សត្វផ្សោតឈ្មោលមួយក្បាល​ ​ទម្ងន់​​១៦២​ គីឡូក្រាមត្រូវបាន​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​​តាម​ទឹក​ទន្លេ​​ក្បែរ​អន្លង់កោះ​ដំបង​ ត្រង់​​​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ​ និង​ស្ទឹង​ត្រែង​។

បើតាម​ការបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ អង្គការ​ WWF​ កាលពី​ថ្ងៃ​អង្គារ​ បាន​ឱ្យ​ដឹង​ថា​ សត្វ​ផ្សោត​ដែល​បាន​ស្លាប់នោះ​គឺ​ជា​​ផ្សោត​ឈ្មោល​ អាយុ​ចន្លោះ​ពី​ ១៥-២០​ ឆ្នាំ​  មាន​ប្រវែង២៣០​សង់ទីម៉ែត្រ​ និង​ទម្ងន់​១៦២​ គីឡូក្រាម។​ សាកសព​សត្វផ្សោត​នេះ​ត្រូវ​បាន​​ប្រទះ​ឃើញអណ្ដែត​ តាម​ទឹក​ទន្លេ​ ក្បែរ​អន្លង់កោះ​ដំបង​ ត្រង់​ទី​តាំង​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ​ និង​ស្ទឹង​ត្រែង​។

បើតាម WWF សត្វ​ផ្សោត​នេះ​បាន​ស្លាប់​ដោយ​សារ​ជាប់នឹង​មង​នេសាទតាម​ការ​សន្និដ្ឋាន​​ ក្រោយ​ពី​​ពិនិត្យ​សោក​សព​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ដោយក្រុម​ជំនាញ​ស្រាវជ្រាវ​របស់​រដ្ឋបាល​ជលផល​ WWF​។

ក្នុងសារដែល​បង្ហោះ​ដោយ WWF ដដែល ក៏​បាន​ស្រង់​​សម្តី​របស់​ លោក​ សេង​ ទៀក​ នាយកអង្គការ​ WWF​ កម្ពុជា​ ក្នុង​ន័យ​ដើម​ថា​៖ «ព័ត៌មាន​អំពី​ការ​រក​ឃើញ​សត្វ​ផ្សោត​ស្លាប់​នីមួយៗ​ពិត​ជា​ធ្វើ​ឱ្យ​មាន​ភាព​សោក​សង្រេង​ខ្លាំង​ណាស់​ ហើយ​យើង​សោកស្តាយ​ខ្លាំង​បំផុត​គឺ​ នៅ​ពេល​សត្វ​ផ្សោត​ពេញ​វ័យ​ ដែល​មាន​សុខភាព​ល្អ​ដូច​សត្វ​ផ្សោត​មួយ​ក្បាល​នា​ពេល​នេះ​ បាន​បាត់បង់​ជីវិត​ ព្រោះ​វា​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​លទ្ធ​ភាព​នៃ​ការ​បន្ត​ពូជ​របស់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ដែល​មាន​ចំនួន​សេស​សល់​តិច​តួច​ស្រាប់»។

លោក​បាន អំពាវ​នាវ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់​ ឱ្យ​​បង្កើន​វិធាន​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត​ ដើម្បី​បញ្ឈប់​ឱ្យ​បាន​ទាំង​ស្រុង​នូវ​រាល់​សកម្មភាព​នេសាទ​ខុស​ច្បាប់​គ្រប់​ទម្រង់​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​​។

យោង​តាម​របាយ​ការណ៍​ ដែល​រៀប​រាប់​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​ ​​WWF​​ បាន​បន្ថែម​ថា​ សត្វ​ផ្សោត​ដែល​ស្លាប់​ក្នុង​ឆ្នាំ​ ២០២២​ នេះ​មាន​រហូត​ដល់​ ៩​ក្បាល​ ហើយ​រយៈ​ពេល​ ៣​ឆ្នាំ​ចុង​ក្រោយ​នេះ​សត្វ​ផ្សោត​បាន​ស្លាប់​មាន​ចំនួន​សរុប​ ២៧​ក្បាល​ ចន្លោះពី​ឆ្នាំ​២០២០​ ដល់​២០២២​ (​គិត​ត្រឹម​ថ្ងៃ​ទី ១៨​ ខែ​ធ្នូ​)៕​