សហភាពសហជីពកម្ពុជា ស្នើរដ្ឋាភិបាលកម្ពុជាស្ដារស្ថានភាពសិទ្ធិមនុស្ស សេរីភាព លទ្ធិប្រជាធិបតេយ្យ និងបើកលំហសិទ្ធិនយោបាយមុនពេលបោះឆ្នោតឆ្នាំ២០២៣ ដើម្បីប្រព័ន្ធអនុគ្រោះពន្ធ (GSP) និងប្រព័ន្ធអនុគ្រោះពន្ធលើកលែងតែអាវុធ (EBA)។
ក្នុងសេចក្ដីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជា ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការស្នើរបស់ប្រធានាធិបតីអាមេរិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិពេលមកប្រជុំអាស៊ានថ្មីៗនេះ សុំឱ្យកម្ពុជាបើកលំហសិទ្ធិនយោបាយ សេរីភាព និងដោះលែង អ្នកជាប់ឃុំមនសិការមុនពេលបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ ហើយសហភាពអ៊ឺរ៉ុបក៏បានក្រើនរំលឹកដល់កម្ពុជាជាច្រើនលើក សុំឱ្យស្ដារសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា ការលើកឡើងរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិក្នុងបំណងល្អសម្រាប់កម្ពុជា ប៉ុន្តែសហភាពសហជីពកម្ពុជាបង្ហាញក្ដីបារម្ភថា បើរដ្ឋាភិបាលកម្ពុជាមិនបានធ្វើការកែលម្អស្ថានភាពសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យ តាមការស្នើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប និងអគ្គលេខាអង្គការសហប្រជាជាតិកន្លងមក ប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធលើកលែងអាវុធ EBA នឹងអាចបាត់បង់ទាំងស្រុងក្នុងឆ្នាំ២០២៣។
នៅពេលកម្ពុជាបាត់បង់ GSP និង EBA ធ្វើឱ្យកម្មកររាប់សែននាក់ នឹងបាត់បង់ការងារធ្វើ គ្រាន់តែសហភាពអ៊ឺរ៉ុបកាត់ ២០% កម្មកររាប់ម៉ឺននាក់អត់ការងារធ្វើ ហើយកម្ពុជាក៏នឹងបាត់បង់ប្រាក់ចំណូលយ៉ាងខ្លាំង និងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ រាជរដ្ឋាភិបាលកម្ពុជាមិនត្រូវធ្វើមិនដឹង មិនឮ ដោយសារហេតុផលនយោបាយនោះទេ ដើម្បីរក្សាផលប្រយោជន៍ និងការងារធ្វើជូនកម្មករ កម្មការិនី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រាប់ Newsroom Cambodia ថា អ្វីដែលអន្តរជាតិលើកឡើងគឺគ្រាន់តែជាការបារម្ភ ហើយកម្ពុជាស្នើសុំឱ្យមានការបន្ធូរបន្ថយ។ លោកបន្តថា កម្ពុជាបាននិងកំពុងធ្វើការងារដើម្បីជជែកជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រសួងការបរទេសដើម្បីពន្យល់ប្រាប់ទៅស្ថាប័នពាក់ព័ន្ធទាំងនោះ។
លោកបញ្ជាក់ថា៖ «ចំពោះលក្ខខណ្ឌនេះយើងចេះតាក់តែងខ្លួនឯង តាមអ្វីជាការពិតនៃការលើកឡើងគ្រាន់ជាការបារម្ភហើយយើងស្នើសុំឱ្យមានការបន្ធូរបន្ថយប៉ុណ្ណឹង ប៉ុន្តែសហភាពសហជីពគាត់បន្ថែមបន្ថយរឿងគាត់តទៀត។ រដ្ឋាភិបាលយើងបានជជែកគ្នានៅខែក្រោយជាមួយគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រសួងការបរទេសដើម្បីជជែកគ្នា ពីព្រោះកុំភ្លេចកម្ពុជាមិនស្ថិតនៅក្រោមអាណានិគមរបស់បរទេសណាមួយទេ យើងទាំងអស់គ្នាមានមោទនភាពទាំងអស់គ្នា ក៏ប៉ុន្តែលក្ខខណ្ឌដែលយើងជជែកគ្នាគឺជាភាពជាដៃគូ និងសហប្រតិបត្តិការ»។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ពីកម្ពុជា កាលពីថ្ងៃ១៣ ខែសីហា ឆ្នាំ២០២០ ក្រោយពីរដ្ឋាភិបាល លោក ហ៊ុន សែន បានបរាជ័យក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា៕