ក្រសួងធនធានទឹកព្យាករណ៍ថា នៅដើមរដូវវស្សានេះ ប្រទេសកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរ និងមានបរិមាណទឹកភ្លៀងធ្លាក់មកមិនទាន់សមល្មមទៅតាមការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងតម្រូវឱ្យប្រជាពលរដ្ឋធ្វើការប្រើប្រាស់ទឹកឱ្យមានការសន្សំសំចៃ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានចេញនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្ដីពីស្ថានភាពអាកាសធាតុលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកនៅក្នុងតំបន់អេក្វាទ័រ ចាប់ពីខែមករា និងខែមេសាឆ្នាំ២០២៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូតអែលនីណូ(EI Nino)២០%និងចាតុភូតអែនសូ(ENSO)៨០%ជាបាតុភូតអន្ដរកាលនៅចន្លោះរវាងឡានីណា(La Nina)និងអែលនីណូ(EL Nino)។
នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា នៅខែមករា បណ្ដាខេត្តដែលនៅទំនាបកណ្ដាលមានសីតុណ្ហភាពមធ្យមអប្បបរមា១៨អង្សារសេ និងអតិបរមា២៩អង្សារសេ ហើយនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ដសីតុណ្ហភាពអប្បបរមាអាចចុះមកក្នុងរង្វង់ពី១៥ ទៅ១៧អង្សារសេ និងនៅខែកុម្ភៈដល់ខែមីនា សីតុណ្ហភាពមធ្យមអប្បបរមា២០អង្សារសេ និងមធ្យមអតិបរមា៣៣អង្សារសេ ហើយខែមេសា មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សារសេ និងមធ្យមអតិបរមា៣៦អង្សារសេ និងអតិបរមាអាចឡើងដល់៣៩អង្សារសេ។
ក្រសួងបន្ថែមថា សម្រាប់បរិមាណទឹកភ្លៀង គឺអាចស្មើនឹងកម្រិតមធ្យមភាគច្រើនឆ្នាំ តែតិចជាងឆ្នាំ២០២២ នៅក្នុងខែមីនា និងមេសានឹងអាចមានភ្លៀងកក់ខែធ្លាក់ក្នុងកម្រិតពីតិចទៅបង្គូរ និងមានការកើតឡើងនូវបាតុភូតផ្គររន្ទៈ និងខ្យល់កន្ត្រាក់ច្រើន។ ហើយនៅដើមរដូវវស្សា នៅឆ្នាំ២០២៣ខាងមុខនេះ នៅទូទាំងប្រទេសអាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែឧសភា ហើយនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រអាចចាប់ផ្ដើមនៅសប្ដាហ៍ទីមួយនៃខែឧសភា និងមានភ្លៀងធ្លាក់រាយប៉ាយល្អ និងមានកម្រិតទឹកភ្លៀងពីតិចទៅបង្គូរ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ដ្រាក់ផងដែ។
ក្រសួងធនធានទឹក ឧតុនិយមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ដោយសារទឹកភ្លៀងដែលនឹងធ្លាក់មកមិនទាន់គ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់។
ក្រសួងបញ្ជាក់ថា៖ «បើទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើនបង្គួរ តែបរិមាណទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការបហរើប្រាស់ ឆ្លើយតបបតាមតម្រូវការភ្លាមៗនោះទេ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក»៕