លោក ប្រាក់​ សុខុន​ រដ្ឋមន្រ្តី​ក្រ​សួ​ង​​​ការ​​​ប​​រ​ទេស​​​កម្ពុជា​​​​​ នឹងចូល​រួម​ជំនួប​លើក​ដំបូង​របស់​រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន​ក្នុង​ឆ្នាំ​២០២៣ ដើម្បី​​តាមដាន​​​សំណើសុំ​ចូល​ជា​សមាជិក​​​អាស៊ាន​របស់​ប្រទេស​ទីម័រ​ខាង​​កើត និងសេចក្ដីប្រកាសស្ដីពីសេដ្ឋកិច្ចបៃតង​។​

យោង​តាម​សេច​ក្ដី​ប្រ​កាស​ព័ត៌មាន​របស់ក្រ​សួ​ង​​​ការ​​​ប​​រ​ទេស​​​ និង​​​ស​ហ​ប្រ​តិ​ប​ត្តិ​កា​​រ​អ​ន្ត​រ​ជាតិ​ ចេញ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣​ ​បញ្ជាក់ថា តបតាម​ការអញ្ជើញ​របស់​លោក​ជំ​ទាវ​ រ៉េត​ណូ​ អិល​.ភី​ ម៉ារស៊ូ​ឌី​ រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារណ​រដ្ឋ​ឥណ្ឌូនេស៊ី ឯកឧត្ដម ប្រាក់ សុខុន​ រដ្ឋ​មន្រ្តី​ការបរទេស​​កម្ពុជា នឹង​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំក្រុម​ប្រឹក្សា​សម្រប​សម្រួល​អាស៊ាន​ (ACC)  លើក​ទី​៣២​ និង​កិច្ច​ប្រ​ជុំ​ចង្អៀត​រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៣-៤​ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅទី​ក្រុង​ហ្សា​កាតា។

សេចក្ដីប្រ​កាស​ព័ត៌មាន​​ដដែល​បញ្ជាក់​ថា៖ «​កិច្ចប្រជុំ​ (ACC) លើក​ទី៣២ នឹង​ផ្ដោត​​លើការ​បន្តតាម​ដាន​​សេចក្ដី​ថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន​ស្ដីពី​សំណើសុំ​ចូល​ជា​សមាជិក​​​អាស៊ាន​របស់​ប្រទេស​ទីម័រខាង​កើត និងសេចក្ដីប្រកាសស្ដីពីសេដ្ឋកិច្ចបៃតង។ រដ្ឋមន្រ្តីការបរទេសអាស៊ាន​ក៏​នឹង​ពិភាក្សា​អំពី​​អាទិភាពនានានៅ​ក្នុង​ឆ្នាំ​២០២៣​ផង​ដែរ»។

​តាម​​សេ​ច​​ក្ដី​​​ប្រ​​​​កា​​ស​ព័​ត៌​មា​ន​​​បា​ន​បន្ថែម​ថា​​ ​ក្នុង​​​កិ​ច្ច​​​ប្រ​ជុំ​​ច​ង្អៀ​ត​​​រដ្ឋ​ម​ន្រ្តី​​​ការ​ប​រ​ទេ​ស​អា​ស៊ា​ន​​​​​នឹង​​ពិភាក្សា​​​អំ​ពី​​​កា​រ​តា​មដា​ន​​​កា​រ​ងា​រ​​រ​ប​ស់​​​កិ​ច្ច​​​ប្រ​ជុំ​​​កំ​ពូ​ល​​​អា​ស៊ា​ន​​លើ​ក​​​ទី​​​៤​​០-៤១ រួមទាំង​ការពិនិត្យ​ឡើង​វិញ​ និង​ការ​សម្រេច​របស់​ថ្នាក់​ដឹក​នាំ​ ស្ដី​ពីការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំចំណុច​ និង អនុសាសន៍ស្ដីពីការ​ពង្រឹង​សមត្ថភាព​ និង​ប្រសិទ្ធភាព​ស្ថាប័ន​របស់​អាស៊ាន​។ កិច្ចប្រជុំ​ចង្អៀត​នោះ​ក៏​​នឹង​មានការ​​ផ្លាស់​ប្ដូរ​ទស្សនៈអំពី​ទំនាក់​ទំនង​ខាង​ក្រៅ​របស់​អាស៊ាន​ក៏ដូចជា​បញ្ហាក្នុង​តំបន់​ និង​អន្តរជាតិ​ដែល​ជាផល​ប្រយោជន៍​ និង​កង្វល់​រួម​ផងដែរ»។

គួរបញ្ជាក់ផងដែរថា ​ឥណ្ឌូនេស៊ី នឹង​ដឹក​នាំ​ដំ​ណើរការ​អាស៊ាន​នៅ​ឆ្នាំ​នេះ ​​ក្រោម​មូលបទ​ ​«អាស៊ាន​សំខាន់៖ ចំណុច​កណ្ដាល​នៃ​កំណើន​» ដើម្បី​ធានា​ថា​អាស៊ាន​ក្លាយ​ជា​ចំណុច​នៃ​កិច្ច​សហ​ប្រត្តិបត្តិការ​ដែល​រួម​ចំណែក​ដល់​សន្តិភាព​ ស្ថិរភាព និង​វិបុលភាព​របស់​តំបន់​ និង​ពិភព​លោក។

នៅក្នុង​ឱកាស​នៃ​ជំនួប​ខាង​លើ​ លោក​ ប្រាក់​សុខុន​ រំពឹង​ថានឹង​មាន​កិច្ចសន្ទនា​ដាច់​ដោយ​ឡែក​ជាមួយសមភាគី​របស់​ឯកឧត្តម​ពី​ប្រទេស​អាស៊ាន​មួយចំ​នួន​ផង​ដែរ៕​