លោក សុខ ឥសាន្ត បានមានប្រសាសន៍ថា៖ «[…] ប៉ុន្តែនិយាយពីផ្នែកវប្បធម៌ កម្រិតយល់ដឹងនិងបទពិសោធន៍ការងារស្រ្តី នៅមានកម្រិតនៅឡើយ អីចឹងការដែលយើងមានគោលនយោបាយលើកកម្ពស់តួនាទីស្រ្តី កសាង និងតែងតាំង ដំឡើងឋាន:តួនាទីយុវជន និងស្រ្តីនៅតាមក្បាលម៉ាស៊ីនដឹកនាំតាមក្រសួងស្ថាប័ននានានៅថ្នាក់ជាតិ ហើយនិងតាមខេត្តនៅក្នុងសង្គមកម្ពុជា ក៏មិនមែនចេះតែធ្វើដូចជាការទូងស្គរបញ្ចូលទេ គឹយើងត្រូវតែអនុវត្តទៅតាមគោលការណ៍»។
លោកបន្តថា៖ «សមត្ថភាព កាយសម្បទា សុខភាពល្អ ជាលក្ខណសម្បត្តិដើម្បីជ្រើសរើសតែងតាំង តំឡើងតួនាទី របស់ស្ត្រីនិងយុវជន ហើយស្រ្តីនិងយុវជននោះត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រើជាតិ និងប្រជាពលដ្ឋជាក់ស្ដែង មិនមែនយកតែតួរលេខមកដេកស៊ីប្រាក់ខែទេ។ យើងយកស្រ្តីហ្នឹងដើម្បីឱ្យដើរតួនាទីជាក់ស្ដែងសំខាន់នៅក្នុងសង្គមកម្ពុជា ជាពិសេសក្នុងការជួយដោះស្រាយបញ្ហាលំបាក ជាសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានានៅទូទាំងប្រទេស មិនមែនយកមកគ្រាន់តែលំអរឱ្យតែមានតួរលេខខ្ពស់តែប៉ុណ្ណឹងទេ។»
លើសពីនេះទៅទៀត លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានសំណូមពរដល់យុវជន ជាពិសេសស្ត្រី ត្រូវព្យាយាមខិតខំអភិវឌ្ឍន៏សមត្ថភាពក្នុងគោលបំណងលើកកម្ពស់កម្រិតវប្បធម៌របស់ខ្លួនដើម្បីបំពេញឱ្យបានគ្រប់លក្ខណតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ឋាន:តួនាទីស្រ្តីក្នុងសកម្មភាពសង្គម និងនយោបាយ។
លោកបាននិយាយថា៖ «ខ្ញុំសំណូមពរឱ្យយុវជននិងស្រ្តីនេះ ត្រូវខិតខំខ្លួនឯងដើម្បីបំពេញលក្ខណសម្បត្តិទាំងឡាយដែលមានលើកនៅក្នុងគោលការណ៍របស់រាជរដ្ឋាភិបាលតាមរយ:ការសិក្សារៀនសូត្រ លើកកម្ពស់កម្រិតវប្បធម៌ឱ្យខ្ពស់ ខិតខំធ្វើការងារដើម្បីយកពិសោធន៍ឱ្យបានជ្រាលជ្រៅនៅក្នុងសង្គមដើម្បីបង្កលក្ខណ:ឱ្យការតែងតាំង តំឡើងតួនាទីវាស្របតាមសំណូមពរ តម្រូវការរបស់ជាតិនិងប្រជាជន គឺយើងយកសមត្ថភាព យើងយកស្នាដៃ យើងយកសកម្មភាពជាក់ស្ដែងក្នុងការបម្រើជាតិ និងប្រជាជន»៕