កម្ពុជាបានទទួលហិរញ្ញប្បទាន២៧៤លានដុល្លារអាមេរិកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ធនាគារពិភពលោក ដើម្បីជួយដល់កំណែទម្រង់សម្រាប់ជំរុញកំណើន និងពង្រឹងភាពធន់របស់កម្ពុជាឡើងវិញ បន្ទាប់ពីប៉ះទង្គិចនឹងជំងឺរាតត្បាតកូវីដ១៩។
យោងតាមប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចេញនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២បានឱ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាបានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺរាតត្បាតកូវីដ១៩ ដោយធ្វើឱ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះដល់ ៣,១ ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកបន្ថែមថា ការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន ២,៨ភាគរយ ដោយរុញមនុស្សប្រហែល ៤៦០,០០០នាក់ ឱ្យធ្លាក់ក្នុងភាពក្រីក្រវិញសម្រាប់កម្ពុជា។
រដ្ឋាភិបាលបានឆ្លើយតបយ៉ាងរហ័សថា បើទោះជាសេដ្ឋកិច្ចបានងើបឡើងវិញនៅឆ្នាំ២០២១ និង២០២២ មែនក្តី បរិយាកាសចុះខ្សោយនៅខាងក្រៅមានន័យថាលទ្ធភាពវិលទៅទទួលបានអត្រាកំណើនដ៏រឹងមាំដែលធ្លាប់មាននៅមុនការផ្ទុះជំងឺរាតត្បាត ពិតជានឹងមិនងាយរកបានទេ ហើយប្រទេសកម្ពុជាក៏ងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ ដោយសារត្រូវប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលក៏បានស្រង់សម្តីរបស់ លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងន័យដើមថា៖ «ខណៈដែលយុទ្ធសាស្ត្រ “រស់ជាមួយកូវីដ-១៩” បានជួយស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារតែចរន្តធ្លាក់ចុះនូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានានៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល នៅឡើយ។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹងជួយកម្ពុជាក្នុងការជំរុញភាពប្រកួតប្រជែងរបស់ផ្នែកឯកជន, ពង្រឹងស្ថានភាពសារពើពន្ធរបស់កម្ពុជា និងផ្តល់ជំនួយដល់ប្រជាជនងាយរងគ្រោះបំផុតរបស់ខ្លួន»។
ធនាគារពិភពលោកបានបញ្ជាក់ទៀតថា ហិរញ្ញប្បទាននេះ ឈរលើផែនការរបស់រដ្ឋាភិបាលសម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញក្រោយសម័យជំងឺរាតត្បាត ដែលមានគោលបំណងទូលំទូលាយបី គឺការស្តារសេដ្ឋកិច្ច, កំណែទម្រង់ និងការបង្កើនភាពធន់ និងបន្ថែមពីលើហិរញ្ញប្បទានចំនួន២០០លានដុល្លារអាមេរិក សម្រាប់ Cambodia Relief, Recovery, and Resilience Development Policy Financing ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០២១៕