សិទ្ធិមនុស្ស​ ត្រូវ​បាន​ចែង​​ក្នុង​រដ្ឋធម្មនុញ្ញ​​ដែល​​ជា​​ច្បាប់​កំពូល​របស់​កម្ពុជា​ និង​ក្នុង​​ច្បាប់​អន្តរជាតិ​​ផ្សេងៗ​ទៀត​ដែល​កម្ពុជា​​បាន​​​ផ្តល់​​សច្ចា​ប័ន។ ទោះយ៉ាងណា​គេ​ឃើញ​ថា​ បញ្ហាសិទ្ធិ​មនុស្ស​នៅ​តែ​ត្រូវ​បាន​លើកឡើងថា មិនទាន់​​អាច​អនុវត្ត​បាន​ពេញលេញនៅឡើយ​​​។​​

​Newsroom Cambodia​ ​បាន​សម្ភាសន៍​លោក​​​​ រស់​​ សារ៉ាត់​ មន្ត្រី​​សម្រប​សម្រួល​​គម្រោង​​បង្កើន​​ការ​​គោរព​​សិទ្ធិ​​នៅ​​កម្ពុជា​ ពាក់ព័ន្ធ​ជាមួយ​បញ្ហា​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​ និង​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។​​ ​​

Q៖ ជម្រាបសួរលោក! ខ្ញុំបាទ ស៊ុន រតនៈ ជាសិក្ខាកាមរបស់ Newsroom  Cambodia​។

A៖ បាទ! ជម្រាបសួរ។

 Q៖ តើលោកយល់ឃើញបែបណាដែរចំពោះសេរីភាពនៃការអនុវត្តសិទ្ធិនៅកម្ពុជា?

A៖ បើយើងមើលពីសេរីភាពនៃការអនុវត្តសិទ្ធិ វា​ហាក់​ដូច​នៅមាន​កម្រិត​នៅឡើយ​ ជាពិសេស​ដូចជា​​នៅ​មួយរយៈ​​នេះដូច​យើងឃើញហើយ ដូចជា​មាន​ការធ្វើកូដកម្ម​ក្រុម​ណាហ្គាវើល៍​អី​ជា​ដើម​ហ្នឹង យើង​ឃើញថាមាន​ការរិតត្បិត​ជាច្រើន​ ហើយសូម្បីតែយើង​បានដឹង​ហើយ​ថា​គណនេយ្យ​​​ធនាគារ​របស់គាត់​​ដែលទទួលយកជំនួយសម្រាប់​គាត់​ធ្វើប្រតិបតិ្ត​ការ​ហ្នឹង ត្រូវ​បាន​បង្កក​ ត្រូវ​បានរាំងស្ទះ  ហើយ​មេដឹកនាំ​របស់​គាត់​ត្រូវ​បានចាប់​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ថា​​គាត់​បានបំពាន​​បំរាម​​របស់​តុលាការ​ អាហ្នឹង​​យើង​មើល​ឃើញថា​វានៅ​មានកម្រិត​មែនទែន​ ហើយ​សូម្បីតែ​មាន​ប្រតិកម្ម​ជាច្រើន​ តាំងពីមេធាវីរបស់គាត់ តាំង​ពី​អ្នក​ដែល​ធ្វើ​ការ​ខាង​វិស័យ​សិទ្ធិ​មនុស្ស ថានេះជាការធ្វេសប្រហែស​របស់តុលាការ​​ខ្លួនឯង​ដែល​មិនបាន​ចេញ​ការជូន​ដំណឹង​ណាមួយ​ អំពីបម្រាម​ទៅលើ​គាត់​​ ហើយទាល់តែ​ពេល​គាត់ធ្វើដំណើរ​អី​បាន​មាន​ការចាប់​ចង​គាត់អីឡើងវិញ​​នេះគ្រាន់​តែ​ជាផ្នែក​មួយនៃ​ការអនុវត្ត​សិទ្ធិដែល​យើងមើល​ឃើញ​ ដែល​ជាប្រធានបទក្តៅនាពេល​បច្ចុប្បន្ន​នេះ។​

Q៖ ចំពោះសេរីភាព​បញ្ចេញ​មតិវិញ​  តើ​លោកយល់​ឃើញ​បែបណា​ដែរក្នុង​បរិបទបច្ចុប្បន្ន?

A៖ ចំពោះសេរី​ភាព​បញ្ចេញ​មតិ យើងឃើញថានៅតែ​មាន​ចំណុច​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ ដូចជា​មួយរយៈ​ចុងក្រោយ​នេះ​យើង​ឃើញ​មាន​កិច្ច​ប្រជុំ​អាស៊ានជាដើម​​​ ដូចជា​ឃើញ​មានការ​បែង​ចែក​បក្ខ​ពួក​រវាង​អ្នក​ចូលយក​ព័ត៌មាន ​​​​ឃើញថា​ក្រុម​ខ្លះទៅ​ក៏អាច​ចូលយក​ព័ត៌មាន​បាន​ ក្រុមខ្លះទៅ​ក៏មាន​ការ​រឹតត្បិត​​លើ​ការចូល​ទៅយក​ព័ត៌មានជាដើម​។

យើងឃើញរដ្ឋាភិបាល​បង្កើត​ឱ្យមាន​ការជួបជុំ​​ជាមួយ​អ្នក​សារព័ត៌មាន​វាជាចំណុច​មួយដែល​ល្អ ហើយបានអនុវត្តក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​ឃើញ​ថាក៏នៅមានអ្នក​សារព័ត៌មានដែល​គាត់មិនមានក្រមសីលធម៌ មិនមាន​វីជ្ជាជីវៈ​មួយចំនួន​នៅតែ​មាន​ដំ​ណើរ​ការ​នៅស្រុ​កខ្មែរ​ ប៉ុន្តែ​ចំពោះអ្នកសារព័ត៌មានដែលមាន​វិជ្ជា​ជីវៈហាក់​ដូចជា​នៅមាន​ការគាប់សង្កត់​​នៅមាន​ការរឹត​ត្បិត​ជាដើម។​ 

កាលពីខែ​១១ ចុង​ឆ្នាំ២០២២ ខាងមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក៏បានចេញ​ផ្សាយនូវ​របាយការណ៍​មួយដែរ យើង​បាន​ផ្តោត​ទៅលើសេរីភាព​ខាង​ការបញ្ចេញ​មតិ​​ សេរីភាព​សារព័ត៌មាន​ និង​សិទ្ធិទទួលព័ត៌មាន​បានចងក្រងករណីតាមរយៈការសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​​ និងអ្នកការពារសិទ្ធិមនុស្ស​ផ្ទាល់​​ជាមួយ​នឹង​ការឃ្លាំមើល​សារព័ត៌មាន​ទាក់ទងជាមួយ​ការរឹតត្បិត​ និងការ​រំលោភបំពានសេរីភាពសារព័ត៌មាននេះ​ យើង​ក៏​ឃើញ​មាន​ការ​គាប​​​សង្កត់​ជាមួយ​អ្នកសារព័ត៌មាន​។ ឧទាហរណ៍​ករណីចុងក្រោយ​ដែលក្តៅហ្នឹង ​ដូច​ជាមាន​ការចាប់​ខ្លួន​អ្នកសារព័ត៌មាន​វីអូឌី​ពេល​ដែល​គាត់​ចុះទៅ​យកព័ត៌មាននៅ​ភ្នំតាម៉ៅ​ជាដើម​ នេះ​គឺជា​រូបភាព​មួយដែល​បង្ហាញ​ថា​សេរីភាព​សារព័ត៌មាន​នៅតែ​មាន​​ភាពមិនទាន់ប្រសើរ​ឡើងនៅ​ឡើយ​ បើ​យើង​មើលទាក់ទង​ជាមួយ​ចំណាត់ថ្នាក់សេរីភាពសារ​ព័ត៌មាន​​ពិភពលោកយើងក៏​នៅ​មាន​កម្រិត​ទាប​នៅឡើយ​ដែរ។

Q៖ តើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​បានចូលរួមយ៉ាងណា​ខ្លះ​ក្នុង​ការលើក​កម្ពស់សិទ្ធិមនុស្ស​នៅកម្ពុជា?

A៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​យើងបានចូលរួម​ចំណែក​មួយចំនួន​តាមរយៈគម្រោង​ដែល​​​យើងមានដូចជា​ការធ្វើការ​ផ្សព្វផ្សាយ​ទាក់ទង​ជាមួយនឹង​សិទ្ធិមនុស្ស​ បញ្ហច្បាប់ បញ្ហា​សិទ្ធិ​មនុស្ស​ផ្សេងៗ​ ដូចជាកម្មវិធីវិទ្យុ​ជាផ្នែក​មួយដែល​យើង​ធ្វើ​ការផ្សព្វផ្សាយ​អំពីសិទ្ធិ អំពី​សេរីភាព​​ជាផ្នែក​មួយ​ដែល​យើង​បញ្ជ្រាប​ទៅដល់​សាធារណៈ​ជន​អំពីសិទ្ធិ​និង​សេរី​ភាព​ដែល​ប្រជា​ពលរដ្ឋ​យើង​មាន។​

យើងក៏មាន​កម្មវិធី​ផ្សេង​ៗ​ដូចជា​ ការជួប​ជាមួយយុវជន​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពីសិទ្ធិសេរីភាពជាមូលដ្ឋាន​ ដែល​ផ្តោត​ទៅលើ​សេរីភាព​ខាង​ការបញ្ចេញ​មតិ​ សេរីភាពជួប​ប្រជុំ​ និង​សេរីភាព​ខាងសមាគម​យើង​ក៏មាន​កម្មវិធី​​ដូចជា​ការឃ្លាំមើល​សវនាការ យើងក៏មានការចេញផ្សាយ​អំពីរបក​គំហើញ​ដាក់នៅក្នុង​របាយការណ៍​របស់យើង។​

យើង​ក៏មានការ​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ទាក់ទង​ជាមួយនឹង​ការឃ្លាំ​មើល​សេរីភាព​ជាមូលដ្ឋាន​​ សម្រាប់​របាយការណ៍​ជាក់លាក់​គឺទាក់ទង​ជាមួយ​នឹង​ស្ថានភាព​សេរីភាព​បញ្ចេញ​មតិ​ សេរីភាពសារព័ត៌មាន​និង​សិទ្ធិទទួល​ព័ត៌មាន​​ យើង​ចេញ​ផ្សាយ​ប្រចាំ​ឆ្នាំ​​សម្រាប់​របាយ​ការណ៍​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​គឺជា​របាយ​ការណ៍ដែល​យើង​មើល​សេរីភាព​ជា​រួម​នៃ​ប្រទេស​កម្ពុជា​​ហើយ​នៅពេល​ដែល​យើង​ចេញ​ផ្សាយ​យើង​ក៏មាន​អនុសាសន៍​សម្រាប់​រដ្ឋាភិបាល​​សម្រាប់​ភាគីពាក់ព័ន្ធដើម្បីគាត់យកទៅ​ពិចារណា។

ក្រៅពីនោះយើងធ្វើ​ការលើក​កម្ពស់ទៅលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា យើង​ក៏​មាន​បើក​វគ្គ​បណ្តុះបណ្តាល​សិទ្ធិ​ទទួល​បាន​ការជំនុំ​ជម្រះដោ​យយុត្តិធម៌ ដែលផ្តោត​ទៅលើនិស្សិត​ ហើយ​ក៏មាន​បង្រៀន​ពួកគាត់​ពី​របៀប​​ចូលទៅស្តាប់សវនាការជាដើម​។

Q៖ តើអ្វីដែលជាដំណោះស្រាយដែលត្រឹមត្រូវនៅពេលដែលច្បាប់ពីមានភាពប្រទាញប្រទង់​គ្នា?

A៖ ជាទូទៅ​នៅពេល​ដែល​​មានការខ្វែងគំនិតគ្នា​ទៅ​លើច្បាប់ជា​ពិសេស​ឃើញមាន NGO បកស្រាយ​​ផ្សេង​ហើយ​ខាង​រដ្ឋាភិបាល​គាត់បកស្រាយ​ផ្សេង​ ដែលជាទូទៅច្បាប់គេតែង​តែទុកចន្លោះ​ឱ្យ​មាន​ការ​បកស្រាយ​ ប៉ុន្តែ​ជារួម​យើងយល់ថា​ដើម្បី​ឱ្យ​មានភា​ពស៊ី​សង្វាក់គ្នា​នៅពេល​ដែល​ធ្វើច្បាប់​អ្វីមួយ​ រដ្ឋាភិបាល ​ឬអ្នក​ធ្វើសេចក្តី​ព្រាង ​គាត់គួរ​តែ​ប្រមូល​យកធាតុ​ចូលពីភាគី​ពាក់ព័ន្ធ​នានា ក្នុងនោះមានទាំង​អង្គការ​សង្គម​ស៊ី​វិល មាន​ទាំង​អង្គការ​អភិវឌ្ឍនានា​ដើម្បី​គាត់ផ្តល់ធាតុចូលថា​តើ​ច្បាប់​នោះ​វា​យ៉ាង​ម៉េច​ នៅពេល​ដែល​អនុវត្ត​ទៅ​ដើម្បីកុំឱ្យ​មាន​ភាព​ខ្វែង​គំនិត​គ្នា ជា​គោលការណ៍​ច្បាប់គឺ​ត្រូវតែឱ្យស្រប​រដ្ឋធម្មនុញ្ញ។

Q៖ តើស្ថាប័នដែលមានសមត្ថកិច្ច​គួរតែមានវិធាន​ការ​ណ៍បែបណា​ ដើម្បី​ពន្យល់ពលរដ្ឋ​ឱ្យ​បាន​យល់ពី​សិទ្ធិ ​និង​ព្រំដែន​នៃ​ការអនុវត្ត​សិទ្ធិ​របស់​ខ្លួន​?​

A៖ ជាទូទៅនៅពេល​ដែល​ច្បាប់​អនុម័ត​ហើយ​ ជាកាតព្វកិច្ចរបស់រ​ដ្ឋគឺគាត់ត្រូវ​តែ​ផ្សព្វផ្សាយ​ ហើយ​កន្លង​មក​យើង​ឃើញ​មានអង្គការសង្គម​ស៊ីវិលគាត់​បានចូលរួម​ធ្វើការ​ផ្សព្វ​ផ្សាយច្រើន​ទាក់ទង​​ជាមួយ​​ច្បាប់​​ជាពិសេស​​ទាក់ទង​​ជាមួយ​​គោល​ការណ៍​​សិទ្ធិ​​មនុស្ស​​ជា​ដើម ទាក់ទង​ជាមួយ​​ការផ្សព្វផ្សាយ ​យើងយល់ថា​រដ្ឋាភិបាល​គាត់គួរ​តែ​ពង្រឹង​បន្ថែម​ទៀត។​ ឧទាហរណ៍​ដូចជាឥឡូវ​យើងឃើញ​​ប្រជា​ពលរដ្ឋ​ខ្មែរ​ចាប់​ផ្តើម​ប្រើ​​បណ្តាញសង្គម​នានា ដែលជាកន្លែង​មួយ​ដែល​រដ្ឋ​គួរតែ​ផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយ​បន្ថែមទៀត​អំពី​ច្បាប់​ ជាពិសេស​ច្បាប់ដែល​អនុម័តហើយ​ថ្មី​ៗ​ ហើយ​យើង​ឃើញ​ថា​រដ្ឋ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទូលំទូលាយ​ជាង​ខាង​អង្គការ​សង្គម​ស៊ី​វិល​ ជាង​ខាង​ដៃ​គូរ​អភិវឌ្ឍ​ផ្សេងៗ​។​ អញ្ចឹង​គាត់គួរ​តែ​យក​ស្ថាប័ន​ផ្សព្វផ្សាយ​ទាំង​នោះ​ដើម្បី​ធ្វើការផ្សព្វផ្សាយ​គោលការណ៍​ហើយ​និង​បទបញ្ញត្តិ​នានា​ទាក់ទង​ជាមួយ​ច្បាប់​មិនថា​ច្បាប់សិទ្ធិ​មនុស្ស ​ឬ​ក៏ច្បាប់​អីទេ​ គឺឱ្យ​តែ​គោលការណ៍ច្បាប់​គួរ​តែ​ធ្វើការ​ផ្សព្វ​ផ្សាយ​ឱ្យ​បានទូលំទូលាយ​ អញ្ចឹង​មាន​ទូរទស្សន៍ វិទ្យុ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អី​ផ្សេង​ៗទៀត​ ហើយ​បើសិន​ជា​អាច​គួរ​តែ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​មូលដ្ឋាន​ផ្ទាល់តែម្តង​។

Q៖ តើ​លោក​មាន​អនុសាសន៍​បែប​ណា​ដើម្បី​ឱ្យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អនុវត្តទៅ​ប្រកប​ដោយ​ភាព​ល្អ​ប្រសើរ​?​

A៖ ដើម្បីឱ្យ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​បានល្អ​ប្រសើរ​ នៅពេល​ដែល​អង្គការ​សង្គម​ស៊ី​វិល​គាត់បាន​ចេញ​អ្វី​មួយ ជាទូទៅយើង​តែង​តែ​ឃើញ​មាន​ខាងរដ្ឋាភិបាល​គាត់ច្រានចោល មិនថា​តែ​សង្គម​ស៊ីវិល​ទេ​នៅ​ពេល​​ដែល​​មាន​​អ្នក​​ឯករាជ្យ ឬ​ពលរដ្ឋ​ផ្សេងៗ​​មើល​​ឃើញ​​បញ្ហា​​សិទ្ធិ​​មនុស្ស​​កំពុង​តែ​​កើត​​មាន​ មាន​​ការរំលោភ​​បំពាន​ មាន​ការរឹតត្បឹត​ គេតែងតែផ្តល់ជាអនុសាសន៍​ ហើយ​លើក​ឡើង​ពី​បញ្ហា​ហ្នឹង។ ​

ជា​យោបល់របស់​ខ្ញុំ ខ្ញុំគិត​ថា​រដ្ឋាភិបាលគួរតែសិក្សា​ឱ្យ​បានច្បាស់លាស់​​ ថា​តើបញ្ហានោះវា​ពិត​ជា​មានមែន ឬ​ក៏យ៉ាង​ណា ហើយ​បើសិន​ជា​ពិត​ជាមាន​មែន​ក៏គួរ​តែ​ទទួល​អនុសាសន៍នានា ​​​ទទួល​យក​​បញ្ហា​នោះ​មក​ដាក់​លើ​តុ​ដើម្បី​ជជែករក​ដំណោះ​ស្រាយ​ថា​តើមានដំ​ណោះ​ស្រាយ​អ្វី​មួយ​ដែល​គួរ​តែ​ដោះ​ស្រាយ ​គួរតែ​ធ្វើការ​កែប្រែ​ដើម្បី​ឱ្យ​ស្ថាន​ភាព​ប្រសើរ។ ហើយ​យើងបាន​ឃើញ​ហើយ​ សហគមន៍​អន្តរជាតិ​គាត់បាន​ដាក់​ទណ្ឌកម្ម​ប្រទេស​កម្ពុជា​តាមរយៈ​ការ​​ដកប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA ជាដើមគឺដោយ​សារ​តែ​គេយល់ថា​ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​កំពុងតែជួបបញ្ហា​ដែលតម្រូវ​ឱ្យ​កម្ពុជា​ធ្វើការដោះស្រាយ​ដើម្បីឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។​

ជាដំណោះស្រាយ​រួម​ខ្ញុំយល់ថា​នៅ​ពេល​ដែល​ខាង​អង្គការ​ស៊ីវិល​នៅពេ​លដែ​ល​​មជ្ឈដ្ឋាន​អន្តរជាតិ នៅពេល​ដែល​អ្នក​ឯករាជ្យ​​គាត់បានលើក​ឡើង​ពីបញ្ហា​អ្វីមួយ ជា​ពិសេសកម្ពុជា​បញ្ហា​សិទ្ធិ​មនុស្ស​កំពុង​តែ​មានការរំលោភបំពានរងការរឹតត្បិត​អ្វីបែបហ្នឹង អញ្ចឹងរដ្ឋាភិបាល​គាត់គួរ​តែ​​ធ្វើម៉េច​យក​បញ្ហា​ហ្នឹង​មក​ដោះ​ស្រាយ​ដើម្បី​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។

Q៖ បាទ! ខ្ញុំ​សូម​អរគុណ​​​សម្រាប់​ចំណាយ​ពេលវេលា​របស់​លោក​ក្នុង​ការ​ផ្តល់​បទសម្ភាសន៍ សូម​ជម្រាប​លា!

A៖ បាទអរគុណច្រើន ជម្រាបលា!៕