តារាកំប្លែងល្បី លោកចែម ចាន់រ៉ា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមពីការកាប់ព្រៃឈើនៅភ្នំឱរ៉ាល ហើយថាមិនឃើញមានការបង្រ្កាបពីអាជ្ញាធរនៅក្នុងតំបន់នោះឡើយ។

ក្នុងវីដេអូដែលលោកបានផ្សព្វផ្សាយនោះ មានមនុស្សចូលទស្សនាជាច្រើនហើយមានការបញ្ចេញមតិថាលោកជាតារា មិនគួរនិយាយពីបញ្ហាកាប់ព្រៃឈើទេ ព្រោះខ្លាចមានការប៉ះពាល់ និងមានមតិខ្លះថាជញ្ជាំងផ្ទះលោក ប្រើនិងក្រាលដោយឈើ ជាពិសេសគ្រឿងសង្ហារឹមដែលដាក់តុបតែងក្នុងផ្ទះគឺសុទ្ធតែឈើ។

នៅពេលដែលអ្នកសារព័ត៍មាន Newsroom Cambodia បានទាក់ទងទៅដើម្បីសុំការអត្ថាធិប្បាយបន្ថែម លោកចែម ចាន់រ៉ា បានបដិសេដមិនឆ្លើយតប។

នៅក្នុងវីដេអូដដែល លោកចែម ចាន់រ៉ា ហៅពាក់មី បានតបទៅកាន់អ្នកទស្សនាថាយើងដូចជាម្ចាស់ព្រៃដែរគួរតែនិយាយខ្លះទៅ។

ចំណែកមតិដែលថាផ្ទះធ្វើពីឈើនោះលោកបានជម្រាបថា តម្រូវការឈើក្នុងប្រទេសចេះតែមានហើយដើម្បីយកមកប្រើប្រាស់ដូចជាធ្វើគ្រឿងសង្ហារឹម ឬយកធ្វើផ្ទះជាដើម។ លោកថាបើត្រឹមតែការប្រើប្រាស់ក្នុងប្រទេសគឺមិនរលាយហិនហោចទេ តែប្រហែលជាមានការដឹកចេញទៅក្រៅប្រទេសច្រើនជាពិសេសប្រភេទឈើប្រណិត។

លោកបន្តថា៖ «បេង នាងនួន ក្រញូង ដែលជាប្រភេទឈើលេខ១ បើក្រញូងវិញបងប្អូនអើយ អស់ទាំងឬស ចឹងមិនបាច់ក្មេងជំនាន់ក្រោយទេសូម្បីតែខ្ញុំរកដើមក្រញូងទៅមើលផ្ទាល់ដល់ព្រៃ ក៏រកមិនឃើញដែរបាទ អស់ហើយបាទ អស់រលីង អស់ទាំងឬសទៀត។»

ករណីមួយទៀតដែលលោកឆ្ងល់នោះគឺហេតុអ្វីការបង្រ្កាបនៅតែមិនអស់ បើការកាប់ព្រៃឈើប្រើដោយរណារដែលមានសំឡេងឮខ្លាំងប្រហែល ១០គីឡូម៉ែត្រឯណោះ។ បើមកចាប់តែកន្លែងកាប់ក៏អស់ដែរ ឬចាប់តែមុខផ្ទះក៏បានដែរព្រោះឈើទាំងនោះដឹកតែតាមមុខផ្ទះទេ។

លោកក៏បានជួបជាមួយប្រជាពលរដ្ឋដែលជាអ្នកកាប់ឈើហើយពួកគេប្រាប់លោកថាដោយសារជីវភាពក្រីក្រ លោកបានពន្យល់ឱ្យពួកគាត់ទៅរកមុខរបរផ្សេងក្រៅពីការកាប់ព្រៃឈើទៀតផង៕

ជាចុងក្រោយលោក ចាន់រ៉ា ឱ្យប្រជាជនខ្មែរចូលរួមផ្សព្វផ្សាយទាំងគ្នាមិនចាំតែអ្នកចាប់ទេដើម្បីឱ្យអ្នកដែលកាប់ព្រៃឈើបានឃើញហើយងាកមករកមុខរបរថ្មីហើយបើយើងមិនជួយទេនោះដើមឈើធំៗជាច្រើននិងត្រូវបាត់បង់ជាមិនខាន៕