ប្រតិបត្ដិករផ្ដល់សេវាកម្មសេវាទូរស័ព្ទចល័តទាំងអស់ផ្លាស់ប្ដូរកញ្ចប់គម្រោងដែលកំពុងប្រើប្រាស់បច្ចុប្បន្នទៅកញ្ចប់គម្រោងថ្មី ដោយនឹងលែងមានការផ្តល់សេវាកម្មកញ្ចប់គម្រោងប្តូរប្រាក់ជាមុនទាំងអស់ នៅត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹងរបស់សមាគមប្រតិបត្ដិករទូគមនាគមន៍កម្ពុជា។
បើតាមសេចក្ដីជូនដំណឹងសមាគមប្រតិបត្ដិករទូគមនាគមន៍កម្ពុជា ចេញនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា ប្រតិបត្ដិករផ្ដល់សេវាកម្មសេវាទូរស័ព្ទចល័តទាំងអស់ នឹងផ្លាស់ប្ដូរជាដំណាក់កាលពីកញ្ចប់គម្រោងដែលកំពុងតែប្រើប្រាស់បច្ចុប្បន្នទៅកញ្ចប់គម្រោងថ្មីនៅត្រឹមថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៣ខាងមុខ។
សេចក្ដីជូនដំណឹងដដែលបន្ថែមថា ប្រតិបត្ដិករទូរស័ព្ទទាំងអស់នឹងបញ្ឈប់ការផ្ដល់សេវាគម្រោងសេវាប្ដូរប្រាក់ទាំងអស់ត្រឹមថ្ងៃទី០១ខែមីនាឆ្នាំ២០២៣ ហើយស្នើឱ្យអតិថិជនទាំងអស់អញ្ជើញទៅកាន់សាខាបម្រើអតិថិជនរបស់ប្រតិបត្ដិករចល័តដើម្បីធ្វើការផ្លាស់ប្ដូរទៅកាន់គម្រោងថ្មីដែលអតិថិជនពេញចិត្ត។ហើយចំពោះអតិថិជនដែលដែលខកខានមិនបានធ្វើការផ្លាស់ប្ដូរទៅកញ្ចប់គម្រោងថ្មីមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រតិបត្ដិករផ្ដល់សេវាទូរស័ព្ទនឹងធ្វើការប្ដូរគម្រោងថ្មីជូនអតិថិជនដោយស្វ័យប្រវត្ដិនៅមុនថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា កញ្ចប់គម្រោងថ្មីបានធ្វើការរៀបចំនៅក្នុងគោលបំណងផ្ដល់ជូនអ្នកប្រើប្រាស់ដោយមានតម្លាភាពកាន់តែប្រសើរ ដោយមានការបែងចែកច្បាស់លាស់ចំពោះទំហំទិន្នន័យអ៊ីនធើណេត និងចំនួននាទីក្នុងការហៅចេញ និងចំនួនសារជាអក្សរនៅក្នុងប្រព័ន្ធ៕