ព្រះសង្ឃដែលកំពុងសិក្សានៅភ្នំពេញ បានជួបនូវផលលំបាក ខ្វះខាតបច្ច័យបង់ថ្លៃសាលា ការធ្វើដំណើរប្រចាំថ្ងៃ និងសម្រាប់ចង្ហាន់ពីរពេល។

បច្ចុប្បន្ន មានព្រះសង្ឃជាច្រើនអង្គ បានសម្រេចចិត្តចាកចេញពីស្រុកកំណើត បន្ទាប់ពីប្រឡងជាប់សញ្ញាប័ត្របាក់ឌុក មូលហេតុដែលព្រះអង្គមករស់នៅភ្នំពេញ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ។

ព្រះអង្គទ្រី សុកជា ព្រះជន្ម២៥វស្សា ជាកូនទី៨ និងកំព្រាម្ដាយ ក្នុងចំណោមបងប្អូន៩នាក់ បានរៀបរាប់ថា ផលលំបាកដែលព្រះអង្គជួបគឺ ខ្វះខាតបច្ច័យបង់ថ្លៃសាលា ការធ្វើដំណើរប្រចាំថ្ងៃ និងថ្លៃម្ហូបអាហារមិនមានគ្រប់គ្រាន់។

ព្រះអង្គ សុកជា នៅភូមិត្រពាំងមាស ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត បច្ចុប្បន្នជានិស្សិតមកពី សាកលវិទ្យាល័យ ភូមិន្ទកសិកម្ម គង់នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ទន្ទឹមនេះ ព្រះអង្គត្រូវនិមន្តបិណ្ឌបាត្រដើម្បីផ្គត់ផ្គង់លើការទិញសម្ភារ:សិក្សា ថ្លៃសាលា និងចុះពិសោធន៏ដំណាំតាមខេត្ត។

ព្រះបន្តថា «សព្វថ្ងៃខ្ញុំករុណាជួបផលលំបាកច្រើន ដូចជាខ្វះបច្ច័យបង់សាលា ការធ្វើដំណើរទៅវិញទៅមក និងចង្ហាន់ពីរពេល»។

ព្រះអង្គបញ្ជាក់ថា «បើខ្ញុំព្រះករុណា មិនខំតស៊ូ ព្យាយាម និងអត់ធ្មត់ទេ ប្រហែលមិនបានចូលរៀននៅសកលវិទ្យាល័យ និងយល់ដឹងពីសង្គមទេ»។

ភិក្ខុមួយអង្គ សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ក្រោយចាកចេញពីស្រុក មករស់នៅក្រុងតាខ្មៅ ពេលនោះជួបផលលំបាក ដោយសារនៅក្មេង មករស់នៅឆ្ងាយ មិនទាន់សម្របខ្លួន ណាមួយអាពាធច្រើន និងខ្វះខាតបច្ច័យខ្លះដែរ បន្ទាប់មកប្ដូរមករស់នៅភ្នំពេញ ក៏រាងប្រសើរជាងមុន គ្រាន់តែត្រូវការចំណាយច្រើនប្រចាំថ្ងៃ។

ព្រះអង្គ ព្រះជន្ម២២វស្សា នៅភូមិសំព័រ ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សព្វថ្ងៃជាសាមណ:និស្សិតនៃសាកលវិទ្យាល័យប៊ែលធី។

ព្រះអង្គ គឺជាកូនទី២ និងកំព្រាឳពុកក្នុងចំណោមបងប្អូនចំនួន៣នាក់ ដោយអ្នកម្ដាយប្រកបមុខរបរជាកសិករ ហើយបែកពីផ្ទះមករស់នៅភ្នំពេញតាំងពីឆ្នាំ២០១៦មក។

ព្រះអង្គបន្តថា «ចំពោះផលលំបាកក្នុងការសិក្សា គឺមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ និងបង់ថ្លៃសាលា ដោយសារញោមស្រី នៅឯស្រុកម្នាក់ឯង រឿងផ្គត់ផ្គង់ហិរញ្ញមិនចង់ឱ្យលំបាកដល់គាត់ ដូច្នេះខ្ញុំករុណាត្រូវពឹងលើការបិណ្ឌបាត្រ»។

ព្រះអង្គបន្ថែមថា៖ «ចំពោះការធ្វើដំណើរត្រូវចំណាយច្រើនប្រចាំថ្ងៃ ដូច្នេះជាផលលំបាកមួយដែរ ពេលខ្លះធ្វើដំណើរថ្មើរជើង ដើម្បីកាត់បន្ថយការចំណាយ និងដើម្បីសុខភាពផង។ [… ]សម្រាប់ចង្ហាន់ពីរពេល មិនមានផលលំបាកឡើង នៅវត្តមានការផ្គត់ផ្គងរាល់ថ្ងៃ ញាតិញោមដាក់វេនញឹកញាប់។»

ព្រះអង្គបញ្ជាក់ថា៖ «កត្តាដែលជម្រុញឱ្យខ្ញុំករុណា បន្តរៀនសូត្រនៅភ្នំពេញ ដោយសារទីនេះសំបូរកន្លែងសិក្សា មានតែមកទីនេះទេទើបមានលទ្ធភាពអាចបន្តមហាវិទ្យាល័យបាន»។

ព្រះអង្គសំណូមពរថា៖ ខ្ញុំករុណា អាត្មាភាព សំណូមពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ មានស្មារតីសាមគ្គី គោរព ស្រឡាញ់គ្នា ក្នុងនាមជាមនុស្សជាតិតែមួយ ជាពិសេសសូមជួយលើកកម្ពស់ការអប់រំ យកចិត្តទុកដាក់ចំពោះយុវជនខ្មែរ ជៀសវាងការសប្បាយភ្លើតភ្លើនវីវក់នឹងរឿងសប្បាយភ្លេចគិតសុខភាព និងសាសនាប្រទេសជាតិ។

លោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសសានា នៅពេលអ្នកសារព័ត៌មាន Newsroom Cambodia បានទាក់ទងទៅតាមរយ: Telegramដើម្បីសុំការអត្ថាធិបាយបន្ថែម ប៉ុន្តែលោក មិនបានឆ្លើយតបទេ៕