សត្វផ្សោតឈ្មោលមួយក្បាល ទម្ងន់១៦២ គីឡូក្រាមត្រូវបានប្រទះឃើញស្លាប់អណ្ដែតតាមទឹកទន្លេក្បែរអន្លង់កោះដំបង ត្រង់ព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង។
បើតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ អង្គការ WWF កាលពីថ្ងៃអង្គារ បានឱ្យដឹងថា សត្វផ្សោតដែលបានស្លាប់នោះគឺជាផ្សោតឈ្មោល អាយុចន្លោះពី ១៥-២០ ឆ្នាំ មានប្រវែង២៣០សង់ទីម៉ែត្រ និងទម្ងន់១៦២ គីឡូក្រាម។ សាកសពសត្វផ្សោតនេះត្រូវបានប្រទះឃើញអណ្ដែត តាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង។
បើតាម WWF សត្វផ្សោតនេះបានស្លាប់ដោយសារជាប់នឹងមងនេសាទតាមការសន្និដ្ឋាន ក្រោយពីពិនិត្យសោកសពកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដោយក្រុមជំនាញស្រាវជ្រាវរបស់រដ្ឋបាលជលផល WWF។
ក្នុងសារដែលបង្ហោះដោយ WWF ដដែល ក៏បានស្រង់សម្តីរបស់ លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា ក្នុងន័យដើមថា៖ «ព័ត៌មានអំពីការរកឃើញសត្វផ្សោតស្លាប់នីមួយៗពិតជាធ្វើឱ្យមានភាពសោកសង្រេងខ្លាំងណាស់ ហើយយើងសោកស្តាយខ្លាំងបំផុតគឺ នៅពេលសត្វផ្សោតពេញវ័យ ដែលមានសុខភាពល្អដូចសត្វផ្សោតមួយក្បាលនាពេលនេះ បានបាត់បង់ជីវិត ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គដែលមានចំនួនសេសសល់តិចតួចស្រាប់»។
លោកបាន អំពាវនាវយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនវិធានការអនុវត្តច្បាប់បន្ថែមទៀត ដើម្បីបញ្ឈប់ឱ្យបានទាំងស្រុងនូវរាល់សកម្មភាពនេសាទខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់អភិរក្សសត្វផ្សោត។
យោងតាមរបាយការណ៍ ដែលរៀបរាប់ក្នុងទំព័រហ្វេសប៊ុករបស់អង្គការ WWF បានបន្ថែមថា សត្វផ្សោតដែលស្លាប់ក្នុងឆ្នាំ ២០២២ នេះមានរហូតដល់ ៩ក្បាល ហើយរយៈពេល ៣ឆ្នាំចុងក្រោយនេះសត្វផ្សោតបានស្លាប់មានចំនួនសរុប ២៧ក្បាល ចន្លោះពីឆ្នាំ២០២០ ដល់២០២២ (គិតត្រឹមថ្ងៃទី ១៨ ខែធ្នូ)៕