ក្រសួងធនធានទឹក​ព្យាករណ៍​ថា នៅដើមរដូវវស្សា​នេះ ​ប្រទេស​កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរ និង​មាន​ប​រិ​មាណទឹ​ក​ភ្លៀង​ធ្លាក់​មក​មិនទាន់​សមល្មម​ទៅ​តាម​ការប្រើប្រាស់រ​បស់​ប្រជាពលរដ្ឋ និងតម្រូវឱ្យប្រជាពលរដ្ឋធ្វើការប្រើ​ប្រាស់​ទឹក​ឱ្យ​​មា​ន​ការសន្សំសំចៃ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានចេញនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២​ ស្ដីពីស្ថានភាពអាកាសធាតុលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកនៅក្នុងតំបន់អេក្វាទ័រ ចាប់ពី​ខែមករា ​និង​ខែមេសា​ឆ្នាំ​២០​២​៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូតអែលនីណូ(EI Nino)​២០%​និង​ចាតុ​ភូត​​អែនសូ​(ENSO)​​៨០%ជាបាតុភូតអន្ដរកាលនៅចន្លោះរវាងឡានីណា(La Nina)​និង​អែលនីណូ​(EL Nino)។

នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា​ នៅខែមករា បណ្ដាខេត្ត​ដែលនៅ​ទំនាប​កណ្ដាល​មាន​សីតុណ្ហ​ភាពមធ្យម​អប្បបរមា១៨អង្សារសេ និងអតិបរមា២៩អង្សារសេ ហើយនៅតំបន់​ជួរភ្នំ​ដងរែក ​និង​ខ្ពង់​រាប​ភាគ​ឦសាន្ដ​សីតុណ្ហភាពអប្បបរមាអាចចុះមកក្នុងរង្វង់ពី១៥ ទៅ១៧អង្សារសេ និងនៅខែ​កុម្ភៈ​ដល់ខែ​មីនា ​សីតុណ្ហភា​ព​​មធ្យមអប្បបរមា២០អង្សារសេ និងមធ្យមអតិបរមា៣៣អង្សារសេ ហើយ​ខែមេសា មាន​សីតុណ្ហភាព​មធ្យមអប្បបរមា២៤អង្សារសេ និងមធ្យមអតិបរមា៣៦អង្សារសេ និង​អតិបរមា​អាច​​ឡើង​ដល់​៣៩​អង្សា​រ​សេ​។

​ក្រសួងបន្ថែមថា សម្រាប់​បរិមាណទឹកភ្លៀង គឺ​អាចស្មើនឹងកម្រិតមធ្យមភាគច្រើនឆ្នាំ តែតិចជាង​​ឆ្នាំ​២០២២ នៅ​​ក្នុង​ខែមី​នា និ​​ង​មេសា​នឹ​​ង​អា​ច​មា​ន​ភ្លៀង​កក់ខែធ្លា​ក់​​​​ក្នុង​​ក​ម្រិ​តពី​តិ​​ចទៅប​ង្គូ​រ ​និ​ងមាន​ការ​កើត​ឡើងនូវ​បាតុ​ភូតផ្គររន្ទៈ​ និងខ្យល់​កន្ត្រាក់​ច្រើន។ ហើយនៅដើម​រដូវ​វស្សា​​ នៅ​ឆ្នាំ២០២៣​ខាងមុខនេះ ​នៅ​​ទូ​ទាំង​​ប្រទេសអាច​នឹងចាប់ផ្ដើមនៅពាក់កណ្ដាល​ខែ​ឧសភា ហើយនៅតំ​ប​ន់វា​ល​ទំ​នាប ​​និ​ង​​តំ​បន់​មា​ត់​សមុទ្រ​​​អា​​ច​ចា​ប់​ផ្ដើ​ម​​​នៅ​​​​ស​​ប្ដា​ហ៍​ទី​មួ​យ​​នៃ​ខែឧសភា ​និងមានភ្លៀង​ធ្លាក់រាយ​ប៉ាយ​ល្អ ​និ​ង​មា​ន​កម្រិ​ត​ទឹកភ្លៀ​ង​ពី​​តិចទៅបង្គូរ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ដ្រាក់ផងដែ។

ក្រសួង​ធនធានទឹក ឧតុនិយម​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ដោយសារ​ទឹក​ភ្លៀងដែល​នឹង​ធ្លាក់​មក​មិនទាន់​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ប្រើប្រាស់។

ក្រសួង​បញ្ជាក់ថា៖ «បើទោះបីនៅក្នុង​រដូវប្រាំង និង​ដើម​រដូវ​វស្សាអាចនឹង​មាន​ភ្លៀង​កក់ខែច្រើនបង្គួរ តែបរិមាណ​ទឹក​ភ្លៀង​ដែល​ធ្លាក់​មកមិនទាន់​សមល្មម​ក្នុងការ​បហរើប្រាស់ ឆ្លើយតបប​តាម​តម្រូវការ​ភ្លាមៗ​នោះទេ។ អាស្រ័យ​ហេតុនេះ សូមបន្ត​រក្សា​ និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ ជាពិសេស​បណ្តា​តំបន់​ជនបទ​ដាច់​ស្រយាលដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក»៕​