សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ជូន​ដំណឹង​លោក​ ស​ ខេង​ ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ អំពី​ការ​ហែ​ធម្មយាត្រា​​ចេញ​ពី​ភ្នំពេញ​ទៅ​ខេត្តពោធិ៍​សាត់​ ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម។​​

យោង​តាម​លិខិត​​ជូនដំណឹង​​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចេញកាលពី​​ថ្ងៃទី១៦​ ខែ​មករា​ ឆ្នាំ២០២៣​ ដោយប្រធានសមាគម​អ្នកស្រី អ៊ុក ឆាយាវី លើកឡើង​ថា​ កម្មវិធីធម្មយាត្រាដែល​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​​ នេះ នឹងមាន​អ្នក​ចូលរួម​យ៉ាង​តិច​​ចំនួន​៥០នាក់ ចាប់ផ្ដើមជួបជុំគ្នានៅត្រង់រូបសំណាកលោកយាយពេញ ដង្ហែ​ចេញ​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់ បញ្ចប់នៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំង មឿង ដោយ​ឆ្លង​កាត់​រាជធានី​ភ្នំពេញ កណ្តាល ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

ក្នុង​លិខិត​ជូនដំណឹងដដែល​បន្ថែម​ថា៖ «ធម្មយាត្រា​ស្តី​ពី​សីលធម៌​សង្គម​ ក្នុង​គោល​បំណង​លើក​កម្ពស់​​សីល​​ធម៌​​សង្គម​ និង​ឱ្យ​មនុស្ស​គ្រប់​រូប​មិន​ថា​អ្នក​តូច​ ឬ​អ្នក​មាន​តួនាទី​ត្រូវ​មាន​សីល​ធម៌​រស់​នៅក្នុងសង្គ​ម»។

ក្នុង​សេចក្តី​ជូនដំណឹង​នោះបន្ថែម​ដោយ​អំពាវ​នាវ ដល់​លោក​ ស​ ខេង និង​អាជ្ញាធរ​រាជធានី​-ខេត្ត សហការ​ជា​មួយ​សហគម​ ដោយ​ថា ​ធម្មយាត្រានេះដើម្បី​មនុស្ស​គ្រប់​រូប។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ប្រាប់ Newsroom Cambodia នៅថ្ងៃពុធ​នេះ​​ថា លោកនៅមិនទាន់បានឃើញលិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅឡើយទេ។ ប៉ុន្តែ​លោក​​ថា បើតាម​ច្បាប់​បាតុកម្ម ក្រសួង​​មិនមែន​ជា​អ្នក​សម្រេច​នោះ​ទេ​​​។

​​​​លោកបញ្ជាក់​ថា​៖​ ‍‍‍‍«បើរាប់ពីខាង​ពោធិ៍សាត់​​មកវិញ គាត់ត្រូវឆ្លងកាត់ខេត្ដចំនួន​បួន​មាន ពោធិ៍សាត់​ កំពង់​ឆ្នាំង​ កំពង់​ស្ពឺ​ កណ្ដាល​ រាជធានីភ្នំពេញ​ ឆ្លង់កាត់បួនខេត្ដ​អាជ្ញាធរ​បួន​ជា​អ្នក​គ្រប់គ្រង។ អ៊ីចឹង​សូម​ឱ្យ​គាត់​ នេះ​ជា​យោបល់​ខ្ញុំផ្ទាល់​ មិនមែនជាការ​សម្រេច​របស់​ក្រសួង​នៅ​ឡើយ​ទេ​ គាត់​គួរ​​ទាក់ទង​អាជ្ញាធរ​ទាំង​បួន​ តាម​ផ្លូវ​ដែល​គាត់​ឆ្លង​កាត់​ហ្នឹង តើ​គេអ​នុញ្ញាត​ឱ្យ ឬ​បង្ក​លក្ខណៈ​យ៉ាង​ម៉េច​ អាស្រ័យ​ទៅ​លើ​ថ្នាក់ដឹកនាំ​របស់​ខេត្ដ អាហ្នឹ​ង​តាមច្បា​ប់​។ សូម​ឱ្យ​គាត់​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី​»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី ​អ៊ុក ឆាយ៉ាវី​ បាន​ប្រាប់ Newsroom Cambodia​ថា សមាគម​ដាក់​លិខិត​ទៅក្រសួងមហា​ផ្ទៃ​​ ដោយសារ​​ចង់​បង្ហាញ​ថា ​សមាគមធ្វើ​ទៅ​តាម​ច្បាប់ ដោយត្រូវ​ដាក់ទៅក្រសួងមហាផ្ទៃជាមុន។ អ្នកស្រីបន្ត​​ថា ប្រសិន​បើ​ក្រសួង​ចង់ឱ្យ​សមាគម​ដាក់​លិខិត​ទៅ​តាម​បណ្ដា​ខេត្ដ​នីមួយៗ ក្រសួងគួរ​​​ឆ្លើយ​តប​មក​សមាគម​​វិញ​ឱ្យ​បាន​ច្បាស់។

អ្នកស្រីបញ្ជាក់​ថា៖ «អ្វី​ដែល​ថា​មិន​ទាន់​ឃើញ​ខ្ញុំ​អត់​ដឹង​ថា​ខាង​ក្រសួង​យ៉ាង​ម៉េច​ទេ ​មាន​អ្នក​ទទួល​ពាក្យ​មាន​អ្ន​ក​អី ​ព្រោះ​​ពួក​​ខ្ញុំ​​បា​នយក​​ទៅដាក់​ ហើយ​បានស៊ីញ៉េ​​ទទួល​មក​ដល់​ដៃ​ខ្ញុំ ​ហើយ​ឆ្លើយ​ថា​អត់ឃើញ​ ខ្ញុំ​អត់ដឹង​ថា​ក្រសួង​គេ​ធ្វើកា​អីគេខ្ញុំ​មិនដឹង​ដែរ»៕