ក្រសួងអប់រំយុវជននិងកីឡា និងក្រសួងប្រៃសណីយ៍កម្ពុជា បាន​ដាក់​ឱ្យ​ប្រើ​វិញ្ញាបនបត្រ​បណ្តោះ​អាសន្ន​មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ដែលមាន QR Code ស្តង់ដារ។​

យោងតាមសេចក្តីជូនដំណឹងអន្តរក្រសួង ដែលបានចេញរួមគ្នា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពី​ការដាក់ឱ្យប្រើ​វិញ្ញាបនបត្រ​បណ្តោះ​អាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ៥ ធ្នូ ២០២២ ដែលមានដាក់QR Code ស្តង់ដារ ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh បញ្ជាក់ថា សញ្ញាបត្រ​បណ្តោះ​អាសន្ន​មាន​ QR Code នេះ អាចផ្ទៀងផ្ទាត់អំពី​យថាភូតភាព បូរណភាព និងសុពលភាព តាមរយ:​ថ្នាល​ផ្ទៀង​ឯកសារ verify.gov.kh ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍។

សេចក្តី​ជូន​ដំណឹង​របស់​អន្តរ​ក្រសួង​​ដដែល​បញ្ជាក់ថា៖ «សិស្សានុសិស្ស​អាច​ប្រើ​វិញ្ញាបនបត្រ​​នេះ ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​ចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយ​​ពុំ​ចាំបាច់​តម្រូឱ្យ​ធ្វើ​នីត្យានុកូល​កម្ម​លើ​ឯកសារ​ថត​ចម្លង​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​ក្នុងទម្រង់ជាក្រដាស ហើយ​គ្រឹះស្ថានឧត្តមសិក្សាទាំងអស់អាចស្កេន QR Code ស្តង់ដារ ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​វិញ្ញាបនបត្រតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify gov.kh»។

ក្រសួង​បន្ត​ថា ការដាក់ឱ្យប្រើវិញ្ញាបនបត្រនេះ គឺជា​ការវិវឌ្ឍ​ថ្មីមួយ​ក្នុង​ការប្រើប្រាស់​បច្ចេក​ទេស​ឌីជីថល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា​សាធារណ:​កាន់តែ​ងាយ​ស្រួល និងមានប្រសិទ្ធភាពខ្ពស់ ដែលជាជំហានថ្មីក្នុងការជំរុញការធ្វើបដិវត្តន៍កម្មឌីជីថល ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ ស្របតាមក្របខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា និង​គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា​។

ក្រសួងបន្ថែមថា សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះបាន ដោយចូល​ទៅ​ឆាណែល​តេឡេក្រាម (Telegram Channel) ឈ្មោះ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យម​សិក្សា​ទុតិយ​ភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ (http://t.me/TemporaryBacIICertificateBot) ឬទំនាក់ទំន​ង​ដោយ​ផ្ទាល់នៅមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្ត៕​