អង្គការ​ និង​អ្នក​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ពី​​សកម្មភាព​យុវជន​ បាន​បង្ហាញ​របាយការណ៍​នៃ​ការ​ចូល​រួម​របស់​ស្ត្រី​លើ​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​ គឺ​មាន​ចំនួន​តិច​ជាង​បុរស​ និង​បាន​លើក​ឡើង​ថា​ ដោយ​សារ​ផ្នត់​គំនិត​បុរាណ​ដែល​ប្រកាន់​ចំពោះ​ស្រ្តី​ និង​ការ​ខ្វះ​បទ​ពិសោធន៍​ការងារ​។

យោង​តាម​របាយការណ៍​នៃ​ការ​ស្ទង់​មតិ​សាធារណ:​របស់​អង្គការ​ Konrad​ Adenauer​​ Stiftung ​លើ​ឥរិយាបទ​របស់​ប្រជាជនកម្ពុជា​ចំពោះ​សង្គម ​​និង​នយោបាយ​សម្រាប់​ឆ្នាំ​២០២២​ នេះ​បាន​បង្ហាញ​ថា​​ ៥៧%​ នៃ​អ្នក​ដែល​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​នោះ​ បាន​ចូលរួម​ និង​ខ្វល់​ខ្វាយ​អំពី​បញ្ហា​នយោបាយ​ ដែល​ក្នុង​នោះ​ផង​ដែរ​ បុរស​មាន​ចំនូន​រហូត​ដល់​ ៦១%​ ច្រើន​ជាង​ចំនួន​ស្រ្តី​ដែល​មាន​ត្រឹម​ ៥០%​។

កញ្ញា​​ស្ដើង​​ ភារ៉ុង​​ នាយក​​​ប្រតិបត្តិ​​នៃ​​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​បន្ទាយ​ស្រី​ បាន​លើក​ឡើង​ថា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​យុវជន​ដែល​ជា​ស្ត្រី​មិន​ចាប់​អារម្មណ៍​ចូល​រួម​ក្នុង​បញ្ហា​នយោបាយ​គឺ​ដោយ​សារ​ការ​ប្រកាន់​នូវ​ផ្នត់​គំនិត​បុរាណ​ដែល​កំណត់​​ឱ្យ​ស្រ្តី​​នៅ​ផ្ទះ​ធ្វើ​ជា​មេ​ផ្ទះ​ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​បាត់​បង់​ឱកាស​ចូល​ប្រលូក​កិច្ច​ការ​ងារ​សង្គម​។

កញ្ញា​បាន​ប្រាប់​ Newsroom​ Cambodia​ ថា៖​ «​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ស្រ្តី​គាត់​មិន​ចាប់​អារម្មណ៍​នឹង​រឿង​នយោបាយ​ បង​គិត​ថា​កត្តា​ធំ​បំផុត​ហ្នឹង​គឺ​ជា​បរិបទ​ឬ​ក៏​ផ្នត់​គំនិត​ដែល​ដាក់​កំណត់​ឱ្យ​ស្រ្តី​គឺ​ជា​មេ​ផ្ទះ​ នៅ​ផ្ទះ​ គាត់​អត់​សូវ​បាន​ចេញ​ក្រៅ​ដើម្បី​ប្រលូក​កិច្ច​ការងារ​សង្គម​ឬ​ក៏​ជជែក​ពិភាក្សា​រឿង​នយោបាយ​នានា​ទេ​»។

កញ្ញា​បាន​បន្ត​ថា​ ការ​អប់រំ​នៅ​ក្នុង​សាលា​មាន​ភាព​ត្បិត​ត្បាត​ក្នុង​ការ​ផ្ដល់​ឱកាស​ឱ្យ​សិស្ស​ដែល​ជា​យុវជន​បាន​ចូល​រួម​ទទួល​ចំណេះ​ដឹង​ទាក់​ទង​នឹង​នយោបាយ​ក្នុង​ប្រទេស​តាម​រយ:​ការ​ចែក​រំលែក​ពី​គ្រួ​ ក៏​​ជា​កត្តា​មួយ​សំខាន់​ដែល​រារាំង​ដល់​ការ​ចូល​រួម​ និង​ការ​ចាប់​អារម្មណ៍​របស់​យុវជន​ទាំង​ស្ត្រី​ និង​បុរស​ក្នុង​បញ្ហា​នយោបាយ​ផង​ដែរ​។

កញ្ញា​ ស្ដើង​​ ភារ៉ុង​ បាន​លើក​ឡើង​ថា៖​ ​«​យើង​ឃើញ​ថា​មាន​សាលា ​សូម្បី​តែ​សាកល​វិទ្យាល័យ​មួយ​ចំនួន​ដែល​គាត់​មាន​មុខ​វិជ្ជា​និយាយ​រឿង​នយោបាយ​ ពេល​ខ្លះ​ក៏​មាន​សម្ពាធ​ហាម​មិន​ឱ្យ​និយាយ​រឿង​នយោបាយ​នៅ​ក្នុង​សាលា​ដែរ​ អី​ចឹង​កត្តា​អប់រំ​គឺ​សំខាន់​ដូច​គ្នា​ដែល​វា​ជា​កត្តា​​មិន​ឱ្យ​ស្ត្រី​និង​បុរស​ហ្នឹង​ចាប់​អារម្មណ៍​លើ​ផ្នែក​នយោបាយ​»។

បន្ថែម​ពី​នេះ​ទៀត​ កញ្ញា​បាន​លើក​ឡើង​ថា​ ការ​មិន​ចាប់​រម្មណ៍​ចូល​រួម​របស់​ស្ត្រី​ក្នុង​បញ្ហា​សង្គម ​និង​នយោបាយ​ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​បុគ្គល​ផ្ទាល់​ និង​បង្អាក់​ដល់​ការ​សម្រេច​លើ​ការ​រៀប​ចំ​​​​ ឬ​​បញ្ហា​នានា​ដែល​ពាក់​ព័ន្ធ​នឹង​ស្រ្តី​ ដោយសារ​ខ្វះ​សម្លេង​ស្ត្រី​ក្នុង​ការ​ចូល​រួម​។​

កញ្ញា​បាន​មាន​ប្រសាសន៍​ថា​​​៖ ​«បើ​សិន​គាត់​ជា​អ្នក​រក​ស៊ី ​គាត់​បាត់បង់​ឱកាស​ក្នុង​ការ​តាម​ដាន​អតិផរណា​របស់​ទីផ្សារ ​តែ​បើ​សិន​ជា​គាត់​អាច​តាម​ដាន​ឬ​ក៏​ពិភាក្សា​ទៅ​លើ​រឿង​នយោបាយ​ គឺ​គាត់​អាច​មាន​ព័ត៌មាន​ពេញ​លេញ​ហើយ​គាត់​អាច​ធ្វើ​ការ​សម្រច​ចិត្ត​ទៅ​លើ​មុខ​របរ​រក​ស៊ី​របស់​គាត់​ ដើម្បី​កុំ​ឱ្យ​មាន​ហានិភ័យ​សម្រាប់​ខ្លួន​ឯង​។ មួយ​ទៀត​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ប្រទេស​វិញ​ ​បើ​សិន​ជា​ខ្វះ​ការ​ចូលរួម​របស់​ស្រ្តី​នៅ​ក្នុង​ការ​សម្រច​ចិត្ត​បញ្ហា​មួយ​ចំនួន​ដែល​វា​ប៉ះ​ពាល់​ដល់​ស្ត្រី​ឬ​ក៏​រឿង​ផ្សេងៗ​ទៀត​ដែល​ជា​កត្តា​ចាំ​បាច់​របស់​ស្រ្តី​ហ្នឹង​ គឺ​អត់​ត្រូវ​បាន​ដាក់ប​ញ្ចូល​ ឬ​ពិចារណា​ទេ​»។

ទន្ទឹម​ហ្នឹង​នេះ​ លោក​ សុខ​ ឥសាន្ត​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បាន​បន្ថែម​ថា​ ស្ត្រី​មាន​តួនាទី​សំខាន់​ទាំង​ផ្នែក​នយោបាយ​ សេដ្ឋកិច្ច​ សង្គម​ វប្បធម៌​ និង​កីឡា។​ ដោយ​ឡែក​ តាម​រយ:​ការ​មើល​ឃើញ​អំពី​កម្រិត​វប្បធម៌​ និង​បទ​ពិសោធន៍​ការងារ​របស់​ស្ត្រី​ទាក់​ទង​នឹង​បញ្ហា​សង្គម​ និង​នយោបាយ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ទើប​ជា​ឧបសគ្គ​រារាំង​ដល់​ការ​តែង​តាំង​ តំឡើង​ឋាន:​តួនាទី​ដល់​ស្រ្តី​ក្នុង​ការ​ដឹក​នាំ​តាម​ក្រសួង​ស្ថាប័ន​នានា​។​

លោក​ សុខ​ ឥសាន្ត​ បាន​មាន​ប្រសាសន៍​ថា៖​ ​«[…] ​ប៉ុន្តែ​និយាយ​ពី​ផ្នែក​វប្បធម៌​​ កម្រិត​យល់​ដឹង​និង​បទ​ពិសោធន៍​ការងារ​ស្រ្តី​ នៅ​មាន​កម្រិត​នៅ​ឡើយ​ អីចឹង​ការ​ដែល​យើង​មាន​គោល​នយោបាយ​លើក​កម្ពស់​តួនាទី​ស្រ្តី​ កសាង​ និង​តែង​តាំង​ ដំឡើង​ឋាន:​តួនាទី​យុវជន​ និង​ស្រ្តី​នៅ​តាមក្បាល​​ម៉ាស៊ីន​ដឹក​នាំ​តាម​ក្រសួង​ស្ថាប័ន​នានា​នៅ​ថ្នាក់​ជាតិ​ ហើយ​និង​តាម​ខេត្ត​នៅ​ក្នុង​សង្គម​កម្ពុជា​ ក៏​មិន​មែន​ចេះ​តែ​ធ្វើ​ដូច​ជា​ការ​ទូង​ស្គរ​បញ្ចូល​ទេ​ គឹ​យើង​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​គោលការណ៍​»។

លោក​បន្ត​ថា៖​ ​«សមត្ថភាព​ កាយ​សម្បទា​ សុខភាព​ល្អ​​ ជា​លក្ខណ​សម្បត្តិ​ដើម្បី​ជ្រើស​រើស​តែងតាំង​ តំឡើង​តួនាទី​​ របស់​ស្ត្រី​និង​យុវជន​ ហើយ​ស្រ្តី​និង​យុវជន​នោះ​ត្រូវ​តែ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បម្រើ​ជាតិ​ និង​ប្រជា​ពលដ្ឋ​ជាក់​ស្ដែង​ មិន​មែន​យក​តែ​តួរលេខ​មក​ដេក​ស៊ី​ប្រាក់​ខែ​ទេ​។ យើង​យក​ស្រ្តី​ហ្នឹង​ដើម្បី​ឱ្យ​ដើរ​តួនាទី​ជាក់​ស្ដែង​សំខាន់​នៅក្នុង​សង្គម​កម្ពុជា​ ជា​ពិសេស​ក្នុងការ​ជួយដោះ​ស្រាយ​បញ្ហា​លំបាក​ ជា​សំណូមពរ​របស់​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស​ មិន​មែន​យក​មក​គ្រាន់​តែ​លំអរ​ឱ្យ​តែ​មាន​តួរលេខ​ខ្ពស់​តែ​ប៉ុណ្ណឹង​ទេ​។»

លើស​ពី​នេះ​ទៅ​ទៀត​ លោក​ សុខ​ ឥសាន្ដ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​​ ក៏​បាន​សំណូមពរ​ដល់​យុវជន​ ជាពិសេស​ស្ត្រី​ ត្រូវ​ព្យាយាម​ខិតខំ​អភិវឌ្ឍន៏​សមត្ថភាព​ក្នុង​គោល​បំណង​លើក​កម្ពស់​កម្រិត​វប្បធម៌​របស់ខ្លួន​ដើម្បី​បំពេញ​ឱ្យ​បាន​គ្រប់​លក្ខណ​តាម​គោល​ការណ៍​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​លើក​កម្ពស់​ ឋាន:​តួនាទី​ស្រ្តី​ក្នុង​សកម្មភាព​សង្គម​ និង​នយោបាយ​។

លោក​បាន​និយាយ​ថា៖​ «ខ្ញុំ​សំណូមពរ​ឱ្យ​យុវជន​និង​ស្រ្តីនេះ​ ត្រូវ​ខិតខំ​ខ្លួន​ឯង​ដើម្បី​បំពេញ​លក្ខណសម្បត្តិ​ទាំង​ឡាយ​ដែល​មាន​លើក​នៅ​ក្នុង​គោលការណ៍​របស់​រាជរដ្ឋាភិបាល​តាមរយ:​ការ​សិក្សា​រៀន​សូត្រ​ លើក​កម្ពស់​កម្រិត​វប្បធម៌​ឱ្យ​ខ្ពស់​ ខិតខំ​ធ្វើ​ការងារ​ដើម្បី​យក​ពិសោធន៍​​​ឱ្យ​បាន​ជ្រាលជ្រៅ​នៅ​ក្នុង​សង្គម​ដើម្បី​បង្ក​លក្ខណ:​ឱ្យ​ការ​តែងតាំង​ តំឡើង​តួនាទី​វា​ស្រប​តាម​សំណូមពរ​ តម្រូវ​ការ​របស់​ជាតិ​និង​ប្រជាជន គឺ​យើង​យក​សមត្ថភាព​ យើង​យក​ស្នាដៃ​ យើង​យក​សកម្មភាព​ជាក់​ស្ដែង​ក្នុង​ការ​បម្រើ​ជាតិ​ និង​ប្រជាជន​​»៕