សមាគមប្រតិបត្តិករទូរគមនាគមន៍(ស.ទ.ប.ក) បានចេញសេចក្តី​ជូន​ដំណឹង​មួយ​កាល​ពី​ថ្ងៃទី២២ ខែ១២ ឆ្នាំ២០២២​ ​ថា ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​នឹងផ្លាស់ប្តូរ​កញ្ចប់​គម្រោង​ដែល​សាធារណជនកំពុងប្រើបច្ចុប្បន្នទៅជាកញ្ចប់គម្រោងថ្មីចាប់ពីថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ​២០២៣។ សមាគមប្រតិបត្តិករទូរគមនាគមន៍​អះអាង​ថា គម្រោង​នេះ​​ធ្វើឡើង​ដើម្បី​ផ្តល់​តម្លាភាព​ជូន​ដល់​អតិថិជន ដោយ​មាន​ការបែងចែកទំហំទិន្នន័យអ៊ីនធើណិតច្បាស់លាស់ ចំនួន​នាទី​សម្រាប់​ការហៅចេញ និងចំនួនសារជាអក្សរក្នុងប្រព័ន្ធ។

សមាគម​ប្រតិបត្តិករទូរគមនាគមន៍បានបញ្ជាក់ថា ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំង​អស់ និង​បញ្ឈប់​សេវាក​ម្ម​គម្រោង​ប្តូរ​ប្រាក់​ជា​មុ​ន​​នៅ​ថ្ងៃទី០១ ខែ​មីនា ឆ្នាំ២០២៣។ ហើយ​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​ទៅ​កាន់​សាខា​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ដើម្បី​ផ្លាស់​ប្តូរ​ទៅ​កាន់​គម្រោង​ថ្មី។ ចំពោះអតិថិជនដែលមិនបានទៅផ្លាស់ប្តូរគម្រោងថ្មីនេះមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តរបស់លោកអ្នក និង​ផ្លាស់ប្តូ​រ​ទៅ​កាន់​គម្រោង​ថ្មី​ដោយ​ស្វ័យ​ប្រវត្តិ​​នៅ​មុន​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋ​ចំនួន​៦​​នាក់​​បា​ន​ផ្តល់បទសម្ភាសន៍​ដល់ Newsroom Cambodia អំពី​មតិ​របស់​ពួកគេ​ជុំវិញ សេចក្តី​ជូន​ដំណឹង​របស់​សមាគម​ប្រតិបត្តិករ​ទូរគមនាគមន៍​ទាក់ទង​ជាមួយ​ការផ្លាស់ប្តូរ​សេវា​ទូរស័ព្ទ​ចល័តពីកញ្ចប់គម្រោងប្រើបច្ចុប្បន្នទៅកញ្ចប់គម្រោងថ្មី។

លោក កុសល ពិសិដ្ឋ ​អ្នកកាត់តវីដេអូបានលើកឡើងថា តាម​បទពិសោធន៍​របស់​លោក​រយៈពេល​ដែល​ចេះ​ប្រើ​ទូរស័ព្ទ​មក​នៅ​ឆ្នាំ២០០៥ ពេលនោះមិនទាន់មានគម្រោងប្តូរលុយទេ ហើយ​ការប្រើប្រាស់គឺបានតិចណាស់។ លោកថា ចាប់​តាំងពី​មាន​គម្រោង​ប្តូរ​លុយ​មក​ការ​តេ​ក្នុង​ប្រព័ន្ធ​ការប្រើប្រាស់ទៅ​លើសេវាកម្មនានាមានភាពងាយស្រួលជាងមុន និង​មិនសូវ​កាត់​លុយ​ដូច​ពី​មុន​ឡើយ។

លោក កុសល ពិសិដ្ឋ

លោកបានបន្ថែមថា ប្រសិនបើគោលការណ៍​ថ្មី​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​លុប​បំបាត់​ការកេង​ចំណេញ​​ពី​អតិថិជន​គឺ​លោក​គាំទ្រ​ព្រោះ​ជា​ទូទៅ​នៅ​ពេល​ដែល​លោក​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​តែងតែ​មាន​ការកាត់​ដោយ​មិ​ន​ដឹង​មូលហេតុ​ហើយ​ប្រសិនបើ​ក្រសួង​មាន​គោលការណ៍​ដាក់​​​អតិ្ថភាព យកអតិថិជនជាគោលដៅធំមានន័យថាអាចជួយសម្រួលអតិថិជន កុំ​ឱ្យ​ក្រុមហ៊ុន​​កេង​​ចំណេញ​បាន​តទៅ​ទៀត​។​ 

លោកបានបន្តថា៖ «ជាមួយកញ្ចប់សេវាប្រើប្រាស់ទាក់ទងនិងប្រព័ន្ធទូរស័ព្ទ អាហ្នឹង​ខ្ញុំ​គិត​ថា​ខ្ញុំ​ប្រើ​រាល់ថ្ងៃ​ដូចជា​មិន​ជា​បញ្ហា​ចោទ​អី​ធំ​ទេ ហើយណាមួយឥឡូវអាចតេក្នុងប្រព័ន្ធអីស្រួល តែ​គ្រាន់​តែ​មានបញ្ហាសេវាទូរស័ព្ទ ដោយសារ​តែ​ឥឡូវ​ហ្នឹង​គឺ​ប្រើប្រាស់​អត់​ដូច​មុន​ទេ​គឺ​ប្រើ​ទាល់​តែ​រកទីតាំង​ដែល​ត្រឹមត្រូវ​មិន​ចឹង​ទេ​បើ​ក្នុង​បុ​រី​គឺអត់មានសេវាប្រើប្រាស់ពិបាកមែនទែន តែបើ​​ពាក់ព័ន្ធ​ជាមួយ​កញ្ចប់​សេវាកម្មប្រើប្រាស់គឺមិនមានបញ្ហាទេ»។

លោក គេច សុគន់ ​ពេទ្យ​សត្វ​នៅ​រាជធានី​ភ្នំពេញ​យល់​ថា៖ «ក្នុងនាម​ជា​អ្នក​ប្រើប្រាស់​​សេវា​ក​ម្ម​ទូរស័ព្ទ ចំពោះគោលនយោបាយនេះ​មានលក្ខណៈផ្លាស់ប្ដូរ ឬ​កំណែ​ទម្រង់​ថ្មី​ដ៍​ធំ​មួយ​​ដែរ។ ខ្ញុំ​កំពុងរងចាំមើល និង​សង្ឃឹម​ថា​ការផ្លាស់ប្ដូរ ឬ​​កំណែទម្រង់​នេះ​នឹង​នាំ​ឱ្យ​ការផ្ដល់​សេវា​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​កាន់តែល្អប្រសើរ»។

លោក គេច សុគន់

កញ្ញា ចិត្ត ស្រីយ៉ា ​ដែលជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានយល់ឃើញថា៖ «វានឹង​ល្អ​ប្រសិនបើ​ក្រុមហ៊ុន​ទូរស័ព្ទទាំងអស់ហ្នឹង គាត់កំណត់យកការដូរលុយគម្រោងតែមួយ។ ឧទាហរណ៍​១ដុល្លារ​ដូរ​បានប៉ុន្មាន គាត់​ប្រាប់​អតិថិជន​មក​ថា ១ដុល្លារដូ​រ​គម្រោងនេះ​បាន​ប៉ុណ្ណោះ​ ហើយអ៊ីនធឺណិតបានប៉ុននេះ សារបានប៉ុននេះ តែមួយមុខអ៊ីចឹកមកបានហើយ។ ព្រោះ​នៅ​ពេល​ដែល​មាន​គម្រោង​ច្រើន​អ៊ី​ចឹង ខ្ញុំជា​អ្នកប្រើ​ក៏​មានអារម្ម​ណ៍​ថា​រញ៉េរញ៉ៃ​ក្នុងការប្រើ គួរ​យក​មួយណា​គួរអត់មួយណា»។

កញ្ញា ចិត្ត ស្រីយ៉ា ក៏បានសំណូមពរឱ្យក្រុមហ៊ុនផ្ដល់សេវាទូស័ព្ទគិតគូរពីទិន្នន័យអ៊ីនធឺណិត ទិន្នន័យសារ ទិន្នន័យខល ធ្វើយ៉ាងណា​ឱ្យសមរម្យ និងគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់​។

លោក សុវណ្ណឡេងឡេង​ ជាសិល្បៈករខាងចាប៉ីដងវែងមួយរូបបានលើកឡើងថា៖ «បើ​តាម​គំនិត​របស់​ខ្ញុំ​បើសិន​ជា​ប្តូរ​គម្រោង​លក្ខណៈ​មា​ន​តម្លាភាព​ត្រឹមត្រូវ​ឧទាហរណ៍​ថា​ក្រុមហ៊ុន​នេះផ្លាស់ប្តូរ​ក្នុង​មួយដុល្លារ​ដូរ​បាន1G or 500MB គឺ​ឲ្យបា​នដូ​ចគ្នា​ហើយ​មាន​សុពលភាព​ត្រឹមត្រូវ»។

លោកបានបន្តថា៖ «ហើយបើប្តូរ​ទៅ​ជា​គម្រោង​ជាក់លាក់​នៅថ្ងៃ២៨​នឹង​មែន​គឺ​ខ្ញុំ​ពិត​ជា​ពេញចិត្ត​បើ​សិន​ជាទៅតាមលក្ខខណ្ឌហើយច្បាស់លាស់»។

លោក សុវណ្ណឡេងឡេង

លោកសុវណ្ណឡេងឡេង បន្ថែម​ថា លោក​បាន​សង្កេតឃើញ​ថា កន្លង​មក​អ្នក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​តែងតែ​ជួបបញ្ហាកាត់លុយក្រោយពេលបញ្ចូលហើយ ដោយសារ​គម្រោង​ផ្សេងៗ​ក្រៅ​ពី​គម្រោង​ប្ដូរ​លុយ ជាហេតុនាំឱ្យខ្វះលុយមិនអាចប្ដូរបាន។ លោក​បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ផ្ដល់​តែ​សេវាប្ដូរលុយដែលមានតម្លាភាព មិន​បញ្ឈប់​ការផ្ដល់​គម្រោង​ក្រៅ​ដើម្បី​ជៀស​វាង​​បញ្ហា​កាត់​លុយ។

តាមរយៈកិច្ចសម្ភាសន៍តាមតេលេក្រាម កញ្ញា ស៊ុន​ ស្រីណៃ អ្នកសម្របសម្រួលការរៀនសូត្រ និងអភិវឌ្ឍន៍យុវជននៃសមាគមបណ្ដាញយុវជនកម្ពុជា​បាន​បង្ហា​ញ​ចំណាប់​អារម្មណ៍​ចំពោះ​​គម្រោង​​​នៃការ​ផ្លាស់ប្តូរនេះថាប្រសិន​បើ​ប្រព័ន្ធនៃការដូរលុយមាន​ភាពល្អប្រសើរ​ជាងមុន ​វា​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ នេះជារឿងដែលល្អសម្រាប់យើងក្នុង​នាម​​​ជា​អតិថិជន​​ប្រើ​ប្រាស់​ប្រព័ន្ធនានា​របស់​ក្រុមហ៊ុនសេវា​ទូរស័ព្ទនៅកម្ពុជាផ្ទាល់។

កញ្ញា ស៊ុន ស្រីណៃ

កញ្ញាថា៖ «ប្រសិន​ជាការ​ផ្លាស់ប្តូរ​គម្រោង​ ផ្តល់ភាពងាយស្រួល​ទៅដល់អតិថិជន​​ដែល​ជា​អ្នក​ប្រើ​ប្រាស់​ ហើយបើសិនជា​គម្រោង​ហ្នឹង​ប្តូរ​លុយ​ទៅ​ធ្វើអោយនៅ​តែរក្សា​ចំនួន​លុយ​ឬក៏រក្សា​នូវ​ចំនួនការ​កាត់សាច់ប្រាក់​នៅពេលដែលយើងប្រើប្រាស់​អ៊ីនធឺណែត​ ​នៅ​ពេល​ដែល​យើង​ប្រើ​ប្រាស់​​ការខលហៅ​​ ឬការផ្ញើសារ​ទៅ​កាន់ដៃគូរ​ផ្សេងទៀត​ នៅតែរក្សា​ការកាត់​ចំនួន​លុយ​ហ្នឹង​ដដែលក្នុងចំនូនតិច គម្រោង​ហ្នឹង​បងគិតថា​ល្អ ប៉ុន្តែ​បើស្រប​ពេល​នៃការផ្លាស់ប្តូរ​គម្រោង​ដូរ​លុយហ្នឹង ឧទាហរណ៍ថាប្តូរ​ពីចំនួនពីប៉ុន្មានទៅប៉ុន្មានអញ្ចឹង»។​

កញ្ញាក៏បានបន្ថែមថា៖ «ប៉ុន្តែនៅ​ពេលដែលអតិថិជន​ប្រើ​​អ៊ីនធឺណេត នៅពេលដែលគាត់ខល ចេញ ឬក៏គាត់ផ្ញើរសារ​ មានការ​កាត់ថវិការច្រើន​​ហើយ​ធ្វើអោយ​ការប្រើប្រាស់ប្រព័ន្ធ ​អ៊ីន​​​​​​ធឺ​​ណិត​​​មានភាពយឺតយ៉ាវ​ ឬបញ្ហាផ្សេងៗ វានឹងជារឿងមួយមិនល្អសម្រាប់ការផ្លាស់​ប្តូរនូវ​គម្រោងការដូរ​លុយ ហ្នឹង​ហើយ​មួយទៀតហ្នឹង​គឺអ្នក​ប្រើប្រាស់ក៏មានភាពធុញទ្រាន់​ ភាព​មិ​ន​ពេញចិត្តនៅក្នុងការប្តូរគម្រោង​ហ្នឹងដែរ​»។

យុវជន គីម ជីលីន និស្សិតសង្គមវិទ្យានៅសាកលវិទ្យាភូមិន្ទភ្នំពេញបានផ្តល់បទសម្ភាស៍ថា នៅពេលដែលក្រសួងប្រៃសនីយ៍បានរៀបចំ​ធ្វើកំណែទម្រង់លើសេវាទូរស័ព្ទនៃក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទនៅកម្ពុជាបែបនេះ វា​ជា​ផ្នែក​មួយ​​នៃការលើកកម្ពស់ទៅលើតម្លាភាព​នៃ​គម្រោង​ថវិការ​របស់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​សេវាទូរស័ព្ទនៅកម្ពុជា ។

លោកថា៖ «នៅ​ពេ​ល​ដែលក្រសួងចាប់ផ្តើមពង្រឹងស្តង់ដាសេវាទូរស័ព្ទអី​ទាំង​អស់ហ្នឹង ខ្ញុំ​អាច​ប្រើ​ប្រាស់​សេវា​ទូរស័ព្ទ​សម្រាប់ការរៀនសូត្រ​ខ្ញុំបានល្អប្រសើរទៀត ហើយ​អ្វី​ដែល​សំខាន់​ចុង​ក្រោយ​នោះ​គឺ​ខ្ញុំ​អាច​សន្សំ​សំចៃ​ថវិកា​​ខ្លះផងដែរ ពីព្រោះ​កន្លង​ទៅ​នៅ​ពេល​ដែល​ក្រសួង​មិន​ទាន់​​បា​ន​​រឹត​បន្តឹងក្នុង​ចំណុចហ្នឹង​ ខ្ញុំប្រើសេវាទូរស័ព្ទទាំងអស់ហ្នឹង អស់​លុយ​ពីមួយ​ខែ​ទៅ​មួយ​ខែ​ចន្លោះ​ពី​៥​ដុល្លារ​ទៅ​៦ដុល្លារ ឬក៏ឈានចូលជិត១០ដុល្លារទៅ​តាមតម្រូវការ​ តែនៅពេល​កំណត់​បែប​នេះ​ខ្ញុំ​គិត​ថា​​វា​នឹងជួយសន្សំសំចៃថវិកា ទាំងខ្ញុំផ្ទាល់ជានិស្សិត និង ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ទទួល​សេវាកម្មទូរស័ព្ទបែបហ្នឹងដែរ»។

លោក គឹម ជីលីន

យុវជនរូបនេះបន្តថា៖ «ខ្ញុំនៅតែលើកទឹកចិត្តឱ្យក្រសួង​បន្តរឹត​បន្តឹង​ទៀត​ហើយ​ជួយ​ព្យាយាម​ជម្រុញ​យ៉ាងណាឱ្យសេវាទូរស័ព្ទអាចដើរលឿននៅគ្រប់ទីតាំង គ្រប់​ទី​កន្លែង​នៃ​ប្រទេស​កម្ពុជា ជាពិសេស​ដ​ល់ទីជនបទ ដើម្បី​ឱ្យ​ប្រជាជន​ដែល​នៅ​ទី​ជនបទ​អាច​ទទួល​បានសេវា​ទូរស័ព្ទ​ក្នុង​ការរៀនសូត្រ ក្នុងការប្រើប្រាស់ក្នុងការទាក់ទងជាដើម»៕​