សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជូនដំណឹងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការហែធម្មយាត្រាចេញពីភ្នំពេញទៅខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីលើកកម្ពស់សីលធម៌សង្គម។
យោងតាមលិខិតជូនដំណឹងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចេញកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយប្រធានសមាគមអ្នកស្រី អ៊ុក ឆាយាវី លើកឡើងថា កម្មវិធីធម្មយាត្រាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នឹងមានអ្នកចូលរួមយ៉ាងតិចចំនួន៥០នាក់ ចាប់ផ្ដើមជួបជុំគ្នានៅត្រង់រូបសំណាកលោកយាយពេញ ដង្ហែចេញទៅកាន់ខេត្តពោធិ៍សាត់ បញ្ចប់នៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំង មឿង ដោយឆ្លងកាត់រាជធានីភ្នំពេញ កណ្តាល ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
ក្នុងលិខិតជូនដំណឹងដដែលបន្ថែមថា៖ «ធម្មយាត្រាស្តីពីសីលធម៌សង្គម ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម និងឱ្យមនុស្សគ្រប់រូបមិនថាអ្នកតូច ឬអ្នកមានតួនាទីត្រូវមានសីលធម៌រស់នៅក្នុងសង្គម»។
ក្នុងសេចក្តីជូនដំណឹងនោះបន្ថែមដោយអំពាវនាវ ដល់លោក ស ខេង និងអាជ្ញាធររាជធានី-ខេត្ត សហការជាមួយសហគម ដោយថា ធម្មយាត្រានេះដើម្បីមនុស្សគ្រប់រូប។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ Newsroom Cambodia នៅថ្ងៃពុធនេះថា លោកនៅមិនទាន់បានឃើញលិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅឡើយទេ។ ប៉ុន្តែលោកថា បើតាមច្បាប់បាតុកម្ម ក្រសួងមិនមែនជាអ្នកសម្រេចនោះទេ។
លោកបញ្ជាក់ថា៖ «បើរាប់ពីខាងពោធិ៍សាត់មកវិញ គាត់ត្រូវឆ្លងកាត់ខេត្ដចំនួនបួនមាន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល រាជធានីភ្នំពេញ ឆ្លង់កាត់បួនខេត្ដអាជ្ញាធរបួនជាអ្នកគ្រប់គ្រង។ អ៊ីចឹងសូមឱ្យគាត់ នេះជាយោបល់ខ្ញុំផ្ទាល់ មិនមែនជាការសម្រេចរបស់ក្រសួងនៅឡើយទេ គាត់គួរទាក់ទងអាជ្ញាធរទាំងបួន តាមផ្លូវដែលគាត់ឆ្លងកាត់ហ្នឹង តើគេអនុញ្ញាតឱ្យ ឬបង្កលក្ខណៈយ៉ាងម៉េច អាស្រ័យទៅលើថ្នាក់ដឹកនាំរបស់ខេត្ដ អាហ្នឹងតាមច្បាប់។ សូមឱ្យគាត់អនុវត្តត្រឹមត្រូវតាមច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី បានប្រាប់ Newsroom Cambodiaថា សមាគមដាក់លិខិតទៅក្រសួងមហាផ្ទៃ ដោយសារចង់បង្ហាញថា សមាគមធ្វើទៅតាមច្បាប់ ដោយត្រូវដាក់ទៅក្រសួងមហាផ្ទៃជាមុន។ អ្នកស្រីបន្តថា ប្រសិនបើក្រសួងចង់ឱ្យសមាគមដាក់លិខិតទៅតាមបណ្ដាខេត្ដនីមួយៗ ក្រសួងគួរឆ្លើយតបមកសមាគមវិញឱ្យបានច្បាស់។
អ្នកស្រីបញ្ជាក់ថា៖ «អ្វីដែលថាមិនទាន់ឃើញខ្ញុំអត់ដឹងថាខាងក្រសួងយ៉ាងម៉េចទេ មានអ្នកទទួលពាក្យមានអ្នកអី ព្រោះពួកខ្ញុំបានយកទៅដាក់ ហើយបានស៊ីញ៉េទទួលមកដល់ដៃខ្ញុំ ហើយឆ្លើយថាអត់ឃើញ ខ្ញុំអត់ដឹងថាក្រសួងគេធ្វើកាអីគេខ្ញុំមិនដឹងដែរ»៕