ក្រសួងសុខាភិបាលហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ Narita Tokyo ផលិតផលជប៉ុន និង Narita Tokyo ផលិតផលជប៉ុន២ ដែលបានផ្សាយលក់ផលិតផលបំប៉នសុខភាព និង ផលិតផលគ្រឿង សម្អាងផ្សេងៗ ដោយគ្មានលេខបញ្ជិកា និងលេខប្រវេទន៍ពីក្រសួងសុខាភិបាល។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ និងត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងនៅថ្ងៃទី១៨ ខែមករានេះបញ្ជាក់ថា គណនីហ្វេសប៊ុកទាំងពីរបានលក់ផលិតផលបំប៉នសុខភាពឈ្មោះ Glucosamine OMEGA-3 Calcium X(Height Enhancer) និងផលិតផលគ្រឿងសម្អាងឈ្មោះ CureWhite ព្រមទាំងផលិតផលមួយចំនួនទៀត ដែលគ្មានលេខបញ្ជិកា និងលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃ១២ ធ្នូ ២០២២។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់តាមន័យដើមថា៖ «ក្រសួងតម្រូវឱ្យគណនីបណ្តាញសង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធដទៃទៀតត្រូវឈប់នាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឬផលិតផលគ្រឿងសម្អាងគ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ជាបន្ទាន់»។
ក្រសួងបញ្ជាក់បន្ថែមទៀតថា៖ «ក្រសួងនឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះគណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន»។
ក្នុងសេចក្តីជូនព័ត៌មាននោះ ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មិនត្រូវជឿលើការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឬ ឬផលិតផលគ្រឿងសម្អាងគ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ និងបញ្ឈប់ការប្រើប្រាស់ផលិតផលនេះបន្តទៀត ព្រោះផលិតផលដែលគ្មានបញ្ជិកា ឬប្រវេទន៍ មិនអាចធានាបាននូវគុណភាព ហើយអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។
ក្រសួងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬផលិតផលបំប៉នសុខភាព ឬផលិតផលគ្រឿងសម្អាងគ្មានលេខបញ្ជិកា ឬប្រវេទន៍ខាងលើ សូមត្រូវប្រញាប់ផ្តល់ព័ត៌មាន៕