ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តប្រកាសស្ដីពីការផ្ដល់អាជ្ញាបណ្ណទេសចរណ៍ដល់ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងសាខា ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីទេសចរណ៍ឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចេញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៣ និងទើបត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៦ ខែមករានេះបញ្ជាក់ថា ការផ្ដល់អាជ្ញាបណ្ណទេសចរណ៍នេះ បានដាក់អនុវត្តឱ្យប្រើថ្មីលេខ០០៣ ប្រក.ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដដែលបានបញ្ជាក់ថា៖ «អាជ្ញាបណ្ណការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងសាខាដែលផ្ដល់ដោយក្រសួងទេសចរណ៍កន្លងមកដែលនៅមានសុពលភាព ត្រូវបន្តអនុវត្តរហូតដល់អស់សុពលភាព»។
ក្រសួងទេសចរណ៍បានបន្តបញ្ជាក់ថា៖ «ប្រតិបត្តិករទេសចរណ៍ដែលមានបំណងប្រកបអាជីវកម្មជាការីទេសចរណ៍ និងសាខា (ថ្មី) ឬបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំថ្មីត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងប្រកាសថ្មីនេះ»។
ក្រសួងទេសចរណ៍បានអំពាវនាវទៅដល់មន្ទីររាជធានីខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ ជ្រាប និងអនុវត្តសេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕