គណបក្សប្រជាជនកម្ពុជា​នៅ​ថ្ងៃ​សុក្រនេះ​​ប្រកាសថា ការចោទ​ប្រកាន់​​របស់​គណបក្សភ្លើងទៀន​​ដែល​ថា​គណបក្ស​កាន់អំណាច​​​គាប​សង្កត់​ គំរាមកំហែង និង​ធ្វើទុក្ខបុក​ម្នេញផ្នែកនយោបាយ​​​លើ​គណបក្ស​ប្រឆាំង ជាការ​លើកឡើងដែល​​​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​​ដល់​ភាព​ត្រឹមត្រូវ​ ​និង​សេចក្តីថ្លៃថ្នូរ​​គណបក្ស​ខ្លួន។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្សប្រជាជនកម្ពុជា​នៅ​ថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២៣ គណបក្ស​ប្រជាជនកម្ពុជា​ គាំទ្រ​ពេញ​ទំហឹង​រាល់​ចំណាត់​ការ​​របស់​រាជរដ្ឋាភិបាល​ និង​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ ចំពោះ​គ្រប់​បុគ្គល​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ ​ដែល​ត្រូវ​តែ​ទទួល​ទោស​ទណ្ឌតាម​ ​ការ​កំណត់​នៃ​ច្បាប់​ ​ដែល​គ្រប់​ប្រទេស​នៅ​ក្នុង​ពិភពលោក​ក៏​អនុវត្ត​ដូចគ្នា​នេះ​ដែរ​។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្សប្រជាជនកម្ពុជា​លើក​ឡើង​ថា​៖ «គណបក្សប្រជាជនកម្ពុជា​នឹង​ធ្វើអ្វីៗ​ទាំងអស់​តាមច្បាប់​ ដើម្បី​ការពារ​ខ្លួន​មិន​ឲ្យ​គេ​រំលោភបំពាន​បានឡើយ​»។

សេចក្តីថ្លែងការណ៍​ដដែល​បាន​បង្ហាញ​ថា​៖«​គណបក្សប្រជាជនកម្ពុជា​ថា ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​បណ្ដា​គណបក្សនយោបាយ​ ​និង ​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម​ ដើម្បី​ពង្រឹង​បរិយាកាស​នយោបាយ​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត​ ​សំដៅ​ធានា​ឲ្យ​ការ​ បោះឆ្នោត​នៅ​ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​»។

សេចក្តីថ្លែងការណ៍​របស់គណបក្ស​ប្រជាជនកម្ពុជា​ធ្វើ​ឡើង​បន្ទាប់ពី​គណបក្ស​​ភ្លើងទៀនកាលពី​ថ្ងៃ​ទី១៨ ខែមករា​ ឆ្នាំ២០២៣ បានចេញសេចក្តី​ថ្លែងការណ៍​​មួយ​ក្រោយ​មានការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​នេះ និងការ​ចោទប្រកាន់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ភ្លើងទៀន​ជាបន្ត​បន្ទាប់ ដោយក្នុង​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា៖ «ប្រឆាំង​ដាច់​ខាត​លើ​ការ​គាបសង្កត់​ ការគំរាមកំហែង និង ការធ្វើទុក្ខបុក​ម្នេញផ្នែកនយោបាយគ្រប់​រូប​ភាព​ពី​គណបក្ស​កាន់អំណាច​ និងទាមទារឱ្យបញ្ឈប់​សកម្មភាព​នេះជា​បន្ទាន់​»។

នៅ​ថ្ងៃ​​ទី២០​ ខែមករា​ ឆ្នាំ២០២៣នេះ ​គណបក្ស​ភ្លើងទៀន​ក៏​បាន​​ចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយ​តប​នឹង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្សកាន់អំណាច ដោយ​លើកឡើងថា គណបបក្សភ្លើងទៀន​សាទរនូ​វ​សេចក្តី​ថ្លែង​ការណ៍របស់​គណបក្សប្រជាជន​កម្ពុជា​ដែល​បា​ន​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ ត្រឹមត្រូវ​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​គណបក្ស​ ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កំពុង​កាន់​អំណាច​។

សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​បញ្ជាក់​​ថា​៖ «គាំទ្រ​នូវ​ជំហរ​របស់​គណបក្សប្រជាជនកម្ពុជា​ ក្នុង​ការ​ពង្រឹង​នូវ បរិយាកាស​នយោបាយ​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត​ សំដៅ​ធានា​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត ​អាណត្តិទី៧​ នៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​ត្រឹមត្រូវ​ និង​យុត្តិធម៌​»។

អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា​លោក សុខ ​ឥសាន បាន​លើកឡើង​ថា ​ប្រសិនបើ​មិនមាន​ការ​ចេញសេ​ចក្តីថ្លែងការណ៍​​សុំទោស​ជាសាធារណៈ​ទេ នោះនឹង​​នាំ​ឱ្យ​មហាជន​ ប្រជាជន​ទាំង​នៅ​ក្នុង​ទាំង​ក្រៅប្រទេស​​មាន​ការយល់ច្រឡំ​ ដែល​​ជា​ការ​ប៉ះពាល់​កត្តិយស​សេចក្តីថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជនកម្ពុជា​។

លោក សុខ ​ឥសាន​​មាន​ប្រសាសន៍​ថា៖​ «​ដែល​នាំឱ្យ​ប៉ះពាល់​ទៅ​ដល់​បរិយាកាស​នយោបាយ​ឆ្ពោះ​ទៅរក​ការបោះឆ្នោត​ អា​ហ្នឹងហើយ​ដែល​ហៅ​ថាប៉ះពាល់​នោះ ​តែ​បើ​មិនប៉ះពាល់​ទេ​សម្តេច​ប្រធាន​គណបក្ស​លោកមិនមែន​ប្រតិកម្ម​ទេ​»​។

លោក សុខ ឥសាន ​បាន​​បន្ថែម​ថា៖ ​«គណបក្សប្រជាជនកម្ពុជា​ជា​គណបក្សប្រកួតប្រជែង​​ដូច​​គណបក្ស​ដទៃ​ដែរ​ អញ្ចឹងទេ​មានហេតុផល​អី​ដែល​មក​ចោទ​ថា​គណបក្សប្រជាជន​ជា​អ្នក​គំរាមគំហែង​ទៅ​លើ​គណបក្ស​ភ្លើង​ទាន​ដែល​នាំ​អោយ​បរិយាកាស​នយោបាយ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​នឹង​មាន​លក្ខណៈ​អាប់អួរ​មិនល្អ​»។

លោក ឯម​ សុវណ្ណារ៉ា ​ជា​អ្នកវិភាគឯករាជ្យ​បាន​បង្ហាញ​ថា​ ការ​អំពាវ​នាវ​របស់​គណបក្សភ្លើងទៀន ​មាន​​​ហេតុផល​ដោយ​សារ​កម្ពុជា​ក៏​ជា​ប្រទេស​​ហត្ថ​លេខីនៃ​សន្ធិសញ្ញាទីក្រុងប៉ារីស​ ២៣​ តុលា ​១៩៩១។ លោកថា ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​គួរ​តែ​អនុវត្តតាម​​យន្ត​ការរដ្ឋប្បវេណី​មុន​នឹង​ចាត់​វិធាន​ការ​ព្រហ្មទណ្ឌ ​ដើម្បី​បញ្ចៀស​ពីការ​ចោទប្រកាន់​ថា ​កម្ពុជា​ខ្វះ​បរិយាកាស​ប្រជាធិបតេយ្យ​ហើយ​កិច្ចការ​សំខាន់​ដែល​អ្នកនយោបាយ​គួរតែ​អនុវត្ត​គោលការណ៍​ច្បាប់​ជាង​វោហាស័ព្ទ​។

លោក​បាន​បញ្ជាក់​ថា៖ ​«​កម្ពុជាមាន​កាតព្វកិច្ច​ ឬ​ក៏​ជំរុញ​ឱ្យ​បណ្តា​រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវតែ​គោរព​តាម​ខ្លឹមសារ​នៃ​ការ​អនុវត្តន៍​សិទ្ធិមនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ក្របខណ្ឌ​ប្រទេសកម្ពុជា​ […]​ វោហាស័ព្ទ​នយោបាយ​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ទេ ​បើ​អនុវត្តគោលការណ៍​ច្បាប់​ទើប​មាន​ប្រសិទ្ធ​ភាព​ បាន​ន័យ​ថា​យន្ត​ការ​អ្វី​ដែល​គណបក្សភ្លើងទៀន​លើកឡើង​មាន​ហេតុផល​សមស្រប​ច្រើន​ទាក់ទង​នឹង​សន្ធិសញ្ញាទីក្រុងប៉ារីស»​។

ក្នុង​រយៈពេល​ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេឃើញ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ត្រូវរនូវការ​ព្រមាន និង​ចោទប្រកាន់​ផ្លូវ​ច្បាប់​ជាញឹកញាប់ តួយ៉ាង​មានលោក​ សុន ឆ័យ និង​លោក គង់ គាំ ជាដើម​៕