ក្រសួងធនធានទឹក​នៅ​ថ្ងៃ​អង្គារ​នេះ​ ជូនដំណឹង​ពី​ស្ថានភាពធាតុអាកាសនៅតែបន្តចុះត្រជាក់ ចាប់ពីថ្ងៃទី២១ ដល់២៧ ខែធ្នូ និង​​អំពាវនាវ​​ឱ្យប្រជា​ពលរដ្ឋ​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​ចំពោះ​ស្ថានភាព​ធាតុ​អាកាស​ដែលនៅ​បន្ត​ចុះត្រជាក់​។

បើតាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុ​និយម​​ចេញ​​នៅថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា ប្រទេស​កម្ពុជា​បន្ត​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​នៃ​សម្ពាធ​ខ្ពស់ (ចិន) និងខ្យល់​មូសុង​ឦសាន​ក្នុង​កម្រិត​មធ្យម​ ដែលស្ថានភាព​បែបនេះ​នឹង​ធ្វើឱ្យ​បី​តំបន់​មានការ​ប្រែប្រួល​ ដែល​រួមមាន​​តំបន់​​ទំនាប​​កណ្ដាល​ មាន​សីតុណ្ហភាព​អប្ប​បរមា​​ពី​១៨-២០ អង្សាសេ ហើយ​សីតុណ្ហភាព​អតិ​បរមា​មានពី ២៩-៣១ អង្សាសេ នឹង​អាកាស​ធាតុចុះ​ត្រជាក់​ក្នុង​កម្រិត​បង្គួរ​។

ក្រសួង​បន្ត​ថា ចំពោះ​នៅ​តំបន់​ខ្ពង់រាប​ សីតុណ្ហភាព​អប្ប​បរមា​មានពី១៦-១៨ អង្សាសេ និង​សីតុណ្ហភាព​អតិ​បរមា​មានពី​ ២៨-៣០ អង្សាសេ ហើយអាកាស​ធាតុ​ចុះត្រជាក់​ក្នុង​កម្រិត​បង្គួរ​។ក្នុងនោះមានខេត្តមណ្ឌល​គិរី​ រតន​គិរី​ ព្រះ​វិហារ​ និង​ខេត្តឧត្ដរ​មានជ័យ​ សីតុណ្ហភាព​អប្ប​បរមា​មានក្នុងរង្វង់១៧-១៨ អង្សាសេ។ ឯនៅតំបន់​មាត់សមុទ្រ​ សីតុណ្ហភាព​អប្ប​បរមា​មានពី១៩-២១ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣១ អង្សាសេ ហើយ​អាកាស​ធាតុចុះត្រជាក់​ក្នុង​កម្រិត​មធ្យម​។

ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ ក្រសួង​ធនធាន​ទឹកបាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​តាម​ន័យ​ដើម​ថា៖ «សូមសាធារណជន​ទទួល​ជ្រាបជាព័ត៌មាន និង​យកចិត្ត​ទុក​ដាក់​ថែរក្សា​សុខភាព​ចំពោះ​ស្ថានភាព​អាកាស​ធាតុ​ដែល​នៅ​បន្ត​ចុះ​ត្រជាក់។

គួរ​បញ្ជាក់​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូន​ដំណឹង​អំពី​អាកាស​ធាតុ​នៅ​កម្ពុជា​ចាប់​ផ្តើម​ចុះ​ត្រជាក់​ជាបន្ត​បន្ទាប់ ​តាំង​ពី​ដើម​ខែ​ធ្នូ​មកម្ល៉េះ៕