ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលកំពុងធ្វើការសិក្សាសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ពីព្រះសីហនុទៅកាន់ព្រំដែនថៃ ក៏ដូចជាពីភ្នំពេញទៅកាន់តំបន់ផ្សេងៗទៀត ដើម្បីកាត់បន្ថយការលំបាក និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

លោកបានថ្លែងថា៖ «ការធ្វើផ្លូវដែកល្បឿនលឿន គឺមិនចំណាយពេលយូរនោះទេ ដោយសារតែកម្ពុជាមានផ្លូវដែកស្រាប់នៅពេលបច្ចុប្បន្ន ហេតុនេះយើងត្រូវការការតភ្ជាប់ផ្ទៃក្នុងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន កាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។»

គួរបញ្ជាក់ដែរថា ផ្លូវដែកកម្ពុជាបានចាប់ផ្តើមសាងសង់ដំបូងក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ។ ផ្លូវដែកកម្ពុជាមានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។

ផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំ​ដែន​កម្ពុជា-ថៃ) ​ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង និង​ផ្លូវ​ដែកភាគខាងត្បូងត្រូវបានកសាងឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យ​សង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំ​របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោម​ជំនួ​យ​របស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ។

ផ្លូវដែក​ទាំង​ពីរ​ខ្សែនេះ ត្រូវបានទទួល រងការខ្ទេចខ្ទាំយ៉ាង​ធ្ងន់ធ្ងរ ហើយផ្នែកខ្លះត្រូវបានបំផ្លាញទាំង​ស្រុងដោយរបប​កម្ពុជា​ប្រជាធិបតេយ្យ។

បច្ចុប្បន្ន ផ្លូវដែកទាំងពីរខ្សែ ត្រូវបានសាងសង់ និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញ តាមរយៈ ការសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា (RRC)៕