មេ​ដឹកនាំ​សហជីព​​កាស៊ីណូណាហ្គាវើលដ៍​ កញ្ញា​ ឈឹម​ ស៊ីថរ​ ទទួល​បាន​ពាន​​រង្វាន់​អ្នកការ​ពារសិទ្ធិ​មនុស្ស​ប្រចាំឆ្នាំ២០២២​ ក្នុង​​ចំណោម​​​​១០នាក់​ជុំវិញ​សកល​លោក ពីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ចេញ​​នៅថ្ងៃទី​១​ ខែកុម្ភៈ ឆ្នាំ​២០២៣ បញ្ជាក់​ថា​ កញ្ញា ឈឹម ស៊ីថរ គឺ​ជាបុគ្គលទីមួយ​​នៃប្រទេសកម្ពុជា​ដែលបានពានរង្វាន់​​មួយនេះ​​ ដែលទទួល​ស្គាល់​ពីបុគ្គល​ក្លាហាន​ទាំងឡាយ​បង្ហាញ​​ពីភាពក្លាហាន​យ៉ាងពិសេស​ និងភាពជាអ្នកដឹកនាំ​ក្នុងការ​តស៊ូមតិ​ដើម្បីលើកកម្ពស់ និង​ ការពារ​សិទ្ធិ​មនុស្ស​ដែល​គេទទួល​ស្គាល់​ជាសកល​ និងសេរីភាព​ជាមូលដ្ឋាន​។​

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ដដែល​នោះ​បាន​ស្រង់​សម្តី​របស់​លោក W. Patrick Murphy​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​​ប្រចាំកម្ពុជាថា​៖ «យើងអបអរចំពោះការទទួលស្គាល់ដល់កញ្ញា ស៊ីថរ ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឆ្នាំ២០២២ម្នាក់ កញ្ញាគឺជាថ្នាក់ដឹកនាំសហជីពការងារដ៏ក្លាហាននឹងអត់ធ្មត់ ដែល​តស៊ូ​មតិ​ដោយ​សន្តិវិធី​ដើម្បី​សិទ្ធិ​របស់​កម្មករកម្ពុជា»។​

កញ្ញា ឈឹម ស៊ីថរ ជាអ្នកដឹកនាំ​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ​ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា​វើលដ៍។ ចាប់តាំងពីចុងឆ្នាំ២០២១ កញ្ញា​បាន​ដឹកនាំ​បុគ្គលិក​កម្មក​រ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ធ្វើកូ​ដកម្ម​ដោយ​សន្តិវិធី អំពាវនាវឱ្យមានប្រាក់ខែខ្ពស់ និងទទួលយកបុគ្គលិកជាសមាជិកសហជីពរាប់រយនាក់ ដែលជឿ​ថា​ពួកគេ​ត្រូ​វ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ទាំងអយុត្តិធម៌ ដោយរាប់ទាំងថ្នាក់ដឹកនាំសហជីពចំនួនជាង១០រូប កំពុង​ប្រឈម​នូវ​ការចោទប្រកាន់​ផ្នែកព្រហ្មទណ្ឌ​ទាក់ទង​នឹងរឿងកូដកម្មនេះ​។​ នេះ​បើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មាន​​​​បន្ថែម​ថា​ ទោះ​បីជាមានការបៀតបៀន​រូបកាយ​ និងការចាប់ខ្លួន​កាលពីខែមករា​ ឆ្នាំ ២០២២​ ក្នុង​ពេល​កូដកម្ម​ណាហ្គាវើលដ៍ កញ្ញា​ ស៊ីថរ​ បានបន្តចេញមុខនិយាយអំពីសិទ្ធិការងារ​។​ ក្រោយពី​អាជ្ញាធរ​ដោះលែង​កញ្ញា​ ស៊ីថរ​ ជាថ្មីម្តងទៀត​ ពួកគេក៏បានចាប់ខ្លួននាង​​នៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២២​ ដោយចោទ​ថា​បាន​រំលោភ​នូវ​លក្ខខណ្ឌ​នៅ​ក្រៅឃុំ​ ដោយ​សារ​ធ្វើដំណើរ​ទៅក្រៅ​ប្រទេសចូលរួមសន្និ​សីទ​ទាក់ទង​នឹងសហជីព​។​

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន កញ្ញា​ ស៊ីថរ​ មិន​អាច​ធ្វើ​ដំណើរ​ទៅចូលរួម​ទទួលពានរង្វាន់​នៅរដ្ឋធានី​វ៉ាស៊ីងតោន​ជាមួយ​អ្នកទទួលពានដទៃទៀតបាន​​ ព្រោះ​ត្រូវ​បន្ត​ឃុំខ្លួនដោយ​រង់ចាំ​ការកាត់ទោស​ដែល​មិនទាន់​កំណត់ពេល​៕​​