សហភាព​សហ​ជីព​កម្ពុជា ស្នើ​រដ្ឋា​ភិបាល​កម្ពុជា​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​ សេរី​ភាព លទ្ធិ​ប្រជា​ធិបតេយ្យ និងបើកលំហ​សិទ្ធិ​នយោបាយ​មុនពេលបោះឆ្នោតឆ្នាំ២០២៣ ដើម្បី​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ (GSP) និង​ប្រព័ន្ធ​អនុ​គ្រោះពន្ធលើកលែងតែអាវុធ (EBA)។

ក្នុងសេចក្ដី​ថ្លែង​ការណ៍​​របស់​សហភាព​សហជីព​កម្ពុជា​ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យ​ដឹង​ថា ការស្នើ​របស់ប្រធានា​ធិបតី​អាមេរិក និង​អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិពេលមកប្រជុំ​អាស៊ាន​ថ្មីៗ​នេះ សុំ​ឱ្យ​កម្ពុជា​​បើកលំហ​សិទ្ធិនយោបាយ សេរីភាព និង​ដោះលែង អ្នកជាប់ឃុំមនសិការ​​មុន​ពេល​បោះឆ្នោត​ឆ្នាំ២០២៣​ខាងមុខ​នេះ ហើយសហភាព​អ៊ឺរ៉ុប​ក៏បានក្រើនរំលឹក​ដល់កម្ពុជា​ជាច្រើនលើក សុំឱ្យស្ដារសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។

សេចក្ដីថ្លែងការ​ណ៍​ដដែលបន្តថា ការលើកឡើងរបស់សហ​រដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប និង​អង្គការ​សហ​ប្រជាជាតិក្នុងបំណង​ល្អសម្រាប់​ក​ម្ពុជា​ ប៉ុន្តែ​សហភាព​សហជីព​កម្ពុជា​បង្ហាញ​ក្ដីបារម្ភ​ថា បើរដ្ឋា​ភិបាល​កម្ពុជា​មិន​បានធ្វើការកែលម្អ​ស្ថានភាពសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យ តាមការស្នើរបស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក សហភាពអ៊ឺរ៉ុប និងអគ្គ​លេខា​អង្គការ​សហ​​ប្រជាជាតិកន្លង​មក​​​ ប្រព័ន្ធ​អនុ​គ្រោះពន្ធ GSP និងប្រព័ន្ធ​អនុ​គ្រោះពន្ធលើកលែងអាវុធ EBA នឹងអាចបាត់បង់ទាំងស្រុងក្នុងឆ្នាំ២០២៣។

នៅពេលកម្ពុជា​បាត់បង់ GSP និង EBA ធ្វើឱ្យកម្មករ​រាប់សែននាក់ នឹងបាត់បង់ការងារធ្វើ គ្រាន់តែសហភាព​អ៊ឺរ៉ុប​កាត់ ២០% កម្មករ​រាប់ម៉ឺននាក់អត់ការងារធ្វើ ហើយកម្ពុជា​ក៏នឹងបាត់បង់ប្រាក់ចំណូល​យ៉ាងខ្លាំង និង​ធ្វើឱ្យសេដ្ឋកិច្ច​ធ្លាក់ចុះ។ រាជ​រដ្ឋា​ភិបាល​កម្ពុជា​មិនត្រូវធ្វើមិនដឹង មិនឮ ដោយសារហេតុផលនយោបាយ​នោះទេ ដើម្បីរក្សាផលប្រយោជន៍ ​និងការងារធ្វើជូនកម្មករ កម្មការិនី។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​សហភាព​សហជីព​​កម្ពុជា។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋា​ភិបាល​ប្រាប់ Newsroom Cambodia ​ថា អ្វី​ដែល​អន្តរជាតិ​​លើកឡើង​គឺ​គ្រាន់​តែ​ជាការបារម្ភ​ ហើយកម្ពុជា​ស្នើសុំឱ្យមានការបន្ធូរ​បន្ថយ។ លោកបន្ត​ថា កម្ពុជា​បាន​និង​កំពុង​ធ្វើការងារ​ដើម្បី​ជជែកជាមួយគណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ក្រសួង​ការបរទេស​ដើម្បី​ពន្យល់​ប្រាប់​ទៅស្ថាប័ន​ពាក់ព័ន្ធ​​ទាំងនោះ។

លោកបញ្ជាក់ថា៖ «ចំពោះ​លក្ខខណ្ឌ​នេះ​យើង​ចេះ​តាក់តែង​ខ្លួនឯង តាមអ្វីជាការពិតនៃការលើកឡើងគ្រាន់ជាការបារម្ភ​ហើយយើងស្នើសុំឱ្យមានការបន្ធូរ​បន្ថយ​ប៉ុណ្ណឹង ប៉ុន្តែ​សហភាពសហជីពគាត់បន្ថែម​បន្ថយ​រឿងគាត់តទៀត។ រដ្ឋា​ភិបាល​យើងបានជជែក​គ្នានៅខែក្រោយជាមួយ​គណ:​កម្មាធិកា​រ​​សិទ្ធិមនុស្ស​កម្ពុជា និងក្រសួង​ការបរទេស​ដើម្បី​ជជែក​គ្នា ពីព្រោះ​កុំភ្លេចកម្ពុជា​មិនស្ថិតនៅក្រោមអាណានិគម​រ​បស់បរទេស​ណាមួយទេ យើងទាំងអស់គ្នាមានមោទន​ភាពទាំងអស់គ្នា ក៏ប៉ុន្តែ​លក្ខខណ្ឌដែលយើងជជែក​គ្នាគឺជាភាពជាដៃគូ ​និង​សហ​ប្រតិ​បត្តិការ»។​

គួរបញ្ជាក់​ថា សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ពីកម្ពុជា កាលពីថ្ងៃ១៣ ខែសីហា ឆ្នាំ២០២០ ក្រោយពីរដ្ឋាភិបាល លោក ហ៊ុន សែន បានបរាជ័យក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា៕​