ក្រសួង​ទេសចរណ៍​បាន​បដិសេធ​នូវ​ព័ត៌មាន​ដែល​បាន​លើក​ឡើងថា​ ភ្ញៀវ​ទេសចរ​ត្រូវតែ​មាន​ទឹក​ប្រាក់​ចាប់​ពី​ ១,០០០​ ឬ​ ២,០០០​ ដុល្លារ​សិន​មុន​ចូល​មក​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ក្នុង​នោះ​ក៏មាន​បុគ្គលិក​ក្រុម​ហ៊ុន​អាកាស​ចរណ៍​មួយ​ចំនួន​បាន​ឱ្យ​ភ្លៀវ​ទេសចរ​បង្ហាញ​ទឹក​​ប្រាក់​ ១,០០០​ ឬ​ ២,០០០​ ដុល្លារ មុន​អនុញ្ញាត​ឱ្យ​ជិះ​យន្ត​ហោះ​​។

យោង​តាមការប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹងថា​ ថ្មីៗ​នេះ​មានព័ត៌មានមួយ​ចំនួន​លើកឡើងថា​ មានការ​កំណត់​ឱ្យភ្ញៀវទេសចរណ៍​ត្រូវ​មានទឹកប្រាក់​តាម​ខ្លួន​ពី​១ពាន់ ទី​២ពាន់​ដុល្លារ ហើយ​ថា បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​តម្រូវ​ឱ្យ​ភ្ញៀវបង្ហាញ​ទឹក​បប្រាក់​ទាំង​នោះ​មុន​ឡើង​ជិះ​យន្ត​ហោះ។ ​

ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​​ការ​បដិសេធ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​តាម​​ន័យ​ដើម​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​មិន​មាន​គោល​នរយោបាយ​ណា​មួយ​តម្រូវ​ឱ្យ​ភ្ញៀវ​ទេសចរ​មាន​ទឹក​​ប្រាក់​តាម​ខ្លួន​ចំនួន​ ១.០០០​ ឬ​ ២.០០០​ ដុល្លារ​ ដើម្បី​អាចចូល​មក​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នោះ​ទេ និង​ ការសាក​សួរ​ភ្ញៀវ​ទេសចរ​អំពី​ចំនួន​ទឹក​ប្រាក់​យក​តាម​ខ្លួន​ គឺ​ជា​កាតព្វកិច្ច​របស់​មន្រ្តី​ជំនាញ​ ដែល​មាន​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ ដែល​​ត្រូវ​ធ្វើ​ឡើង​តែ​ចំពោះ​ករណី​សង្ស័យ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ មិន​ប្រកាន់​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ណា​ឡើយ​ និង​មិនធ្វើ​ឡើង​ជា​ទូទៅ​គ្រប់​ភ្ញៀវ​ទេសចរ​ទាំង​អស់​នោះ​ទេ​»។

ក្នុង​ការ​ប្រកាស​ព័ត៌មាន​នេះ​ដែរ​ ក្រសួង​ទេសចរណ៍​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ភ្ញៀវ​ទេសចរ​ទាំង​អស់​គោរព​តាម​លក្ខ​ខណ្ឌ​តម្រូវ​ការ​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​សូម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ទាំង​អស់​មក​ទស្សនា​ព្រះ​រាជា​ណាចក្រ​កម្ពុជា​៕