យុវជន​​ជំរុញ​​​ឱ្យ​រដ្ឋាភិបាល​ត្រួត​ពិនិត្យ​ និង​យក​ចិត្ត​ទុក​ដាក់​​​ក្នុង​ការ​ផ្តល់​​កិច្ច​គាំពារ​សង្គម​ចំពោះ​ជន​ដែល​ងាយ​រង​គ្រោះ​ដូចជា​និស្សិត​ ក្រោយ​ពី​ពួកគេ​ឃើញ​ថា​មិន​ទាន់​មាន​កិច្ច​គាំពារ​សង្គម​សម្រាប់​ពួកគេ​នៅ​ឡើយ​ ។

ការ​ឡើងន​ឡើង​របស់​យុវជន ធ្វើឡើង​ក្នុង​​កិច្ច​សន្ទនា​ប្រចាំ​ឆ្នាំ​ស្តីពី​កិច្ច​គាំពារ​សង្គម​ ការ​ស្តារ​សេដ្ឋកិច្ច​ និង​សិទិ្ធ​ឌីជីថល​នៅ​កម្ពុជា​ «រួមគ្នា​ដើម្បី​អនាគត​កាន់​តែ​ប្រសើរ​» ដែល​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០២២ ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋាភិបាល​ដែល​ជា​ក្រសួង​ពាក់ព័ន្ធ​ អង្គការ​សង្គម​ស៊ីវិល​ អ្នក​សារព័ត៌មាន​ និង​យុវជន​។

លោក នី វាសនា មន្ត្រី​កម្មវិធី​វិនិយោគ​យុវជន​ដើម្បី​ការងារ​ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹក​នាំ​នៃ​អង្គការ​ YRDP បាន​លើក​ឡើង​ថា​ និស្សិត​ដែល​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​ពុំ​ទាន់​មាន​ក្នុង​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម​នៅ​ឡើយ​ ដោយ​ពួកគេ​ទាំង​នោះ​រស់​នៅ​ក្នុង​ស្ថានភាព​ខ្វះខាត​ និង​កាត់​បន្ថយ​របប​អាហារ​របស់​ខ្លួន​ រហូត​ធ្លាក់​ខ្លួន​ឈឺ​ត្រឡប់​ទៅ​ព្យាបាល​នៅ​ស្រុក​កំណើត​វិញ​។

លោក​ថា៖ «និសិត្ស​ដែល​ឡើង​មក​រៀន​នៅ​ភ្នំពេញ​ ពួកគាត់​មិន​ទាន់​បាន​ឋិត​នៅ​ក្នុង​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម​នៅ​ឡើយ​ទេ​។ តាម​រយៈ​ការ​ធ្វើការ​ជាមួយ​ពួក​គាត់​ យើង​សង្កេត​ឃើញ​ថា​ពួក​គាត់​ត្រូវ​ការ​ខ្លាំង​ [កិច្ចគាំពារសង្គម] ខ្ញុំ​ជឿ​ថា​នៅ​ទីនេះ​ មិន​មាន​អ្នក​ណា​ដែល​ពូកែ​ញុំា​មី​ជាមួយ​ពងទា​ជាង​និសិ្សត​ដែល​ឡើង​មក​ពី​ខេត្ត​ទេ​។ និយាយ​ទៅ​ពួកគាត់​ខ្វះខាត​អ៊ីចឹង​ទៅ​គាត់​ត្រូវ​ចំណាយ​ទាំង​ថ្លៃ​ធ្វើ​ដំណើរ​ និង​ស្នាក់នៅ​ អ៊ឹចឹង​ខំ​បេះ​ពី​មាត់​ញុំា​ខ្លួនឯង​ហ្នឹង​ ទុក​បង់ ​(ថ្លៃ​សាលា​ និង​ផ្ទះ​ឬ​បន្ទប់​) ទៅ​ បន្ទាប់​មក​អញ្ចឹង​ទៅ​គាត់​ត្រូវ​ញុំា​អាហារ​ដែល​មិនមាន​ថាមពល ​ឈឺ តែ​អត់​ហ៊ាន​ទៅ​ពេទ្យ​ភ្នំពេញ​ទេ​ ព្រោះ​អត់​មាន​លទ្ធភាព​ អ៊ីចឹង​ត្រូវ​ទៅ​ព្យាបាល​នៅ​ស្រុក​វិញ​ ដោយសារ​ថ្លៃ​ព្យាបាល​ថោក​ជាង​នៅ​ភ្នំពេញ​»។

លោក​បន្ថែម​ថា លោក​ចង់​ឱ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​និសិ្សត​ក្នុង​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម​ ដើម្បី​ស្រប​ទៅ​នឹង​គោលការណ៍​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ដាច់​ចេញ​។

លោក​ថា៖ «ខ្ញុំ​មាន​ជា​សំណូម​ពរ​ សូម​ឱ្យ​ឯកឧត្តម​ដែល​ជា​តំណាង​រដ្ឋាភិបាល​ជួយ​ពាំនាំ​សំឡេង​របស់​យុវជន​ហ្នឹង​ ឱ្យ​ដាក់​បញ្ចូល​ពួកគាត់​(និសិត្ស​ក្រីក្រ)នៅ​ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម​ផង​ ព្រោះ​ពួកគាត់​ក៏​ត្រូវ​ការ​ប្រព័ន្ធ​នេះ​ដែរ​ ហើយ​ឱ្យ​ស្រប​តាម​គោលការណ៍​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ដាច់​ចេញ​ទេ​។»

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ ដែលបានចូលរួមក្នុងកិច្ចសន្ទនានេះលើកឡើងថា​រដ្ឋាភិបាល​កំពុង​ដែល​កំណត់​គោល​បំ​ណងពង្រីកប្រព័ន្ធគ្រប​ដណ្តប់សុខភាពតាមធនធាន និង​ទំហំ​ឱ្យ​បាន​ជា​អតិបរមា​ដែល​មាន​​ឈ្មោះថា​ សកលភាព។

លោកថា៖ «ខាងក្រោយបានលើកឡើងផ្នែកគាំពារខាងសុខភាពជាដើម ហើយ​ការពង្រាយ​នេះ​មិន​ទាន់​បានគ្រប់គ្នានេះ រាជរដ្ឋាភិបាលបា​ន​កំណត់​នូវ​គោល​បំណង​រប​ស់​ខ្លួន​ឈាន​​ទៅ​ពង្រីក​នូវ​ប្រព័ន្ធ​គ្រប​ដណ្តប់​សុខភាពនេះឱ្យបានកាន់តែច្រើនជាអតិបរមា ដែលយើងឱ្យឈ្មោះថាទៅរកសកលភាព Universal មានន័យថាការគ្របដណ្តប់ពង្រឹតបន្តិចម្តងៗឆ្ពោះទៅមុខ ហើយ​ក្រុម​ការងារ​អន្តរក្រសួង​កំពុ​ង​តែ​ញាប់ដៃ​ញាប់ជើង​បង្កើត​នូវ​ផែនទី​បន្ថែម​បង្ហាញ​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​លើ​សេវា​ថែទាំសុ​ខភាព​នេះ​ឱ្យ​បាន​កាន់​តែច្រើនជាអតិបរមាទៅតាមទំហំ និងធនធានដែលអភិវឌ្ឍន៍ទៅរួច»។

លោកបន្តថា ការធ្វើអន្តរាគម៍លើប្រព័ន្ធគាំពារ​សង្គម​នេះ គឺ​ត្រូវ​ការធនធាន​ដែល​ចាំបាច់​ពី​ការប្រមូល​ពន្ធ និងថ្លឹងថ្លែងយ៉ាងណាមិនឱ្យការប្រមូលពន្ធក្លាយជាទណ្ឌកម្មសម្រាប់អ្នកប្រកបរបររកស៊ី។

លោកថា៖ «សំខាន់សួរថាតើយើងប្រមូលធនធានប៉ុន្មានដែលសមរម្យដើម្បីកុំ​ឱ្យ​វាជា​ពន្ធទណ្ឌ​កម្ម​អ្នក​ដែល​រកស៊ី យើងយកពន្ធប៉ុន្មានកុំឱ្យពន្ធហ្នឹងក្លាយទៅជាទណ្ឌកម្មរបស់អ្នកស៊ី ប៉ុន្តែឱ្យវា​បាន​ផល​មក​គ្រប់គ្រាន់ ប្រមូលឱ្យបានគ្រប់គ្រាន់ដើម្បីយកទៅធ្វើ​អន្តរាគមន៍​ជួយ​វិនិយោគ​ទៅ​លើ​ប្រព័ន្ធ​សង្គម​នេះ។ នេះជាចំណុចគន្លឹះដែលគឺថ្លឹងថ្លែង​ ហើយ​ធ្វើការ​កែតម្រូ​វ​ជា​ប្រចាំ​រហូត​បន្ត​ទៅ​តាម​ដំណាក់កាល​នៃ​ការអនុវត្តនេះ»។​

គួរបញ្ជាក់ដែរថា ប្រព័ន្ធជំនួយសង្គមត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជនក្រីក្រ និងងាយរងគ្រោះ។​ ទន្ទឹមនឹង​ការពង្រឹង​សមត្ថភាព​របស់ពួកគាត់​ឱ្យ​រក្សា​បាននូវស្ថិរភាពប្រាក់ចំណូល ក្នុងស្ថានភាពសេដ្ឋកិច្ចដែលមានការប្រកួតប្រជែងខ្លាំង។

កម្មវិធីនានាក្នុងប្រព័ន្ធជំនួយសង្គម គាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ជាអាទិភាពរបស់កម្ពុជា ដែលរួមមានកំណើនប្រកប​ដោយបរិយាប័ន្ន ការកាត់បន្ថយភាពក្រីក្រ និងពិពិធកម្មសេដ្ឋកិច្ច។ វត្តមានរបស់ប្រព័ន្ធជំនួយសង្គមរួមចំណែកក្នុងការជំរុញកំណើនផលិតភាពក្នុងសេដ្ឋកិច្ចតាមរយៈការផ្លាស់ប្តូរជីវភាពរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះទៅជាប្រជាជនដែលមានចំណូលសមរម្យ ​ពោលគឺការបង្វែរក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធ។ កត្តានេះក៏ផ្តល់​ផលវិជ្ជមានផងដែរដល់ស្ថិរភាពនៃថវិកាជាតិ និងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម តាម​រយៈ​លទ្ធភាព​នៃការបង់ពន្ធ​ជូនរដ្ឋ និងលទ្ធភាពក្នុងការបង់ភាគទានចូលក្នុងមូលនិធិសន្តិសុខសង្គម។

កម្មវិធីក្នុងប្រព័ន្ធជំនួយសង្គម ផ្តោតលើការផ្តល់ការគាំពារដល់ប្រជាជនក្រីក្រនិងងាយរងគ្រោះ ដែល ក្នុង​នោះត្រូ​វបានបែងចែកជាបីក្រុមរួមមាន ប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ប្រជាជនរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ ដែលមានការប្រឈមខ្ពស់ពេលមានវិបត្ដិ និងប្រជាជន​ដែលងាយរងគ្រោះ ដែលរួមមាន ទារកនិងកុមារ ស្ត្រីមានផ្ទៃពោះ គ្រួសារដែលខ្វះអាហារូបត្ថម្ភ ជនពិការ និងជនចាស់ជរាគ្មានទីពឹង៕​