ក្រសួងធនធានទឹកនៅថ្ងៃអង្គារនេះ ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅតែបន្តចុះត្រជាក់ ចាប់ពីថ្ងៃទី២១ ដល់២៧ ខែធ្នូ និងអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពធាតុអាកាសដែលនៅបន្តចុះត្រជាក់។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យបីតំបន់មានការប្រែប្រួល ដែលរួមមានតំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី១៨-២០ អង្សាសេ ហើយសីតុណ្ហភាពអតិបរមាមានពី ២៩-៣១ អង្សាសេ នឹងអាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។
ក្រសួងបន្តថា ចំពោះនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាមានពី១៦-១៨ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៨-៣០ អង្សាសេ ហើយអាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។ក្នុងនោះមានខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្ដរមានជ័យ សីតុណ្ហភាពអប្បបរមាមានក្នុងរង្វង់១៧-១៨ អង្សាសេ។ ឯនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី១៩-២១ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣១ អង្សាសេ ហើយអាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម។
ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នតាមន័យដើមថា៖ «សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពអាកាសធាតុដែលនៅបន្តចុះត្រជាក់។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងអំពីអាកាសធាតុនៅកម្ពុជាចាប់ផ្តើមចុះត្រជាក់ជាបន្តបន្ទាប់ តាំងពីដើមខែធ្នូមកម្ល៉េះ៕