ក្រសួងសុខាភិបាលហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ Narita Tokyo ផលិតផលជប៉ុន និង Narita Tokyo ផលិតផលជប៉ុន២ ដែលបាន​ផ្សាយ​លក់​ផលិត​ផល​បំប៉ន​សុខភាព និង ផលិតផលគ្រឿង សម្អាង​​ផ្សេងៗ ដោយគ្មានលេខបញ្ជិកា និងលេខប្រវេទន៍ពីក្រសួងសុខាភិបាល។

បើតាម​សេចក្តីជូនព័ត៌មានរបស់​ក្រសួង​សុខាភិបាល ចេញនៅ​ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០២៣ និង​ត្រូវបាន​បង្ហោះ​លើទំព័រហ្វេសប៊ុករបស់​ក្រសួង​នៅ​ថ្ងៃទី​១៨ ខែមករា​នេះ​បញ្ជាក់​ថា គណនី​ហ្វេសប៊ុក​ទាំងពីរ​បាន​លក់​ផលិតផល​បំប៉ន​សុខភាព​ឈ្មោះ Glucosamine   OMEGA-3  Calcium X(Height Enhancer) និងផលិតផលគ្រឿងសម្អាងឈ្មោះ CureWhite ព្រមទាំងផលិតផលមួយចំនួនទៀត ដែលគ្មានលេខបញ្ជិកា និងលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃ១២ ធ្នូ ២០២២។

​សេចក្តីជូនព័ត៌មានរបស់​ក្រសួង​សុខាភិបាល​បញ្ជាក់​តាមន័យ​ដើម​ថា៖ «ក្រសួង​តម្រូវ​ឱ្យ​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក និងជនពាក់ព័ន្ធដទៃទៀតត្រូវឈប់នាំចូល ចែកចាយ ឬ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​បំប៉នសុខភាព ឬផលិតផលគ្រឿងសម្អាងគ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ជាបន្ទាន់»។

ក្រសួងបញ្ជាក់បន្ថែមទៀតថា៖ «ក្រសួង​នឹង​ចាត់​វិធានការ​តឹងរឹង​តាម​ផ្លូវ​ច្បាប់​ចំពោះ​គណនី​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ខាង​លើ ទៅ​តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន»។

​ក្នុង​សេចក្តី​ជូន​ព័ត៌មាននោះ ក្រសួងសុខាភិបាល អំពាវនាវ​ឱ្យ​ប្រជាពលរ​ដ្ឋ​ទាំងអស់​មិនត្រូ​វ​ជឿ​លើ​ការផ្សព្វផ្សាយ​លក់​ផលិត​ផល​បំប៉ន​សុខភាព ឬ ឬ​ផលិតផល​គ្រឿង​សម្អាង​គ្មាន​លេខ​បញ្ជិកា ឬ​លេខ​ប្រវេទន៍ និង​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​នេះ​បន្ត​ទៀត ព្រោះផ​លិត​ផល​ដែល​គ្មាន​បញ្ជិកា ឬ​ប្រវេទន៍ មិនអាចធានាបាននូវគុណភាព ហើយ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់។

ក្រសួងក៏បាន​អំពាវនាវឱ្យប្រជាពលរដ្ឋដែលបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬ​ផលិត​ផល​បំប៉ន​សុខភាព ឬផលិតផលគ្រឿងសម្អាងគ្មានលេខបញ្ជិកា ឬប្រវេទន៍ខាងលើ សូម​ត្រូវ​ប្រញាប់​ផ្តល់​ព័ត៌មាន៕​