លោករដ្ឋា ជាសកម្មជនបរិស្ថានក្រុមមាតាធម្មជាតិ បានរៀបរាប់ទាំងទឹកមុខអង់អាច នៅតែបន្តសកម្មភាពការពារកោះកុងក្រៅដើម្បីឱ្យក្លាយជាតំបន់ធម្មជាតិរបស់សារធារណជន​ ទាមទារមិនឱ្យមានការអភិវឌ្ឍន៍ក្រោមក្រុមហ៊ុនឯកជនណាមួយដែលប៉ះពាល់ដល់សម្បត្តិសាធារណជន ដែលជាសម្បត្តិរបស់រដ្ឋ បើទោះបីជាមានការចាប់ខ្លួនពីអាជ្ញាធរក៏ដោយ។

លោកថា «សំណួរសួរថា ដកថយអត់ អត់ដកថយទេ នៅតែបន្តសកម្មភាពហ្នឹងអោយខ្លាំងក្លាទៅមុខទៀត។ យើងនៅតែបន្តសកម្មភាព ទោះបីជាមានការគំរាមកំហែងចាប់ដាក់ពន្ធធនាគារក៏ដោយ»។

លោកបាននិយាយថាកម្ពុជាមានកោះដ៏ស្រស់ស្អាតបែបធម្មជាតិ ដែលជាកន្លែងដែលប្រជាពលរដ្ឋខ្មែរអាចទៅលេងដើម្បីជំរុះចោលភាពស្មុគស្មាញពីការងារ។ នៅទីនោះ មានឆ្នេរ ទឹកជ្រោះ ព្រៃឈើ និងព្រែក គឺមានសពគ្រប់ទៅហើយមិនចាំបាច់ទៅរកកន្លែងណាផ្សេងទៀត ដូច្នេះគាត់ស្រលាញ់និងការពារ មិនឃើញឱ្យមានការអភិវឌ្ឍន៍ ដែលធ្វើបាត់បង់សម្រស់ធម្មជាតិ ប៉ុន្តែការអនុវត្តន៍នោះគ្រាន់តែបង្កើតជាបង្គន់ និងទីតាំងសម្រាប់បោះតង់ និងការអភិវឌ្ឍន៍ផ្សេងទៀតក្នុងការរក្សាបែបធម្មជាតិ។ កោះកុងក្រៅគួរតែដាក់ទៅជាឧទ្យានជាតិសមុទ្រ។

លោកថា «សម្រាប់កោះកុងក្រៅ មើលឃើញថាវាអត់គួរវិនិយោគទេ វាអត់គួរក្លាយទៅជាតំបន់អភិវឌ្ឍន៍បែបជ្រុលដូចនៅកោះរុង កោះសន្លឹមអីទេ កន្លែងនេះវាគួរតែក្លាយជាកន្លែងធម្មជាតិសុទ្ធសាធ គ្រាន់តែកែច្នៃតិចតួច ដូចជាមានបន្ទាប់ទឹក មានកន្លែងដែលអាចបោះតង់ ការកែច្នៃខ្លះដើម្បីទាក់ទាញមនុស្ស ជាកន្លែងបែបធម្មជាតិទាំងស្រុង ហើយគួរតែក្លាយទៅជាឧទ្យានជាតិសមុទ្រដែលការពារដោយច្បាប់»។

លោករដ្ឋា ជាសកម្មជនបរិស្ថាន (ខាងស្តាំ)

លោកថា «វាគឺមាននៅលើកោះកុងក្រៅទាំងអស់ដែលមាន ឆ្នេរផង មានទឺកជ្រោះ មានព្រៃឈើ មានព្រែក វាអាចថាអត់ចាំបាច់ទៅរកធម្មជាតិនៅកន្លែងណា មកទីនេះវាមានសព្វគ្រប់រួចរាល់ទៅហើយនៅកន្លែងនេះ ធនធានធម្មជាតិដ៏សម្បូរបែប»។

លោកបន្តថា កោះកុងក្រៅប្រឈមទៅនឹងការផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនឯកជនក្នុងការអភិវឌ្ឍន៍ដែលប៉ះពាលដល់តំបន់បែបធម្មជាតិនិងការនេសាទរបស់ប្រជាពលរដ្ឋ។ វាក្លាយទៅជាកម្មសិទ្ទិឯកជន ដែលមិនមែនជារបស់សាធារណជនតទូទៅទៀត។ កោះនេះគួរតែត្រូវបានគេការពារឱ្យនៅជាធម្មជាតិ ជារបស់សាធារណជនទូទៅអាចទៅលេងដើម្បីទម្លាក់។

«ក្រុមហ៊ុនលីយ៉ុងផាត់ ឈ្មោះសម្រាប់ការវិនិយោគអត់សូវល្អអីទេ គឺនៅកោះកុងនេះប្រជាពលរដ្ឋមានបញ្ហារឿងដីធ្លី បញ្ហាផ្សេងដូចជាការបូមខ្សាច់ដែលយើងចាំហ្នឹង ក៏មានក្រុមហ៊ុនលីយ៉ុងផាត់ដែលធ្វើអោយប៉ះពាល់ការរកស៊ីនេសាទរបស់ប្រជាពលរដ្ឋអីចឹងហើយយើងឃើញឈ្មោះលីយ៉ុងផាត់មានឈ្មោះមិនល្អ អីចឹងការដែលវិនិយោគចេញពីក្រុមហ៊ុនមិនល្អយើងបារម្មណ៍ថា វាសនារបស់កោះកុងក្រៅត្រូវបានវិនិយោគជ្រុល មិនមានការគិតគូរធនធានធម្មជាតិដែលសម្បូរបែបហ្នឹង អាចធ្វើឱ្យមានទឹកលូដូចនៅកំពង់សោមដែលធ្លាប់កើតមាន នៅកោះរុងដែលកំពុងតែកើតមានហ្នឹង ដែលឆ្នេរយើងកំពុងទៅលេងស្រស់ស្អាតមិនមានបញ្ហាទឹកស្អុយ វាក្លាយទៅជាឆ្នេរដែលមានទឹកស្អុយ។

«ខ្សាច់ដែលសរក្បូសក៏មានមេរោគជាដើម ហើយធនធានធម្មជាតិផ្សេងៗត្រូវបានបំផ្លាញដែលអត់បានគិតពី ដែលគេហៅថាការការពារ ឬនិរន្តភាពនៃកោះកុងក្រៅដល់កូនចៅជំនាន់ក្រោយ»។

លោកថា «កម្ពុជាជាប្រទេសដែលកំពុងមានការអភិវឌ្ឍន៍ អីចឹងយើងឃើញថា មានគ្រប់កន្លែង មានការអភិវឌ្ឍន៍​ គឺតែងតែមកប៉ះមកដល់ធម្មជាតិហើយ»។

លោកថា «បើនិយាយពីច្បាប់យើងវិញ តំបន់ដីកោះសមុទ្រអីហ្នឹងគឺអាចថាមិនអាចក្លាយទៅជាកម្មសិទ្ធិនៃឯកជនបានទេ វាជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ​អីចឹងសូម្បីប្រជាជនភូមិអាឡាតាន់រស់នៅក្បែកោះកុងក្រៅនេះមួយភូមិហ្នឹងក៏ពូកគាត់ប្រឈមនឹងការបណ្តេញចេញដែរ ការរស់នៅរបស់គាត់នៅក្នុងច្បាប់អាចថា អត់ការពារបានទេរ ដោយសារតែដីដែលពួកគាត់រស់នៅអត់ស្របទៅនឹងច្បាប់ការដែលអាចថាដីមិនឯកជនបានទេ ពួកគាត់ក៏យល់ពីសាច់រឿងទាំងអស់ហ្នឹងដែរ ពួកគាត់រស់នៅប្រកបការនេសាទ ដែលពួកយើងជជែកជាមួយពួកគាត់ បើសិនជាគេដេញពួកគាត់ចាកចេញពីតំបន់ហ្នឹងទៅ»។

លោកបន្តថា «ធនធានធម្មជាតិដែលកម្រនេះគឺ ជាផ្នែកមួយដើម្បីជួយទៅដល់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា ហើយជាពិសេសហ្នឹងជួយឱ្យប្រជាជនកម្ពុជាហ្នឹងអាចមានកន្លែងលំហែ សម្រាក ក្រោយពីពួកគាត់បានបំពេញការងារយ៉ាងហត់នឿយជាប្រចាំថ្ងៃរបស់ពួកគាត់»។

លោកបានន្ថែមទៀតថា ប្រជាជនអាចទៅលេងដោយចំណាយតិច បើមិនទាន់មានការអភិវឌ្ឍន៍នៅតំបន់បែបធម្មជាតិ ព្រោះនៅពេលដែលមានការអភិវឌ្ឍន៍ពួកគេត្រូវចំណាយច្រើនដូចជាការចំណាយការស្នាក់នៅ លោកសូមឱ្យអភិវឌ្ឍន៍តែបែបធម្មជាតិ។

លោកថា «អ្វីដែលយើងបារម្មណ៍ជាងគេនោះ ឆ្នេរទាំងអស់លែងក្លាយទៅជាកន្លែងសម្រាប់ទីសាធារជនទូទៅអាចទៅលេងបានដូចបច្ចប្បន្ន ព្រោះនៅពេលណាដែលមានការវិនិយោគនៅលើឆ្នេរហ្នឹង ខ្ញុំចាំបានថា នៅកោះរុងសន្លឹម ឬឆ្នេរដែលធ្លាប់ទៅលេងបត្រូវបានគេគិតថ្លៃ ហើយត្រូវការគិតថ្លៃដើម្បីដេក ដើម្បីទៅលេងឆ្នេរហ្នឹងបាន ហើយជាពិសេសប្រជាពលរដ្ឋខ្មែរភាគតិចណាស់ដែលមានលទ្ធភាពដើរលេងតាមកោះ ហើយត្រូវបង់លុយថ្លៃ ប៉ុន្តែសម្រាប់កោះកុងក្រៅគឺយើងអាចចំណាយលុយអស់ជិត១០០អីយើងអាចមកដល់ អត់ដូចកន្លែងផ្សេងអស់ឡើងរាប់រយគ្រាន់តែទៅមានកន្លែងគេង អាហ្នឹងយើងអត់គិតពីថ្លៃចំណាយលើការធ្វើដំណើរ ថ្លៃម្ហូបអី គ្រាន់សម្រាប់ការស្នាក់នៅគឺអស់រាប់រយទៅហើយ តើប្រជាពលរដ្ឋខ្មែរមានលទ្ទភាព»។

លោកថា «ឯកឧត្តម ណេត ភាគត្រាលើកឡើងទាក់ទងការស្រាវជ្រាវនេះ នៃគម្រោងនេះ លឺហើយគេគ្រោងនឹងដាក់ អាចសិក្សាចប់​ អាចដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រនៅចុងឆ្នាំ២០២១ ប៉ុន្តែរហូតមកដល់ចុងឆ្នាំ២០២២នេហើយក៏នៅមិនទាន់មានព័ត៌មានណាមួយធ្វើបច្ចប្បន្នភាព»។ កោះកុងក្រៅក៏នៅមិនទាន់ដាក់ជាឧទ្យានសមុទ្រ ហើយក៏មិនមានការលើកឡើងពីហេតុផលដែលអាចទទួលយកបាន ស្ងាត់ឈឹងមិនមានការហេតុអ្វីបានជារហូតដល់ចុងឆ្នាំ២០២២នេះ»។

កោះកុងក្រៅប្រឈមនឹងការបំផ្លិចបំផ្លាញដោយការអភវិវឌ្ឍន៍ក្រមការប្រគល់ទៅក្រុមហ៊ុនឯកជនដែលបាត់បងភាពជាកម្មសិទ្ធិសាធារណ ហើយធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ។

​កញ្ញាមាន លីសា ជានិស្សតិសិក្សាជំនាញច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយជាសកម្មជនបរិដ្ឋានបាននិយាយទាំងទឹកមុខយ៉ាងមុតមាំដូចគ្នាក្នុងការពារសម្បត្តិធម្មជាតិកោះកុងក្រៅ ទោះបីជាមានការចាប់ខ្លួនក៏កញ្ញានៅតែបន្តសកម្មភាពនេះ។

កញ្ញានិយាយថា «អាជ្ញាធរមានការកំរាមកំហែងមកដល់យើង យើងដឹងហើយថាសង្គមមួយវាមិនទាន់មានឯករាជ្យពិតប្រាកដក្នុងការអនុវត្តន៍ច្បាប់ ចឹងវាប៉ះពាល់ បើយើងនិយាយអ្វីដែលជាការពិត សកម្មភាពអីជីករកតម្លាភាពហ្នឹង»។

កញ្ញានិយាយថា «សកម្មភាពហ្នឹងខ្ញុំនៅតែបន្ត ខ្ញុំស្រលាញ់សម្បត្តិរបស់ខ្ញុំ ក៏ដូចជាសម្បត្តិរបស់បងប្អូនខ្មែរទាំងអស់ក្នុងប្រទេស និងក្រៅប្រទេសដែរ ចឹងខ្ញុំគិតថា ខ្ញុំនៅតែបន្តទោះបីជាប្រឈមបណ្ណា ព្រោះវាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាយុវជន និងយុវជនផ្សេងទៀតសម្រាប់ការពារសម្បត្តិសាធារណរបស់រដ្ឋ ហើយយើងតែងតែទាមទាកោះកុងក្រៅដាក់ជាឧទ្យានជាតិសមុទ្រដែលមានការរៀបចំកោះកុងក្រៅហ្នឹងឱ្យសមនឹងតម្លៃរបស់វា»។

កញ្ញាមាន លីសា (ខាងស្តាំ)

កញ្ញាក៏បន្តទៀតថា កោះកុងក្រៅគួរតែការពារ និងអភិវឌ្ឍន៍អោយបានសាកសមតម្លៃរបស់តំបន់នេះ ត្រូវតែដាក់ជាឧទ្យានជាតិសមុទ្រ ដែលពួកយើងធ្វើកម្មភាពនេះដើម្បីការពារសម្បត្តិ និងប្រយោជន៍សាធារណ មិនមែនជាប់និន្នាការនយោបាយ ទទួលប្រាក់ពីបរទេសអីជាដើម។ ក្រសួងស្ថាប័ន ឬអ្នកពាក់ព័ន្ធគួរតែផ្តល់នូវព័ត៌មានពីកោះកុងក្រៅ ដែលជាតួនាទីរបស់ខ្លួនឆ្លើយតបទៅកាន់ប្រជាពលរដ្ឋ។

កញ្ញាក៏បាននិយាយថា «យើងអត់គិតចឹងទេ យើងអត់មានទំនោរនិន្នាការបែបហ្នឹងទេ យើងធ្វើការដើម្បីប្រយោជន៍ប្រជាពលរដ្ឋ យើងព្យាយាមឱ្យរដ្ឋនៃការស្នើសុំនៃព័ត៌មានហ្នឹង មិនថាព័ត៌មានកោះកុងក្រៅឬក៏បញ្ហាផ្សេងទេ គឺរដ្ឋមានតួនាទី និងទំនួលខុសត្រូវនិងបញ្ចេញព័ត៌មានហ្នឹងមក។ ឱ្យរដ្ឋដឹងតួនាទីរបស់ខ្លួនឯងផង កុំមកចោទពួកយើង ពួកយើងក្មេងៗ មិនដឹងថាក្បត់ជាតិក្បត់អី យើងលក់ទ្រព្យពីបរទេស យើងអីគេ យើងទទួលប្រាក់ពីបរទេស យើងអត់មានអីទេ សូមបីតែយើងមកកោះកុងក្រៅហ្នឹងក៏យើងត្រូវការស្នើសុំពី អ្នកពាក់ព័ន្ធ ទំរាំបានលុយ អង្គការសង្គមស៊ីវិល រហូតខ្លះលុយយើងស្នើសុំពីបងប្អូនដែលស្រលាញ់កោះកុងក្រៅហ្នឹងទៀត»។

លោកធី ថន មានអាយុ ២០ឆ្នាំ និស្សិត​ផ្នែកវិស្វកម្ម​ជីវសាស្រ្ត​នៅសាលា​ភូមិន្ទ​ភ្នំពេញ ក៏ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ក៏បានលើកឡើងផងដែរថា បើផ្តល់សិទ្ធិអភិវឌ្ឍនជារបស់ឯកជន គឺប្រជាជនមិនអាចត្រូវគេឱ្យមកលេងបាន អាចនឹងមានតម្លៃថ្លៃ មិនអាចនិយាយហាមឃាត់សកម្មភាពរបស់ពួកគេដែលសកម្មភាពទាំងនោះប៉ះពាល់ដល់ធនធានធម្មជាតិ។

លោកធី ថន (ខាងស្តាំ)

លោកនិយាយថា «កាលណាដែលយើងបានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រទៅគឺជារបស់រដ្ឋហើយ កាលណាជារបស់ប្រជាជនអាចមកលេង ក៏មិនមានការកាប់បំផ្លាញ យ៉ាងណាមិញហេតុអ្វីយើងមិនចង់ឱ្យទៅដល់កណ្ដាប់ដៃឯកជនគាត់ប្រើប្រាស់ ដោយសារតែនៅលើដៃក្រុមហ៊ុនឯកជនគឺយើងបានប្រគល់ឱ្យគេហើយ អ៊ីចឹងគឺយើងគ្មានសិទ្ធហាមឃាត់លោកឯងកុំកាប់ព្រៃឈើ កុំសាងសង់អាគារខ្ពស់ៗនៅលើទឹកនិងបាត់បង់ជីវចំរុះ បើយើងសម្បទាន​ឱ្យគេគឺគេអភិវឌ្ឍន៍ហើយ មួយវិញទៀតបើក្រុមហ៊ុនឯកជនគាត់អភិវឌ្ឍន៍ លក្ខណអាចប្រជាជនយើងមិនស្គាល់កោះកុងក្រៅទេ ឬក៏គាត់អភិវឌ្ឍន៍ជាវិស័យទេសចរគឺវាមានតម្លៃថ្លៃ ទាំងសេវាកម្ម ទាល់មានលុយច្រើនទើបអាចស្គាល់ទីនេះអ៊ីចឹង»។

លោកនេត្រ​ ភត្រ្តា ជាអ្នកនាំពាក្យក្រសួងបរិស្ថានបាននិយាយថា សិទ្ធិរបស់សកម្មជនបរិដ្ឋានដែលបានទាមទារឱ្យដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ដែលពួកគេបានទាមទារអោយខាងក្រសួងឆ្លើយតបទៅនឹងសកម្មភាពរបស់ពួកគេ ខាងមន្ត្រីនៅក្នុងក្រសួងនេះនៅតែបន្តធ្វើកិច្ចការតាមបច្ចេកទេសរបស់ខ្លួន។

លោកថា«សិទ្ធរបស់ពួកគាត់ក្នុងការលើកឡើង មន្ត្រីរបស់យើងបន្តធ្វើកិច្ចការតាមបច្ចេកទេស»៕