អង្គការ WWF ស្នើអាជ្ញាធរឱ្យ​ចាត់វិធានការទប់ស្កាត់ការនេសាទខុសច្បាប់ជាបន្ទាន់ ក្រោយ​​ពីសត្វ​ផ្សោត​បី​បាន​ស្លាប់​ក្នុង​ចន្លោះ​រយៈពេលត្រឹមតែ៧​ថ្ងៃ ដោយសារ​ការ​នេសាទខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត។

យោងតាមការចុះផ្សាយទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​អង្គការ​ WWF កម្ពុជា​ នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២២​នេះ​បញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សត្វ​ផ្សោត​ញី​ពេញ​វ័យ​មួយ​ក្បាល​ទៀត​បាន​ស្លាប់​អណ្តែត​នៅ​តំប​ន់ក្បែ​រ​កោះទ្រ​ង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។ ក្រោយកា​រពិ​និត្យ​សាកសព​សត្វ​ផ្សោត​យ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និង​​អង្គការ WWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោតមួយក្បាលនេះបានស្លាប់ក្រោយពីជាប់នឹងសន្ទូចរនង។

បើតាមការចុះផ្សាយដដែលបន្តថា សត្វផ្សោតញីពេញវ័យមានប្រវែង ១៩៦ សង់ទីម៉ែត្រ អាយុចន្លោះពី ៧ ទៅ ១០ ឆ្នាំ និងមាន ទម្ងន់​ប្រហែល​៩៣គីឡូក្រាម។

ក្នុង​សារ​ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ WWF​ បញ្ជាក់ថា៖ «សត្វផ្សោត​នេះជា​សត្វផ្សោត​ដែល​មាន​សុខភាព​ល្អ​ទីបី​ហើយ​ដែល​បា​នស្លា​ប់​ក្នុង​ចន្លោះ​រយៈពេល​ត្រឹម​តែ ៧​ថ្ងៃប៉ុណ្ណោះ ដែល​នេះ​​ជា​ការប្រកាស​អាសន្ន​មួយ​តម្រូវ​ឲ្យ​មា​ន​វិធានការ​ខ្លាំងក្លា​ឡើង​សម្រាប់​ពង្រឹង​ការអនុវត្ត​ច្បាប់​ជា​បន្ទាន់​នៅ​ក្នុង​តំបន់​ជម្រក​សត្វ​ផ្សោត»។

ក្នុងនោះអង្គការ WWF កម្ពុជា ក៏​បាន​អំពាវនាវជាថ្មីម្តងទៀតដល់អាជ្ញាធរទទួលខុសត្រូវទាំងអស់ឱ្យប្រមូលផ្តុំ និងពង្រឹងកំលាំងសម្រាប់ការអនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើនការល្បាតទាំងពេលថ្ងៃ និង​ពេល​យប់​ដើម្បី​ការពា​រ​សត្វ​ផ្សោត​ដែល​នៅ​សេសសល់​ឲ្យ​ជៀសផុ​ត​ពី​ការស្លាប់​ដោយ​សា​រ​ការ​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានលើកឡើង​ក្នុង​សារ​ដែល​បង្ហោះ​ដោយ WWF នោះថា ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ នឹង​បណ្តាល​ឱ្យ​សត្វ​ផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើ​គ្មាន​វិធានការ​បន្ទាន់​ដើម្បី​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​ទាំង​នេះ​ទេ។

លោកបន្តថា៖ «សោកនាដកម្មដែលគួរអាចបញ្ចៀសបាន​នៃ​ការស្លាប់​រប​ស់ស​ត្វ​ផ្សោត​វ័យ​បន្ត​ពូជ​ទាំង​បី​ក្បាល​ជាបន្តបន្ទាប់ក្នុងរយៈពេលមិនដល់១០​ថ្ងៃ ជាសារ​យ៉ាង​ច្បាស់​មួយ​ដល់​អាជ្ញាធរ​ទទួលខុសត្រូវ​គ្រប់​លំដាប់​ថ្នាក់​ថា នេះជាពេលចាំបាច់បំផុតហើយ ដើម្បី​បង្កើន​វត្តមាន​មន្ត្រី​សម្រាប់​ការពង្រឹង​ការអនុវ​ត្ត​ច្បាប់​នៅ​ក្នុង​ជម្រក​សត្វផ្សោតសំខាន់ៗទាំងអស់»។

លោកបានទទូចដល់អាជ្ញារពាក់ព័ន្ធថា​ ដើម្បីបញ្ឈប់សកម្មភាពទាំងនេះ មន្ត្រីឆ្មាំទន្លេ និងមន្ត្រី​អនុវ​ត្ត​ច្បាប់​ពាក់ព័ន្ធ​ទាំងអស់ត្រូវមានវត្តមានរយៈពេល ២៤ ម៉ោងមួយថ្ងៃ ក្នុងសប្តាហ៍នីមួយៗដោយទៀងទាត់ ដោយ​ចុះ​ល្បាត​ទាំង​ថ្ងៃ​ទាំង​យប់​នៅ​ក្នុង​តំបន់​សត្វ​ផ្សោត។ បន្ថែមពីលើការល្បាតនេះត្រូវ​តែ​មានការ​ដាក់​ពិន័យ​ឲ្យ​ធ្ងន់ធ្ងរ​ដល់​ជនល្មើសដែលបានប្រព្រឹត្តការនេសាទខុសច្បាប់ ឬ​បទល្មើស​នេសាទ​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំប​ន់​អភិរក្ស​សត្វផ្សោត សម្រាប់​ជាការកំញើញ​ដល់​អ្នក​នេសាទ​ដទៃ​ទៀត​ឲ្យ​បញ្ឈប់​ការប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់​​ទាំង​នេះ។

បើ​តាមអង្គការ WWF កម្ពុជា គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ សត្វផ្សោតសរុបចំនួន ១១ក្បាល ហើយ​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០២២ នេះ រីឯសត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មាន​ចំនួន​សរុប​២៩ក្បាល៕​