ក្រសួង​ទេសចរណ៍​នឹង​រៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ដល់​២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គិតគូរឡើងវិញពីភាពធន់ និង​បច្ចេកវិទ្យា​ក្នុង​វិស័យទេសចរណ៍»។

បើតាមការចេញផ្សាយលើទំព័រហ្វេកប៊ុកផ្លូវការរបស់​ក្រសួងទេសចរណ៍នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គ លើក​ទី៥១ និងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ដល់​២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គិតគូរឡើងវិញពីភាពធន់ និង​បច្ចេកវិទ្យា​ក្នុងវិស័យទេសចរណ៍»។

ក្នុងការផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការក្រសួងដដែល បាន​ស្រង់​សម្តី​របស់​​ អគ្គ​នាយក​អភិវឌ្ឍន៍​ទេសចរណ៍លោក ថោង រដ្ឋសក្តិ និងសហប្រតិបត្តិការអន្តរជាតិ​ថា៖ «វេទិកា​ទេស​ចរណ៍​មេគង្គ គឺជា​កម្មវិធី​មួយ​ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ប្រទេស​មហា​អនុ​តំបន់​មេគង្គ  ដោយផ្តោតសំខាន់ក្នុងការពង្រឹង និង​លើកក​ម្ពស់​ភាព​ជា​ដៃ​គូ​រដ្ឋ និង​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ សំដៅ​អភិវឌ្ឍ​ផលិតផល និង​ជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​ប្រទេស​មហា​អនុ​តំប​ន់មេគង្គ ឲ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និង​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី និងល្អឯកដល់ភ្ញៀវទេសចរ»។

លោកបន្ថែមថា កម្មវិធីវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ និ​ង​គិតគូរ​ឡើងវិ​ញ​ពី​វិស័យ​ទេសចរណ៍ និងប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍។ ក្រៅពីនេះក៏មានកិច្ចពិភាក្សា ចំនួន៣ផ្សេងទៀតរួមមាន ទេសចរណ៍វ័យឆ្លាត និង​គោលដៅ​ទេសចរណ៍​វ័យឆ្លាត​តាម​រយៈ​បច្ចេក​វិទ្យា គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី និង​​ការពង្រឹង​មូល​ធន​មនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍៕