ប្រតិបត្ដិករផ្ដល់សេវាកម្មសេវាទូរស័ព្ទចល័តទាំងអស់​​ផ្លាស់ប្ដូរ​​កញ្ចប់គម្រោង​ដែល​កំពុ​ង​ប្រើប្រាស់​បច្ចុប្បន្ន​ទៅ​កញ្ចប់​គម្រោងថ្មី​ ដោយនឹង​លែង​មានការ​ផ្តល់​សេវាកម្ម​កញ្ចប់​គម្រោង​ប្តូរ​ប្រាក់​ជាមុន​ទាំងអស់ នៅ​ត្រឹម​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២៣។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​សមាគម​ប្រតិបត្ដិករ​ទូគមនាគមន៍​កម្ពុជា។

បើតាម​សេចក្ដីជូនដំណឹងសមាគមប្រតិបត្ដិករទូគមនាគមន៍កម្ពុជា ចេញ​នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២២ បញ្ជាក់ថា  ប្រតិបត្ដិករផ្ដល់សេវាកម្មសេវាទូរស័ព្ទចល័តទាំងអស់ នឹង​ផ្លាស់ប្ដូរ​ជា​ដំណាក់កាល​ពី​កញ្ចប់​គម្រោង​ដែល​កំពុងតែប្រើប្រាស់បច្ចុប្បន្នទៅកញ្ចប់គម្រោងថ្មីនៅត្រឹមថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៣ខាងមុខ។

សេចក្ដីជូនដំណឹង​ដដែលបន្ថែមថា ប្រតិបត្ដិករ​ទូរស័ព្ទទាំងអស់​នឹងបញ្ឈប់ការផ្ដល់​សេវា​គម្រោង​សេវា​ប្ដូរ​ប្រាក់​​​​ទាំងអស់ត្រឹមថ្ងៃទី០១ខែមីនាឆ្នាំ២០២៣ ហើយស្នើ​​ឱ្យអតិថិជន​ទាំងអស់​អញ្ជើញ​ទៅកាន់​សាខា​បម្រើ​​អតិថិជនរបស់ប្រតិបត្ដិករចល័តដើម្បីធ្វើការផ្លាស់ប្ដូរទៅកាន់គម្រោងថ្មីដែលអតិថិជនពេញចិត្ត។​ហើយចំពោះអតិថិជនដែលដែលខកខានមិនបានធ្វើការផ្លាស់ប្ដូរទៅកញ្ចប់គម្រោងថ្មីមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រតិបត្ដិករផ្ដល់សេវាទូរស័ព្ទនឹង​ធ្វើការប្ដូរ​គម្រោង​ថ្មី​ជូន​អតិថិជន​ដោយ​ស្វ័យប្រវត្ដិ​នៅ​មុន​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។​

សេចក្ដីជូនដំណឹងដដែលបញ្ជាក់​ថា កញ្ចប់គម្រោង​ថ្មី​បាន​ធ្វើការ​រៀបចំ​នៅក្នុង​គោល​បំណង​ផ្ដល់​ជូន​អ្នក​ប្រើប្រាស់​​​ដោយ​មាន​តម្លាភាព​កាន់​តែ​ប្រសើរ ដោយមានការបែងចែកច្បាស់លាស់ចំពោះទំហំ​ទិន្នន័យ​អ៊ីនធើណេត និងចំ​នួននា​ទី​ក្នុងការ​ហៅចេ​ញ និង​ចំនួន​សារជាអក្សរនៅក្នុងប្រព័ន្ធ៕