រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់ឃុំចំនួន ១១ចេញ ក្នុងមាន៦ឃុំពីស្រុកខ្សាច់កណ្តាល និង៥ឃុំពីស្រុកល្វាឯម។ នេះបើយោងតាមអនុក្រឹត្យចេញផ្សាយនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។

យោងតាមអនុក្រឹត្យដដែលបានបញ្ជាក់ថា ឃុំចំនួន៦ពីស្រុកខ្សាច់កណ្តាលដែលត្រូវកាត់ដើម្បីបង្កើត «ក្រុងអរិយក្សត្រ» មាន ឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ។ ចំណែកឃុំចំនួន៥ពីស្រុកល្វាឯមមាន ឃុំអរិយក្សត្រ ឃុំសារីកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។

បើតាមអនុក្រឹត្យនោះដដែលបានបន្ថែមថា ក្រុងអរិយក្សត្រ មានសង្កាត់ចំនួន១១ គឺ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រតែម្តង។

ក្នុងអនុក្រឹត្យនោះបញ្ជាក់ក្នុងន័យតាមថា៖ «ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ដោយឡែក ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល និងក្រុមប្រឹក្សា ស្រុកល្វាឯម ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ»។

អនុក្រឹត្យនោះបានបន្តថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធក្រុមប្រឹក្សា ខេត្តកណ្តាល គណៈអភិបាលខេត្តកណ្តាល ក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល គណៈអភិបាលស្រុកខ្សាច់កណ្តាល ក្រុមប្រឹក្សាស្រុកល្វាឯម គណៈអភិបាលស្រុកល្វាឯម និងក្រុមប្រឹក្សាឃុំពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕