រដ្ឋសភាកម្ពុជានៅថ្ងៃពុធ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ គឺសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីអំពីលទ្ធផលសម័យប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៦ បញ្ជាក់ថា សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦មានប្រធាន សមាជិកសមាជិការដ្ឋសភា ចំនួន១០៧រូប ដោយបានពិភាក្សាយល់ព្រមអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ គឺសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាបានបញ្ជាក់ថា៖ «សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោលនយោបាយចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅថា ថវិកាសមិទ្ធកម្ម សមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរិញ្ញវត្ថុសាធារណៈ»។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា សេចក្តីព្រាងច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនេះ ក៏នឹងក្លាយជាក្របខណ្ឌគតិយុត្តមួយកំណត់ពីគោលការណ៍ជាមូលដ្ឋានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងកំណត់មុខងារ និងការទទួលខុសត្រូវរបស់តួអង្គដែលពាក់ព័ន្ធដូចជា ការផ្ទេរសិទ្ធិអំណាចផ្ទៃក្នុង និងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភាក្នុងក្របខណ្ឌនៃកញ្ចប់ថវិការបស់ខ្លួន។
សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត រដ្ឋសភាបញ្ជាក់ថា ជាមូលដ្ឋានដ៏សំខាន់ដែលអាចទ្រទ្រង់ និងឆ្លើយតាមទៅនឹងសន្ទុះអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា ហើយថា ការផ្គត់ផ្គង់ទឹកស្អាតគឺជាអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបួន នៃរាជរដ្ឋាភិបាលដំណាក់កាលទី៦ ដែលមានមនុស្ស ផ្លូវ ភ្លើង និងទឹក។
សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ មាន៩ជំពូក និង១០៩ មាត្រា ដែលអង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូលមានចំនួន ១០៧ សំឡេង។ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត មាន១៥ជំពូក និង ៦៥មាត្រា ដែលអង្គសភាបានយល់ព្រមអនុម័ត លើសេចក្តីព្រាងច្បាប់ទាំងមូលមានចំនួន១០៤ សំឡេង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា៕