រដ្ឋ​​សភា​​កម្ពុជា​នៅ​ថ្ងៃ​ពុធ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួ​ន២​ គឺសេចក្តី​ព្រាង​ច្បាប់​ស្តីពី​​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សាធារណៈ​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ទឹកស្អាត​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃទី៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០២៣​ ស្តី​អំពី​លទ្ធ​ផល​សម័យ​ប្រជុំ​រដ្ឋ​សភា​វិសាមញ្ញ​នី​តិកាល​ទី​៦ ​​បញ្ជាក់ថា ​​សម័យ​​ប្រជុំ​​រដ្ឋ​សភា​​ជា​​វិសាមញ្ញ​​​ ​នី​តិ​កាល​​ទី​​៦​​មាន​ប្រធាន ស​មាជិក​​សមាជិកា​​រដ្ឋសភា​​​​​​​ ​​ចំនួន១០៧​​រូប​​ ដោយ​បាន​ពិភាក្សា​យល់​ព្រម​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​ចំនួ​ន២​ គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សាធារណៈ​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ទឹកស្អាត​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​រដ្ឋសភា​បាន​បញ្ជាក់​ថា​៖ «សេចក្តី​ព្រាង​ច្បាប់ ​ស្តី​ពីប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​កសាង​ក្របខ័ណ្ឌ​គតិយុត្ត​គោល​នយោបាយ​​ចាំបាច់​សម្រាប់​ការអនុវត្ត​ប្រព័ន្ធ​ថវិកា​ព័ត៌មាន​សមិទ្ធកម្ម​ ឬ​ហៅ​ថា​ ថវិកា​សមិទ្ធ​កម្ម​ សម​ស្រ​បសម្រាប់​កម្ពុជា​ ស្រប​តាម​យុទ្ធសាស្រ្ត​នៃ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨-២០២៥​ ​ដែល​ជា​ស្នូល​នៃ​ការ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរិញ្ញវត្ថុ​សាធារណៈ»។​

សេចក្តី​ប្រកាស​ព័ត៌មានដដែល​​បន្ថែ​ម​ថា​ ​​សេចក្តី​ព្រាង​ច្បាប់ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​នេះ​ ក៏​នឹង​ក្លាយ​ជា​ក្រប​ខណ្ឌ​គតិយុត្ត​មួយ​កំណត់​ពី​គោលការណ៍​ជា​មូលដ្ឋាន​សម្រាប់គ្រប់គ្រង​ហិរញ្ញ​វត្ថុ ​ព្រម​ទាំង​​កំណត់​មុខងារ​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​តួ​អង្គ​ដែល​ពាក់ព័ន្ធ​ដូច​ជា​ ការ​ផ្ទេរ​សិទ្ធិ​អំណាច​ផ្ទៃ​ក្នុង​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​ស្ថាប័ន​ចំពោះ​រាជរដ្ឋាភិបាល​ និង​រដ្ឋ​សភា​ក្នុង​ក្របខណ្ឌ​នៃ​កញ្ចប់​ថវិកា​របស់​ខ្លួន​។

សម្រាប់​សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពី​កា​រ​គ្រប់គ្រ​ងទឹក​ស្អាត​​ រដ្ឋសភា​បញ្ជាក់​ថា ជា​មូលដ្ឋាន​ដ៏​សំខាន់​ដែល​អាច​ទ្រទ្រង់ ​និង​ឆ្លើយ​តាម​ទៅ​នឹង​សន្ទុះ​អភិវឌ្ឍ​​សេដ្ឋកិច្ច​​ សង្គម​របស់​​កម្ពុជា ហើយ​ថា ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​គឺ​ជា​អាទិភាព​មួយ​ ក្នុង​ចំណោម​វិស័យ​អាទិភាព​ទាំងបួន​ នៅ​ក្នុង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាល​ទីបួន​ នៃ​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៦ ​ដែល​មាន​មនុស្ស​ ផ្លូវ​ ភ្លើង​ និង​ទឹក​។

សេចក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ មាន​៩​ជំពូក​ និង​១០៩​ ​​មាត្រា​ ដែល​អង្គសភា​បាន​អនុម័ត​យល់ព្រម​ លើ​សេចក្តី​ព្រាង​ច្បា​ប់ទាំង​មូល​មាន​ចំនួ​ន ១០៧​ សំឡេង​។ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ទឹក​ស្អាត​ មាន​១៥​ជំពូក​ និង​ ៦៥​មាត្រា​ ដែល​អង្គសភា​បាន​យល់ព្រម​អនុម័ត​ លើ​សេចក្តី​ព្រាងច្បាប់​ទាំងមូល​មាន​ចំនួន​១០៤​ សំឡេង​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា៕​