យុវជនជំរុញឱ្យរដ្ឋាភិបាលត្រួតពិនិត្យ និងយកចិត្តទុកដាក់ក្នុងការផ្តល់កិច្ចគាំពារសង្គមចំពោះជនដែលងាយរងគ្រោះដូចជានិស្សិត ក្រោយពីពួកគេឃើញថាមិនទាន់មានកិច្ចគាំពារសង្គមសម្រាប់ពួកគេនៅឡើយ ។
ការឡើងនឡើងរបស់យុវជន ធ្វើឡើងក្នុងកិច្ចសន្ទនាប្រចាំឆ្នាំស្តីពីកិច្ចគាំពារសង្គម ការស្តារសេដ្ឋកិច្ច និងសិទិ្ធឌីជីថលនៅកម្ពុជា «រួមគ្នាដើម្បីអនាគតកាន់តែប្រសើរ» ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីរដ្ឋាភិបាលដែលជាក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងយុវជន។
លោក នី វាសនា មន្ត្រីកម្មវិធីវិនិយោគយុវជនដើម្បីការងារ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនៃអង្គការ YRDP បានលើកឡើងថា និស្សិតដែលមកបន្តការសិក្សានៅភ្នំពេញពុំទាន់មានក្នុងប្រព័ន្ធកិច្ចគាំពារសង្គមនៅឡើយ ដោយពួកគេទាំងនោះរស់នៅក្នុងស្ថានភាពខ្វះខាត និងកាត់បន្ថយរបបអាហាររបស់ខ្លួន រហូតធ្លាក់ខ្លួនឈឺត្រឡប់ទៅព្យាបាលនៅស្រុកកំណើតវិញ។
លោកថា៖ «និសិត្សដែលឡើងមករៀននៅភ្នំពេញ ពួកគាត់មិនទាន់បានឋិតនៅក្នុងប្រព័ន្ធកិច្ចគាំពារសង្គមនៅឡើយទេ។ តាមរយៈការធ្វើការជាមួយពួកគាត់ យើងសង្កេតឃើញថាពួកគាត់ត្រូវការខ្លាំង [កិច្ចគាំពារសង្គម] ខ្ញុំជឿថានៅទីនេះ មិនមានអ្នកណាដែលពូកែញុំាមីជាមួយពងទាជាងនិសិ្សតដែលឡើងមកពីខេត្តទេ។ និយាយទៅពួកគាត់ខ្វះខាតអ៊ីចឹងទៅគាត់ត្រូវចំណាយទាំងថ្លៃធ្វើដំណើរ និងស្នាក់នៅ អ៊ឹចឹងខំបេះពីមាត់ញុំាខ្លួនឯងហ្នឹង ទុកបង់ (ថ្លៃសាលា និងផ្ទះឬបន្ទប់) ទៅ បន្ទាប់មកអញ្ចឹងទៅគាត់ត្រូវញុំាអាហារដែលមិនមានថាមពល ឈឺ តែអត់ហ៊ានទៅពេទ្យភ្នំពេញទេ ព្រោះអត់មានលទ្ធភាព អ៊ីចឹងត្រូវទៅព្យាបាលនៅស្រុកវិញ ដោយសារថ្លៃព្យាបាលថោកជាងនៅភ្នំពេញ»។
លោកបន្ថែមថា លោកចង់ឱ្យរដ្ឋាភិបាលដាក់បញ្ចូលនិសិ្សតក្នុងប្រព័ន្ធកិច្ចគាំពារសង្គម ដើម្បីស្របទៅនឹងគោលការណ៍គ្មាននរណាម្នាក់ត្រូវបានដាច់ចេញ។
លោកថា៖ «ខ្ញុំមានជាសំណូមពរ សូមឱ្យឯកឧត្តមដែលជាតំណាងរដ្ឋាភិបាលជួយពាំនាំសំឡេងរបស់យុវជនហ្នឹង ឱ្យដាក់បញ្ចូលពួកគាត់(និសិត្សក្រីក្រ)នៅក្នុងប្រព័ន្ធគាំពារសង្គមផង ព្រោះពួកគាត់ក៏ត្រូវការប្រព័ន្ធនេះដែរ ហើយឱ្យស្របតាមគោលការណ៍គ្មាននរណាម្នាក់ត្រូវបានដាច់ចេញទេ។»
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ ដែលបានចូលរួមក្នុងកិច្ចសន្ទនានេះលើកឡើងថារដ្ឋាភិបាលកំពុងដែលកំណត់គោលបំណងពង្រីកប្រព័ន្ធគ្របដណ្តប់សុខភាពតាមធនធាន និងទំហំឱ្យបានជាអតិបរមាដែលមានឈ្មោះថា សកលភាព។
លោកថា៖ «ខាងក្រោយបានលើកឡើងផ្នែកគាំពារខាងសុខភាពជាដើម ហើយការពង្រាយនេះមិនទាន់បានគ្រប់គ្នានេះ រាជរដ្ឋាភិបាលបានកំណត់នូវគោលបំណងរបស់ខ្លួនឈានទៅពង្រីកនូវប្រព័ន្ធគ្របដណ្តប់សុខភាពនេះឱ្យបានកាន់តែច្រើនជាអតិបរមា ដែលយើងឱ្យឈ្មោះថាទៅរកសកលភាព Universal មានន័យថាការគ្របដណ្តប់ពង្រឹតបន្តិចម្តងៗឆ្ពោះទៅមុខ ហើយក្រុមការងារអន្តរក្រសួងកំពុងតែញាប់ដៃញាប់ជើងបង្កើតនូវផែនទីបន្ថែមបង្ហាញផ្លូវមួយឆ្ពោះទៅលើសេវាថែទាំសុខភាពនេះឱ្យបានកាន់តែច្រើនជាអតិបរមាទៅតាមទំហំ និងធនធានដែលអភិវឌ្ឍន៍ទៅរួច»។
លោកបន្តថា ការធ្វើអន្តរាគម៍លើប្រព័ន្ធគាំពារសង្គមនេះ គឺត្រូវការធនធានដែលចាំបាច់ពីការប្រមូលពន្ធ និងថ្លឹងថ្លែងយ៉ាងណាមិនឱ្យការប្រមូលពន្ធក្លាយជាទណ្ឌកម្មសម្រាប់អ្នកប្រកបរបររកស៊ី។
លោកថា៖ «សំខាន់សួរថាតើយើងប្រមូលធនធានប៉ុន្មានដែលសមរម្យដើម្បីកុំឱ្យវាជាពន្ធទណ្ឌកម្មអ្នកដែលរកស៊ី យើងយកពន្ធប៉ុន្មានកុំឱ្យពន្ធហ្នឹងក្លាយទៅជាទណ្ឌកម្មរបស់អ្នកស៊ី ប៉ុន្តែឱ្យវាបានផលមកគ្រប់គ្រាន់ ប្រមូលឱ្យបានគ្រប់គ្រាន់ដើម្បីយកទៅធ្វើអន្តរាគមន៍ជួយវិនិយោគទៅលើប្រព័ន្ធសង្គមនេះ។ នេះជាចំណុចគន្លឹះដែលគឺថ្លឹងថ្លែង ហើយធ្វើការកែតម្រូវជាប្រចាំរហូតបន្តទៅតាមដំណាក់កាលនៃការអនុវត្តនេះ»។
គួរបញ្ជាក់ដែរថា ប្រព័ន្ធជំនួយសង្គមត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ទន្ទឹមនឹងការពង្រឹងសមត្ថភាពរបស់ពួកគាត់ឱ្យរក្សាបាននូវស្ថិរភាពប្រាក់ចំណូល ក្នុងស្ថានភាពសេដ្ឋកិច្ចដែលមានការប្រកួតប្រជែងខ្លាំង។
កម្មវិធីនានាក្នុងប្រព័ន្ធជំនួយសង្គម គាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ជាអាទិភាពរបស់កម្ពុជា ដែលរួមមានកំណើនប្រកបដោយបរិយាប័ន្ន ការកាត់បន្ថយភាពក្រីក្រ និងពិពិធកម្មសេដ្ឋកិច្ច។ វត្តមានរបស់ប្រព័ន្ធជំនួយសង្គមរួមចំណែកក្នុងការជំរុញកំណើនផលិតភាពក្នុងសេដ្ឋកិច្ចតាមរយៈការផ្លាស់ប្តូរជីវភាពរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះទៅជាប្រជាជនដែលមានចំណូលសមរម្យ ពោលគឺការបង្វែរក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធ។ កត្តានេះក៏ផ្តល់ផលវិជ្ជមានផងដែរដល់ស្ថិរភាពនៃថវិកាជាតិ និងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម តាមរយៈលទ្ធភាពនៃការបង់ពន្ធជូនរដ្ឋ និងលទ្ធភាពក្នុងការបង់ភាគទានចូលក្នុងមូលនិធិសន្តិសុខសង្គម។
កម្មវិធីក្នុងប្រព័ន្ធជំនួយសង្គម ផ្តោតលើការផ្តល់ការគាំពារដល់ប្រជាជនក្រីក្រនិងងាយរងគ្រោះ ដែល ក្នុងនោះត្រូវបានបែងចែកជាបីក្រុមរួមមាន ប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ប្រជាជនរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ ដែលមានការប្រឈមខ្ពស់ពេលមានវិបត្ដិ និងប្រជាជនដែលងាយរងគ្រោះ ដែលរួមមាន ទារកនិងកុមារ ស្ត្រីមានផ្ទៃពោះ គ្រួសារដែលខ្វះអាហារូបត្ថម្ភ ជនពិការ និងជនចាស់ជរាគ្មានទីពឹង៕