ក្នុង​រយៈពេល​បួន​ថ្ងៃ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ ខេត្តព្រះវិហារ រក​ឃើញ​បទល្មើស​ព្រៃឈើ​ចំនួន​៤០​ករណី និង​៦៣ក្តារបន្ទះក្នុងដែនជម្រកសត្វព្រៃព្រះរការ។

​​​យោង​តាម​ទំព័រ​ហ្វេសបុក​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​​តិចកួយ​ភូមិប្រមេរុ បាន​ចុះ​ផ្សាយ​​​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា បទល្មើសព្រៃឈើ​ដែល​សហគមន៍​ចាប់​បាន​ក្នុង​រយៈពេល​៤​ថ្ងៃនោះ គឺចាប់ពី​ថ្ងៃទី​១០ ដល់ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣។ សហគមន៍​​​បន្ថែម​ថា ឈើ​​​ដែលត្រូវ​បាន​កាប់​​​មានមុខកាត់ចាប់ពី​​ ៣៤សង់ទីម៉ែត្រ​​ ដល់៩០​ សង់ទីម៉ែត្រ ​ដែល​ក្នុង​នោះ​មាន​ប្រភេទ​ឈើ​ពពេល​​ ផ្តៀក ស្ទៀង​ កកោះ ​ឈ្លីក​ និង​ឈើទា​ល (​​ឈើដែលសហគមន៍​ទាញ​អនុផល​ជ័រ​ច្បោះ)​។

ទំព័រហ្វេសប៊ុក​ដដែល​បញ្ជាក់ថា៖ «កា​ប្រទះ​ឃើញ​បទ​ល្មើស​ចំនួន​៤០​ករណី​ ក្នុង​​នោះ​​ការ​​ដឹក​​​ឈើ​​​ចេញ​​ដោយ​​ប្រើ​​គោយន្ដ​​ចំនួន​​២​​ករណី​​ ដោយ​​ចាប់​​ផ្តើម​​ត្រង់​​ចំណុច​​ដែល​​មាន​​និយាម​​ការ​​ X=​516392​ Y=1527464​ដល់​ចំណុច​ដែល​មាន​និយាមការ​ X=520981​ Y=1557179​ ក្នុង​រយៈចំងាយប្រមាណជា​ ៥០​ គីឡូម៉ែត្រ»។​

ទំព័ហ្វេសប៊ុក​ដដែល​បាន​បាន​បន្ថែម​ថា សហគមន៍ជនជាតិដើមភាគតិចកួយ​ភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅតែបន្តប្រទះ​ឃើញ​ករណី​បទល្មើស​កើត​មានឥតស្រាកស្រាន្តជា​​ហូរហែ​​ក្នុង​​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ​ ទោះបីជា​ការរក​ឃើញ​ទាំង​នោះធ្លា​ប់​បាន​ចេញ​ផ្សាយ​ជា​ប្រចាំ​ស្ទើ​តែ​ពេញ​មួយ​ឆ្នាំកាលពី​ឆ្នាំ២០២២​យ៉ាងណាក្តី។​​

ទំព័រហ្វេសប៊ុក​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ​បន្ថែមថា​ ​ពួកគេ​សោកស្តាយ​ចំពោះ​ការ​អនុវត្ត​ផែនការ​ក្នុង​ការ​ល្បាត​ការពារ​ព្រៃពីសំណាក់​ក្រសួងបរិស្ថាន។

ទំព័រហ្វេសប៊ុក​នោះ​សរសេរ​ថា៖ «​​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​កង្វះ​សមត្ថភាព​ និង​ឆន្ទៈ​ក្នុង​ការ​ការ​ពារ​ព្រៃឈើ​ ធនធាន​ធម្មជាតិ​ ពី​សំណាក់​ក្រសួង​បរិស្ថាន​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ដែល​វា​បាន​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​ជីវភាព​រស់​នៅ​របស់ប្រជាពលរដ្ឋ​ បរិស្ថាន​ និង​ទំនៀម​ទម្លាប់​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​​»។​

សហគមន៍​ជនជាតិ​ដើមភាគ​តិច​គួយ​ក៏​បាន​​អំពាវ​នាវ​សារ​ជាថ្មី​ដល់​អាជ្ញា​ធរមូល​ដ្ឋាន​ និង​ក្រសួង​បរិស្ថាន ​បញ្ឈប់​ការ​រារាំង​សិទ្ធិ​សេរីភាព​ និង​សូម​​បង្ក​បរិយាកាស​ល្អ​ដល់​អង្គកា​​រ​សង្គមស៊ីវិល​ សាធារណ​ជន​ សហគមន៍​មូលដ្ឋាន​ក្នុងការ​រួមចំណែក​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​​​ពង្រឹង​​​ការ​អនុវត្ត​​ច្បាប់​​របស់​​មន្ត្រី​មូលដ្ឋាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ តម្លាភាព​ និង​ការ​ទទួល​​ខុស​ត្រូវ​។​ ពួកគេ​ក៏​បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​បង្កើត​យន្ត​ការ​តាម​ដាន​ការ​អនុវត្ត​ច្បា​ប់​របស់​មន្ត្រីមូលដ្ឋាន និង​ដាក់​ទោស​ទណ្ឌ​បើ​សិន​រក​ឃើញ​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ស៊ី​សំណូក​ជា​មួយ​ឈ្មួញ​ខិលខូច។

Newsroom Cambodia មិនអាច​ទាក់ទង​សុំការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បានទេ។

លោក​ សាន់ ម៉ាឡា​ សកម្មជន​ព្រៃឈើ​នៅកម្ពុជា​បានឱ្យដឹងថា​ ការរក​ឃើញ​បទល្មើស​ព្រៃឈើ​ចំនួន​៤០​​ករណី​ ជា​ការបញ្ជាក់ជា​ថ្មី​ថា ​ក្រសួង​បរិស្ថាន​ពុំ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ពារ ​និង​ថែរក្សា​ធនធាន​ព្រៃ​ឈើ​​​​។

លោកបញ្ជាក់ថា​៖ «ប្រជាជនដែលជាអ្នកថែរក្សា និងប្រកបរបរ​ពី​ការដង​ជ័រ​ច្បោះ​ក៏​ចាប់ផ្តើម​មាន​ការបាក់​ទឹក​ចិត្ត និងលក់ដើមជ័រច្បោះរបស់ពួកគាត់ទៅអោយឈ្មួញខិល​ខូច​ម្តង​មួយៗ ដោយសារ​សហគមន៍​គាត់​អត់​មានជំនឿលើថាក្រសួងបរិស្ថាន អាច​ការពារ​នូវ​ធនធាន​ច្បោះ​ដែល​ជា​ទ្រព្យ​សម្បត្តិ​​ពី​ដូនតា​របស់​ពួកគាត់​បាន​ឡើយ»។

លោកបន្ថែមថា៖ «ក្រសួង​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ការងា​របស់​ខ្លួន​ជា​បន្ទាន់​ ជា​ពិសេស​ការិតត្បិ​ត​ និង​ត្រូវ​តែ​លើក​ទឹក​ចិត្ត​អោយ​សហគមន៍​មូលដ្ឋាន​ មហាជន​ ក៏​ដូច​ជា​សកម្មជន​ព្រៃឈើ​ចូលរួម​ចំណែក​ក្នុង​ការងារ​អភិរក្សរាកាពារ​ព្រៃឈើ​មួយនេះ​ ទើប​អាច​ធានា​បាននូវ​ប្រសិទ្ធ​ភាព​​ខ្ពស់​ ហើយ​អាច​ទប់​ស្កាត់​បាន​១​០០​ភាគរយ​ក្នុងកាប់​បំផ្លាញ​ព្រៃឈើ​​ក្នុងដែន​ជម្រក​ព្រៃ​ព្រះរការ​ ក៏ដូច​ជាតំបន់​ការពារ​ដ៏ទៃ​ទៀត»៕​