ក្រសួងសេដ្ឋកិច្ចនៅថ្ងៃព្រហស្បត៍នេះបានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់យានយន្ដដែលមិនទាន់បានទៅប្រកាសបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទរួសរាន់ទៅបង់ពន្ធចៀសវាងការហាមឃាតរថយន្ដនិងផាកពិន័យឱ្យបង់ប្រាក់។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះថា ក្រុមការងារចម្រុះរាជធានីដឹកនាំដោយមន្ដ្រីពន្ធដាររួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី ខេត្ដចាប់ពីថ្ងៃទី១៥ មករាឆ្នាំ២០២៣ខាងមុខនេះ។
នៅក្នុងសេចក្ដីជូនដំណឹងនោះបានបញ្ជក់ថា៖ «ចំពោះម្ចាស់យានយន្ដដែលមិនទាន់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២កន្លងទៅ អញ្ជើញទៅប្រកាសបង់ពន្ធនិងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាននៅអគ្គនាយកពន្ធដារឬសាខាពន្ធដារខេត្ដ ខណ្ឌនិងនៅតាមធនាគារមួយចំនួន»។
សេចក្ដីជូនដំណឹងបានបន្តថាធនាគារមានដូចជា ធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារជេត្រាស់រ៉ូយ៉ាល់ ធនាគារស្ថាបនាភីអិលស៊ី ធនាគារប្រីសណីយ៍កម្ពុជា និងនៅតាមកម្មវិធីមួយចំនួនដូចជា «GDT Taxpayer App» ដែលអាចទាញយកពី App Store ចំពោះ iosនិង Play storeចំពោះ Android សម្រាប់យានយន្ដ និងយានជំនិះដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។
នៅក្នុងសេចក្ដីជូនដំណឹងនេះផងដែលអគ្គនាយកពន្ធដារសង្ឃឹមថា ម្ចាស់យានយន្ដទាំងអស់យកចិត្ដទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធឲ្យបានទាន់ពេលវេលាស្របទៅតាមបទបញ្ញាត្ដិនៃច្បាប់ចៀសវាងក្រុមការងារចម្រុះសហការជាមួយអជ្ញាធរ សមត្ថកិច្ចថ្នាក់ក្រោមជាតិធ្វើការឃាត់យានយន្ដនៅតាមដងផ្លូវដែលតម្រូវឱ្យធ្វើការបង់ប្រាក់ដែលនាំឱ្យខាតបង់ពេលវេលានិងកកស្ទះចរាចរណ៍និងនាំឱ្យមានបាតុភាពអសកម្មណាមួយ៕