គណបក្សភ្លើងទៀន​ថ្កោលទោស​ចំពោះ​អាជ្ញាធរ​រាជធានី​​ភ្នំពេញ​ដែល​បាន​ចាប់ និង​ឃុំខ្លួ​ន​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៣​។​

បើ​តាមសេចក្តីថ្លែងការណ៍ដែលចេញដោយ​គណបក្ស​ភ្លើងទៀន នៅ​ថ្ងៃ​ទី​​១៦ ខែមករា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន​សូមអំពាវនាវដល់រាជរដ្ឋាភិបាល និង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដោះលែង​លោក ថាច់ សេដ្ឋា ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ជា​បន្ទាន់​​ដោយ​ឥត​លក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមគំហែង និង​ការធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​រូបភាព​មកលើថ្នាក់ដឹកនាំ សមាជិក និងសកម្មជន គណបក្សភ្លើងទៀន ដើម្បី​ធានា​បរិយាកាស​ល្អ​ប្រសើរ សម្រាប់​ដំណើរ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​ខាង​មុខ ឲ្យប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុតិ្តធម៌។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ ​«គណបក្សភ្លើងទៀន ចាត់ទុកថា ការចាប់ និង​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា គឺជារឿងនយោបាយ និងជារូបភាពគំរាមគំហែង ដើម្បី​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​មិនឲ្យចូលរួមសកម្មភាពនយោបាយជាមួយ​គណបក្សភ្លើងទៀន និង​ជា​ការធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីកាលទី៧ ឆ្នាំ​២០២៣​ខាងមុខ​រឹតតែមានភាពអាប់អួរថែមទៀត»។

លោក ថាច់ សេដ្ឋា ត្រូវបានអាជ្ញាក្រុងភ្នំពេញចាប់ខ្លួននៅរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារ ពាក់ព័ន្ធនឹង​ការ​ចេញ​សែក​ស្អុយ កាលពី​ឆ្នាំ២០១៩៕​