កំពុង​អង្គុយ​​នៅ​ក្រោម​ផ្ទះប្រក់​ពី​​​ស័ង្កសីពណ៌​សលាយ​ច្រែះ​​ពណ៌​​ក្រហម​  ​អ្នក​ស្រី​ រឿន​ ស៊ីណេត​ អាយុ ​៣០​ឆ្នាំ  ជា​កសិករ​ធ្វើ​ស្រែវស្សារស់នៅ​ភូមិ​អង់ ឃុំ​តាពូង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង ប្រាប់​​​ Newsroom Cambodia​ ថា​ អ្នកស្រី​មាន​ដី​៥​ហិចតា​សម្រាប់​ធ្វើ​ស្រែ ប៉ុន្តែ​​ធ្វើ​បាន​តែ​ស្រូវ​វស្សា​ប៉ុណ្ណោះ។ អ្នកស្រី​ថា​​​ សម្រាប់​ឆ្នាំនេះ ​ស្រូវ​របស់​អ្នកស្រី​ត្រូវ​បាន​​លិច​ទឹក​អស់​​ ដោយ​សារ​​​ទឹក​ភ្លៀង​​ និង​ទឹក​ជំនន់​​​។

អ្នក​ស្រី​​​បន្តថា​៖ «និយាយ​រួម​គឺ​លិច​បី​ដងហើយ​​ បើនិយាយ​ពី​ស្រូវ​ដែល​លិច​នោះ​គឺ​នៅ​សល់​តែ​មួយ​ដើមៗ​ ហើយ​ឆ្នាំ​មុនៗ​ក៏​លិច​អ៊ីចឹង​ដែរ​ រយៈ​ពេល​២ ​ទៅ​៣​ឆ្នាំ​ហើយ​ តែ​ទទួល​បាន​ស្រូវ​ខ្លះ​គឺ​ ២៧​បាវ​ បើ​ឆ្នាំ​នេះ​បាន​មិន​ដល់​១០​បាវ​ទេ​ ព្រោះ​ស្រូវ​ទុំ​ដួល​ទៅ​នឹង​ទឹក​ទៀត​ ហើយ​មក​ទល់​ពេល​នេះ​ទឹក​មិន​ទាន់​ស្រក​ទេ​»។

អ្នកស្រី​បាន​ប្រាប់​ពី​ផល​លំបាក​ដោយ​សារ​ការ​ធ្វើ​ស្រែមិនបាន​ផល​ថា៖ «ខ្ញុំ​ត្រូវជំពាក់​ថ្លៃ​ជី​គេ​ ថ្លៃ​ថ្នាំ​គេ​ ហើយ​បញ្ហា​ដែល​ធំ​គឺ​យើង​អត់​អង្ករ​ហូប​ ពេល​អត់​អង្ករហូប​អ៊ីចឹង​ គឺ​​ត្រូវទៅ​​ទិញ​អង្ករ​គេនៅ​ផ្សារ​ហូប​​ និយាយ​រួម​​យើង​អត់មាន​ពូជ​ស្រូវ​សម្រាប់​ធ្វើ​ស្រែ​បន្តទៀត​ទេ​ និយាយ​ទៅ​​គឺ​ត្រូវ​ចំណាយ​ទិញ​គេបន្ត​​ទៀត»។​

អ្នកស្រី ស៊ីណេត​ បន្ថែម​ថា អ្នកស្រី​​បាន​សាក​ធ្វើ​ស្រែប្រាំង ប៉ុន្តែ​មិនបាន​ផល​ដោយសារ​មិនមាន​ទឹក។  អ្នកស្រី​ថា ដោយសារតែដីធ្វើដំណាំអ្វីផ្សេងមិនកើត ក្រៅពីធ្វើស្រែ អ្នកស្រី​ក៏​បាន​ចាប់​យក​អាជីព​មួយ​ទៀត​គឺ​ប្រវាស់គោ និងស៊ីឈ្នួលមើលគោឱ្យគេ​។

អ្នកស្រី​និយាយទាំងសើចស្ងួត​​ថា៖ «ឆ្នាំនេះសូម្បីតែចំបើងក៏គ្មាន សម្រាប់ទុកយកឱ្យគោស៊ីដែរ ហើយចំបើងមុខផ្ទះនេះគឺទៅសុំនៅស្រែគេទេ»។​

អ្នកស្រី រឿន សុីណេត (រូបថត៖ កញ្ញា មាស ដា)

​មិនមែន​តែអ្នកស្រី​​ស៊ីណេត​ទេ​ដែល​ប្រឈម​នឹង​ការ​ធ្វើ​ស្រែមិនបាន​ផល ហើយ​​ចាប់​ផ្តើម​បង្កើត​របរ​ផ្សេងៗ​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​ជីវភាព ប៉ុន្តែ​ប្រជាកសិករ​មួយចំនួន​ទៀត​ក្នុង​ស្រុក​ថ្មគោល ខេត្ត​បាត់​ដំបង​ ក៏​បាន​ងាកមកចាប់អាជីពបន្ថែម​ ខណៈកសិករ​​​ខ្លះ​ទៀត​នៅ​តែ​បន្ត​ធ្វើ​ស្រែដដែលបើទោះបី​ត្រូវ​ប្រឈម​នឹង​បញ្ហា​​ទីផ្សារ និង​ទិន្នផល​ទាប​ក្តី​ ដោយសារតែគ្មានលទ្ធភាព ហើយ​ដី​រប​ស់​ពួកគាត់​​មិន​អំណោយ​ផលក្នុង​ការដាំដុះដំណាំផ្សេងៗទៀតផងនោះ។

​កំពុង​អង្គុយ​ដកស្មៅ​ក្នុង​រោង​ជីររណា​ អ្នក​ស្រី​ យាន យឹម​ អាយុ​៤១​ឆ្នាំ​ រស់​នៅ​ភូមិ​សំរោង ឃុំ​​តាម៉ឺន​ ស្រុក​ថ្មគោល​ ខេត្ត​បាត់​ដំបង ដែល​ជា​កសិករ​ធ្លាប់​តែ​ធ្វើ​ស្រែ​តែ​មួយ​មុខ​​ បាន​ប្រាប់​ Newsroom Cambodia ថា ​ការ​ធ្វើ​ស្រែ​គឺ​ពិបាក​រក​ទីផ្សារ​ ហើយ​ត្រូវ​ចំណាយ​អស់​ច្រើន​ ហើយ​លក់បាន​តម្លៃ​ថោក ដូច្នេះ​​អ្នកស្រី​ និង​គ្រួសារ​សម្រេច​ចិត្ត​ប្រកប​របរ​ដាំ​ជីរ​រ​ណារ​មួយ​មុខ​ទៀត​។

អ្នក​ស្រី​បាន​​អះអាង​ថា៖ «​ដាំ​ជីរ​បើ​ដាំ​កើត​ វា​បាន​ផល​ជាង​ធ្វើ​ស្រែ​ ហើយវា​ងាយ​ស្រួល​ជាង​ធ្វើ​ស្រែ​ហើយ​សម្រាប់​ការ​ប្រមូលផល​វិញ​គឺ​​ត្រូវ​ការ​ជួល​គេ​មក​ជួយ​កាត់​ ដោយ​គិត​ជា​ថង់​ ក្នុង​មួយ​ថង់​​១០​​គីឡូ​ឱ្យ​គេ​តម្លៃ​​៥,០០០​រៀល​ ហើយ​មាន​ឈ្មួញ​គេ​មក​ទិញ​ដល់​ផ្ទះ​ក្នុង​ភូមិ​ ដោយ​ក្នុង​មួយ​ថង់​មាន​១០​គីឡូ ​បាន​តម្លៃ ​២០,០០០រៀល​​»។

អ្នកស្រី​បាន​បន្ត​ថា​ តម្លៃ​ជីរ​ដែល​លក់បាន​ថ្លៃ​បំផុត​ មួយ​ថង់​ ៣៥,០០០រៀល​ ទៅ​ ៤០,០០០រៀល​ ហើយ​ថោក​បំផុត​គឺ​ ១០,០០០ ទៅ​៦,០០០រៀល និងជួន​កាល​ដល់​​ ១,០០០រៀល​ ប៉ុន្តែ​នៅ​តែ​មាន​គេ​ទិញ​រហូត​ស្រួល​រក​ទីផ្សារ​ជាង​ស្រូវ​។​

អ្នក​ស្រី​ បាន​លើក​ឡើង​ថា​ ៖ «ខ្ញុំដាក់​ស្រូវ​បាន​តែ​ម្ដង អត់​សូវ​បាន​កាត់​លក់​ដូច​ជីរទេ​ ហើយ​ស្រូវ​វា​ថោក​ពេក​ ហើយ​ដីដាំ​ជីរ​នេះ​គឺ ខ្ញុំ​កាយ​ដី​ស្រែយក​​មក​ដាំ»។

អ្នក​ស្រី​ បាន​បន្ត​ទៀត​ថា​ ៖«ខ្ញុំ​ចាប់​ផ្ដើម​ដាំ​ជីរ​នេះ​ បាន​៣​ទៅ​៤​ឆ្នាំ​ហើយ ហើយ​ការ​ដាំ​ជីរ​នេះ​គឺ​ មិន​មាន​ខាង​អាជ្ញាធរ​មក​បណ្ដុះ​បណ្ដាលណែនាំ​ទេ​ គឺ​អ្នក​ភូមិ​ដាំ​តាម​គ្នា​ ដោយ​សារ​តែ​មាន​គេ​ទិញ​»។​  ​

អ្នក​ស្រី​ ឆែម​ សម្បត្តិ​ អាយុ​៦០​ឆ្នាំ​ ជា​ស្រ្តី​មេម៉ាយ រស់នៅ​ភូមិ​ក្រសាំង​ ឃុំ​​តាម៉ឺន​ ស្រុក​​ថ្មគោល​ ខេត្ត​បាត់ដំបង​ អ្នកស្រី​បាន​ប្តូរ​មក​ដាំ​ជីររណា​វិញ​ ដោយសារ​​មាន​​ភាពងាយ​ស្រួល​ជាង​ធ្វើ​ស្រែ និង​ទទួល​បាន​ការ​ប្រមូល​ផល​បាន​ច្រើន​ដង​។ ទោះយ៉ាងណា​​​អ្នក​ស្រី​ថា អ្នកស្រី​មិន​ដឹង​ថា​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​នឹង​​យ៉ាង​ម៉េច​​​នោះ​ទេ​​។

អ្នកស្រី​ បាន​ប្រាប់ថា៖​ «កាល​ពី​មុន​ខ្ញុំ​​ធ្លាប់​មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ដែរ​ តែ​ត្រូវ​បាន​លក់​ព្រោះ​តែធ្វើ​ស្រូវ​មិនបាន​ផល ព្រោះ​លិច​ទឹក​រាល់​ឆ្នាំ​ធ្វើ​មិនកើត​​ ហើយ​គាប់​ជួន​ពេលនោះប្តី និង​​កូន​ខ្ញុំ​ឈឺទៀត គ្មាន​លុយ​ គ្មាន​កាក់​​ទើប​ខ្ញុំ​ សម្រេច​ចិត្ត​លក់​ដី​ស្រែនោះ​ ហើយ​​មក​ប្រកប​របរ​ដាំ​ជីរ​រណា​មកដល់​សព្វ​ថ្ងៃ​»។​

លោក ឆាំ ឆប មានវ័យ ៧២  ឆ្នាំ ដែលរស់នៅភូមិ អង់ ឃុំ តាម៉ឺន ស្រុក ថ្មគោល ខេត្ដបាត់ដំបង និយាយ​ថា​ ក្នុងមួយឆ្នាំ​លោក​ចំណាយដី៣ហិចតា​សម្រាប់​ធ្វើ​ស្រូវ៥១ ៥៤ ឬស្រូវក្រអូប។

កំពុង​តែ​នៅ​ហាល​ថ្ងៃ​ដើម្បី​ឈរ​ហាល​ស្រូវ​នៅ​មុខ​ផ្ទះ បុរស​សម្បុរ​ស្រអែម​រូប​នេះ​និយាយ​​ថា៖ «នៅពេលយើង​មិន​សូវ​មានកម្លាំងអ៊ីចឹង គឺ​ត្រូវ​ការចំណាយថ្លៃ​ភ្ជួររាស់អ៊ីចឹងទៅឱ្យ​គេ​វ៉ៃ​ដីឱ្យក្នុង​តម្លៃ​២​ពាន់ជាងក្នុងមួ​យហិចតា ហើយនៅពេលប្រមូលមកយើងទូទាត់កត់ត្រាវាទុកទៅ វាអស់​ច្រើន​វា​មិន​បាន​រួច​ខ្លួន​ប៉ុន្មាន​ទេ»។

លោកបន្តថា៖​ «ឆ្នាំមុនមួយហិចតាបាន៤តោនជាង បើធ្វើកើតទៅបាន៥តោន ហើយក្នុង១​ហិចតាជីដាក់ ៣ដង ក្នុង​១​ដង​ដាក់៣ការ៉ុងក៏​នៅមិនកើតទៀត នៅដង្កូវស៊ី បាញ់ថ្នាំខ្យង បាញ់ថ្នាំដង្កូវ បាញ់​ថ្នាំ​ពន្លូត​វា​ពេល​​លិច​ទឹកផងអីផង ច្រើនណាស់លំបាកណាស់ ក្ដាមកាត់អី​ទៀត​ ទៅបាញ់ថ្នាំក្ដាមទៀត​ ហើយ​បើ​យើង​មិន​ធ្វើ មិនដឹងធ្វើអី ហើយ​ពេល​ធ្វើ​ស្រែបា​ន​ក៏​វា​មិន​មាន​ហាង​ឆេង​ដែល​គេ​ទទួល​ខុស​ត្រូវ​ក្នុង​ទីផ្សារ​ទៀត»។

លោកបន្ថែម​​ថា ពី​មុនធ្លាប់មានមេភូមិ មេឃុំគេជ្រើសរើសឱ្យ​ជា​ពូជ​ស្រូវ​មក​ធ្វើ​ដែរតែប្រជា​ជន​នៅតែជួប​បញ្ហា​​​ដដែល​។​

លោក​ ឆាំ ឆប បាន​បន្ថែម​ដោយ​​​អំពាវនាវ​ថា​៖ «ខ្ញុំ​សុំ​ឱ្យ​មាន​ទីផ្សារ​ក្នុង​ការ​លក់​ស្រូវ​ឱ្យ​បាន​ច្រើន​ជាង​មុន​​ ដើម្បី​ឱ្យ​ងាយ​ស្រួល​ក្នុង​ការ​លក់​ចេញ​ស្រូវ​ក្រោយ​ពី​ច្រូត​កាត់រួច កុំ​ឱ្យ​មាន​ស្រូវហើយ​ពិបាក​រក​ទីផ្សារ​លក់​ទៀត​»។​

អ្នកស្រី ហួយ គីមហុង មានអាយុ៤៤ឆ្នាំ រស់​នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្ដ​បាត់​ដំបង​លើកឡើថា អ្នកស្រី​មាន​ដី​ស្រែចំនួន៥​ហិចតា ដែល​ធ្វើស្រូវវស្សាចាប់ពីខែ៦មក ទើប​ច្រូត​នៅ​ខែ​១២​នេះ​ ហើយនៅ​ពេល​ប្រមូល​ផលនេះ ២ហិចតាបានស្រូវ ៥០បាវ ហើយឆ្នាំដែល​ស្រូវ​កើតបាន ១​ ហិចតា បាន​៤០បាវ តែឆ្នាំនេះវាលិចទឹកដោយសារមានភ្លៀងកាលពីភ្ជុំ និងទឹកធ្លាក់មកពីថៃ។

អ្នកស្រីបន្ដទាំង​កំពុង​​ហាល​ស្រូវដែល​លិច​ទឹក​​នៅ​ក្បែរ​ផ្លូវ​ជិត​ផ្ទះ​របស់អ្នកស្រី​ថា៖ «ដីស្រែ​ខ្ញុំមិ​ន​អាច​ដាំអី​បាន​ទេ គឺ​ធ្វើបានតែស្រែនេះ​ឯង​ តែ​លិចទឹកអស់ហើយ ហើយ​នៅពេ​លយើ​ងលិច​អ៊ីចឹង ហើយ​ក៏​មាន​គេចុះមកឱ្យជាទឹកប្រាក់ និង​ជា​ស្រូវពូជដែរ​នៅ​ពេល​ដែល​ស្រូវយើងលិចទឹក»។

កសិករ​ដែល​ផ្តល់​សម្ភាសន៍​ដល់ Newsroom Cambodia បញ្ជាក់ថា ​តម្លៃ​ស្រូវ​ដែល​គាត់​ទទួល​បាន​ពី​ការ​ធ្វើ​ស្រែ​គឺ​នៅ​តែ​ តម្លៃ​ទាប​ដដែរ​ពី​ ៧ទៅ​៨​រយរៀលក្នុង​មួយគីឡូ​ប៉ុណ្ណោះ។ ពួកគេ​បន្ថែម​ថា​ ​សម្រាប់​តម្លៃ​នេះ​បើ​គិត​ថ្លៃ​ចំណាយ​លើ​ការ​ដាំ​ដុះ​ និង​ការប្រមូល​ផល​វិញ​ស្ទើ​តែ​មិន​បាន​រួច​ខ្លួន​នោះ​ទេ​។

ជារឿយៗ គេ​តែង​ឃើញ​ប្រជាកសិករ​ធ្វើ​ស្រែ​​ចំការ ក៏​ដូចជា​អ្នក​ដាំដំណាំកសិកម្ម ដូចជា​បន្លែ​​ផ្សេងៗ តែង​រអ៊ូរទាំ​អំពី​បញ្ហា​​ទិន្នផល​ទាប និង​កង្វះ​ទី​ផ្សារស្ទើរ​រាល់​ឆ្នាំ។ ឆ្នាំ​ខ្លះ​ពួកគាត់​ថត​រូប​ចាក់​ស្រូវ​ចោល​តាម​ដង​ផ្លូវ និង​ឆ្នាំ​ខ្លះ​ទៀត​មាន​អ្នក​ថត​រូប​ និង​វីដេអូ​នៃ​កា​ឈូស​ឆាយ​បន្លែ​របស់​ពួកគាត់​ចោល ដោយ​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​សារ​​ទទួល​បាន​តម្លៃ​ទាប​ខ្លាំង​ជាដើម។​

កាលពីឆ្នាំ២០១៦ ប្រជាកសិករដែលរស់នៅខេត្ដបាត់ដំបង បានប្រមូល​ផ្ដុំគ្នា​ចាក់​ស្រូវ​នៅ​លើផ្លូវ​ដើម្បី​​តវ៉ា​ពី​​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ និង​គ្មាន​ទីផ្សារ​សម្រាប់​ការលក់​ចេញ ឬក៏តម្លៃស្រូវមានតម្លៃថោក ដោយ​នៅ​ពេល​នោះ​តម្លៃ​ស្រូវ ដែលលក់បានត្រឹមតែ៥ទៅ៦រយតែប៉ុណ្ណោះក្នុងមួយគីឡូ ដែលធ្វើឱ្យ​ពួកគាត់ខា​តបង់​ប្រាក់ចំណេញ ឬមិនអាចរួចថ្លៃចំណាយទៅលើសម្ភារៈផ្សេងៗ។​

កញ្ញា​ អ៊ឹម​ រចនា​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បាន​ប្រាប់​ Newsroom Cambodia ថា​ ការដែលកសិករ​ចាប់យកមុខរបរដាំបន្លែ​បន្ថែម​ គឺ​ជា​ការ​ល្អ​ ដែល​កសិករ​មានគំនិតច្នៃប្រឌិតបន្ថែម ក្រៅពីការដាំស្រូវតែមួយមុខដែលអាចបង្កើនប្រាក់ចំណូល ហើយស្រប​ទៅ​នឹង​គោល​នយោបាយ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការធ្វើពិពិធកម្មដំណាំ។

កញ្ញា​បញ្ជាក់​ថា​៖ «ចំពោះ​ការដាំ​ដុះ​បន្លែ​ កន្លង​មក​អគ្គនាយកដ្ឋាន​កសិកម្ម​ មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ សហការជា​មួយ​គម្រោងផ្សេងនា​នា បានចង​ក្រង​ជា​ក្រុម​ ឬ​ជា​សហគមន៍​កសិកម្ម​ប្រមូល​ផ្តុំ​ផលិត​កម្មបន្លែ​​ដើម្បី​បង្កើនអំណាចក្នុង​ការចរចា​ថ្លៃ​ និង​ងាយស្រួលផ្តល់​សេវា​ផ្សព្វផ្សាយ​បច្ចេក​ទេស​កសិកម្ម​ និង​ផ្តល់​ឥណទាន​សម្រាប់​ពង្រីក​អាជីវកម្ម​»។

កញ្ញា​​​បន្ថែម​ទៀតថា​ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ដំណាំ​បន្លែ​ឱ្យ​មាន​ការរីកចម្រើន​ និង​ជួយ​គាំទ្រដល់​កសិករ​​ដំណាំ​បន្លែ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​និង​កំពុង​ពង្រឹង​សម្ថតភាព​កសិករ​ឱ្យ​មាន​ជំនាញ​ក្នុង​ការផលិត​បន្លែ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ ជំរុញ​ការដាំដុះ​តាម​រយៈ​ការ​ធ្វើ​ផែនការ​ដាំដុះ​តភ្ជាប់​ទៅ​ទីផ្សារ​តាម​រយៈ​យន្តការ​កិច្ចសន្យា​កសិកម្ម​ និង​បន្ត​ជំរុញ​ការផលិត​បន្លែ​តាម​ស្ដង់ដារ​សុវត្តិភាព​ដូច​ជា​ CAM-GAP​ និង ​CAM-ORG​។

កញ្ញា​បន្ថែម​ថា​៖ «ប្រសិន​បើ​កសិករ​គាត់ធ្វើ​ការបោះ​ចោល​មុខ​របរ​ដាំដុះ​ស្រូវ​ទាំង​ស្រុងនោះ​ គឺ​មិន​ល្អ​ទេ ​ព្រោះ​​យ៉ាង​ហោចស្រូវ​​អាច​ផ្គត់ផ្គង់​ការហូប​ចុក​ក្នុង​គ្រួសារ​ដែរ​ ហើយ​តម្លៃ​ស្រូវ​មាន​ការឡើង​ចុះ​ ដោយ​សារ​​តម្រូវ​ការ​ទីផ្សារ​ តាម​ប្រភេទ​ពូជ​ ពេល​វេលា​ប្រមូល​ផល​ និង​គុណភាព​ស្រូវ»​។

ចំពោះ​​វិធានការ​ទៅខាង​​មុខទៀត​ កញ្ញា​ បាន​លើក​ឡើង​ថា​​ អគ្គនាយកដ្ឋាន​កសិកម្ម​ និង​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ នឹង​ជំរុញ​បន្ថែម​ទៀត​លើ​ការផលិត​ស្រូវ​មាន​គុណភាព​ល្អ​ ស្រប​តាម​តម្រូវ​ការទីផ្សារ​ និង​មាន​កិច្ចសន្យា​ជា​មួយ​រោង​ម៉ាស៊ីន​កិន​ស្រូវ​។

លោក​ ថេង​ សាវឿន​ ប្រធាន​សមាគម​កសិកម្ម​កម្ពុជា​ បាន​ប្រាប់​ Newsroom Cambodia ថា​ ចំពោះ​ការ​ប្តូរ​មុខ​របរ​របស់​កសិករ​ងាក​មក​ដាំ​ជីរ​ បន្លែ​ និង​ ការងារ​ផ្សេងៗ​ទៀត​នេះ​គឺ​ ជា​យុទ្ធសាស្រ្ត​ និង​ជា​ដំណោះ​ស្រា​យ​​របស់​​គាត់​មួយ​ ដើម្បី​ធ្វើ​យ៉ាង​ណាបង្កើន​​ប្រាក់​ចំណូល​ និង​បង្កើន​​​មុខ​របរ​ក្នុង​វិស័យ​កសិកម្ម។

លោក​បញ្ជាក់​ថា​៖ «ចំពោះ​ដំណោះ​ស្រាយ​​ដែល​​រដ្ឋ​ផ្ដល់​ជូន​ពួក​គាត់​ក្នុង​វិស័យ​ស្រូវ​នេះ ​គឺ​​វា​មិន​បាន​ធ្វើ​ឱ្យ​ពួកគាត់​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ទៅ​លើ​ជីវភាព​ ផ្ទុយ​ទៅ​វិញ​គឺ​ធ្វើឱ្យ​ពួក​គាត់​ខាត​ ពិបាក​ក្នុង​ការ​ស្វែង​រក​ទី​ផ្សារ​ក្នុង​ការ​លក់​ស្រូវ»។

​លោក​បន្តថា​ ប៉ុន្តែ​បើ​ពួក​គាត់​ដាំ​ជីរ​ បន្លែ​ ឬក៏​ធ្វើ​ការងារ​​​ផ្សេងៗ​ ដែល​ពួក​គាត់​សម្រេច​ចិត្ត​ប្តូរ​ នេះ​គឺ​​ជា​ឱកាស​ដែល​ពួក​គាត់​ទទួល​បាន​ប្រាក់​ចំណេញ និង​ធ្វើ​ឱ្យ​ជីវភាព​​​កាន់​តែ​ប្រសើរ​​ មួយ​វិញ​ទៀត​ធ្វើ​ឱ្យ​ប្រាក់ចំណូល​មាន​ការ​កើន​ឡើង​ ហើយ​អត្រា​នៃ​ការ​ខាត​បង់​ ឬ​ក៏​ការ​ប្រឈម​នឹង​​ហានិភ័យ​​ដោយ​សារ​​បញ្ហា​ទីផ្សារ​ក៏​មាន​ការ​កាត់បន្ថយ​ និង​​​ធ្លាក់​ចុះ​។

លោក​បន្ថែម​ថា​៖ «ខ្ញុំ​​បន្ត​លើកទឹក​ចិត្ត​ ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ ក៏​ដូច​ជា​អាជ្ញាធរ​មូល​ដ្ឋាន​ ធ្វើ​យ៉ាង​ណា​ត្រូវ​ចេះ​ខិត​ខំ​អប់រំ ​ក៏​ដូច​ជា​ណែនាំ​ប្រជា​ពលរដ្ឋ​អំពី​របៀប​នៃ​ការ​ដាំ​ ការប្រើ​ប្រាស់​ផលិតផល​កសិកម្ម​នេះ​ផង​ដែរ​បាទ»៕​