លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងចូលរួមជំនួបលើកដំបូងរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានក្នុងឆ្នាំ២០២៣ ដើម្បីតាមដានសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត និងសេចក្ដីប្រកាសស្ដីពីសេដ្ឋកិច្ចបៃតង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា តបតាមការអញ្ជើញរបស់លោកជំទាវ រ៉េតណូ អិល.ភី ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «កិច្ចប្រជុំ (ACC) លើកទី៣២ នឹងផ្ដោតលើការបន្តតាមដានសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត និងសេចក្ដីប្រកាសស្ដីពីសេដ្ឋកិច្ចបៃតង។ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏នឹងពិភាក្សាអំពីអាទិភាពនានានៅក្នុងឆ្នាំ២០២៣ផងដែរ»។
តាមសេចក្ដីប្រកាសព័ត៌មានបានបន្ថែមថា ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននឹងពិភាក្សាអំពីការតាមដានការងាររបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ រួមទាំងការពិនិត្យឡើងវិញ និងការសម្រេចរបស់ថ្នាក់ដឹកនាំ ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និង អនុសាសន៍ស្ដីពីការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន។ កិច្ចប្រជុំចង្អៀតនោះក៏នឹងមានការផ្លាស់ប្ដូរទស្សនៈអំពីទំនាក់ទំនងខាងក្រៅរបស់អាស៊ានក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ»។
គួរបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ី នឹងដឹកនាំដំណើរការអាស៊ាននៅឆ្នាំនេះ ក្រោមមូលបទ «អាស៊ានសំខាន់៖ ចំណុចកណ្ដាលនៃកំណើន» ដើម្បីធានាថាអាស៊ានក្លាយជាចំណុចនៃកិច្ចសហប្រត្តិបត្តិការដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។
នៅក្នុងឱកាសនៃជំនួបខាងលើ លោក ប្រាក់សុខុន រំពឹងថានឹងមានកិច្ចសន្ទនាដាច់ដោយឡែកជាមួយសមភាគីរបស់ឯកឧត្តមពីប្រទេសអាស៊ានមួយចំនួនផងដែរ៕