ក្រសួងការបរទេសកម្ពុជា​លើកឡើងថា​ ពានរង្វាន់​អ្នកការពារសិទ្ធិមនុស្ស​ដែល​សហរដ្ឋ​អាមេរិ​កផ្ត​ល់ឱ្យ​​មេដឹកនាំ​សហជីព​កាស៊ីណូ​ណាហ្គាវើលដ៍​ កញ្ញា ឈឹម ស៊ីថរ គឺជាការផ្តល់ជូន​បុគ្គលល្មើសច្បាប់​កម្ពុជា។​

យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ក្រសួងការបរទេស​កម្ពុជា ចេញ​នៅ​ថ្ងៃទី​២ ខែកុម្ភៈ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​​នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​បញ្ជាក់​ថា ​ពានរង្វាន់​ជារឿយៗគឺស​ម្រាប់​ទទួល​ស្គាល់​បុគ្គល​ដែល​តស៊ូដើម្បីសន្តិភាព ភាពសុខដុមរមនា និងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុប​បំបាត់​ការរើស​អើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយសម្រាប់សង្គម​។

ក្រសួង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាននោះ​ថា៖ «ការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មិន​តំណាង​ឱ្យបំណងប្រាថ្នាពិតប្រាកដនៃប្រជាពលរដ្ឋកម្ពុជាភាគច្រើនទេ ព្រោះទង្វើ​បែបនេះ​គឺ​ជាសារ​ជំរុញ​ផ្តល់​កម្លាំង​ដល់​ក្រុម​ជាក់លាក់​ដែលបានត្រៀមខ្លួនរួចជាស្រេច កេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បី​បម្រើ​របៀបវារៈ​លាក់​ពុត​របស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ»។

ក្រសួង​ការបរទេស​កម្ពុជា​បន្ថែម​ថា ពានរង្វាន់នេះមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួន​នៅ​ក្នុង​តុលាការ​របស់​ប្រទេសណាមួយឡើយ។ មធ្យោបាយស្របច្បាប់គឺ ការចូលរួមក្នុងដំណើរការកាត់ក្ដី និង​ផ្តល់​ទឡ្ហីករណ៍​ផ្លូវច្បាប់​ជាមួយភស្តុតាងរឹងមាំដើម្បីដោះបន្ទុកនៅក្រោមច្បាប់ និងនីតិវិធីតុលាការរបស់រដ្ឋពាក់ព័ន្ធ។

សេចក្តីប្រកាសព័ត៌មាននោះបន្ថែម​ថា៖ «ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលរូបនោះ ពុំពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬ​ក៏​វិវាទ​ការងារ​ទេ ប៉ុន្តែគឺដោយសារការបំពានជាក់ស្តែងលើបម្រាម មិនឱ្យ​ចាកចេញ​ពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ»។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ធ្វើឡើង​បន្ទាប់​ពីក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ប្រកាស​ផ្តល់​បាន​រង្វាន់​សិទ្ធិ​មនុស្ស​ដល់​កញ្ញា ឈឹម ស៊ីថរ ខណៈដែល​កញ្ញា​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ។

ក្រសួ​ងការបរទេស​សហរដ្ឋអាមេរិក​បញ្ជាក់ថា ពាន​រង្វាន់​​នេះ​ទទួល​ស្គាល់​ពី​បុគ្គល​ក្លាហាន​ទាំង​ឡាយ​ណាដែល​បង្ហាញ​ពី​ភាព​ក្លាហាន​យ៉ាង​ពិសេស ​និង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​លើក​កម្ពស់ ​និង​ការពារ​សិទ្ធិ​មនុស្ស​ដែល​គេ​ទទួល​ស្គាល់​ជា​សកល ​និងសេរីភាព​ជា​មូលដ្ឋាន។​ កញ្ញា ឈឹម ស៊ីថរ គឺជាជនជាតិខ្មែរ​ដំបូង​គេ​ដែល​ទទួល​បានពាន​នេះ។

កញ្ញា​ ឈឹម ស៊ីថរ​ ត្រូវ​បាន​ឃុំ​ខ្លួន​ បន្ទាប់ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​កញ្ញា​កាលពី​ថ្ងៃ​ទី​២៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​ពេល​កញ្ញា​បាន​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​វិញ។ ​តុលាការ​បាន​ចោទ​កញ្ញា​ពី​បទ​រំលោភ​លើ​លក្ខខណ្ឌ​នៃ​ការ​បាន​ស្ថិត​នៅក្រៅ​ឃុំ ​ ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ​ទាំង​កញ្ញា​ ឈឹម ស៊ីថរ ​និង​មេធាវី​របស់​កញ្ញា​មិន​បាន​ទទួល​ការ​ជូន​ដំណឹងពីតុលាការ​អំពី​បម្រាមការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​នោះ​ទេ៕