ក្រសួងទេសចរណ៍បានបដិសេធនូវព័ត៌មានដែលបានលើកឡើងថា ភ្ញៀវទេសចរត្រូវតែមានទឹកប្រាក់ចាប់ពី ១,០០០ ឬ ២,០០០ ដុល្លារសិនមុនចូលមកព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានឱ្យភ្លៀវទេសចរបង្ហាញទឹកប្រាក់ ១,០០០ ឬ ២,០០០ ដុល្លារ មុនអនុញ្ញាតឱ្យជិះយន្តហោះ។
យោងតាមការប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្មីៗនេះមានព័ត៌មានមួយចំនួនលើកឡើងថា មានការកំណត់ឱ្យភ្ញៀវទេសចរណ៍ត្រូវមានទឹកប្រាក់តាមខ្លួនពី១ពាន់ ទី២ពាន់ដុល្លារ ហើយថា បុគ្គលិកក្រុមហ៊ុនទេសចរណ៍តម្រូវឱ្យភ្ញៀវបង្ហាញទឹកបប្រាក់ទាំងនោះមុនឡើងជិះយន្តហោះ។
ក្រសួងទេសចរណ៍បានបញ្ជាក់ការបដិសេធក្នុងសេចក្តីជូនដំណឹងនោះតាមន័យដើមថា៖ «រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលនរយោបាយណាមួយតម្រូវឱ្យភ្ញៀវទេសចរមានទឹកប្រាក់តាមខ្លួនចំនួន ១.០០០ ឬ ២.០០០ ដុល្លារ ដើម្បីអាចចូលមកព្រះរាជាណាចក្រកម្ពុជានោះទេ និង ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹកប្រាក់យកតាមខ្លួន គឺជាកាតព្វកិច្ចរបស់មន្រ្តីជំនាញ ដែលមានសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិ ដែលត្រូវធ្វើឡើងតែចំពោះករណីសង្ស័យមួយចំនួនតែប៉ុណ្ណោះ មិនប្រកាន់ភ្ញៀវទេសចរជនជាតិណាឡើយ និងមិនធ្វើឡើងជាទូទៅគ្រប់ភ្ញៀវទេសចរទាំងអស់នោះទេ»។
ក្នុងការប្រកាសព័ត៌មាននេះដែរ ក្រសួងទេសចរណ៍បានលើកទឹកចិត្តឱ្យភ្ញៀវទេសចរទាំងអស់គោរពតាមលក្ខខណ្ឌតម្រូវការរបស់ព្រះរាជាណាចក្រកម្ពុជា និងសូមស្វាគមន៍ភ្ញៀវទេសចរទាំងអស់មកទស្សនាព្រះរាជាណាចក្រកម្ពុជា៕