ក្រសួងអប់រំ យុវជននិងកីឡា អនុញ្ញាតឱ្យបុគ្គលិកអប់រំអាចស្នើសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារឆ្លងរាជធានី ខេត្តបាន តាមសហព័ទ្ធដែលជាមន្រ្តីរាជការ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលបានចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្តីពីការផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ ឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធជាមន្រ្តីរាជការ បានបញ្ជាក់ថា ក្រសួងឯកភាពគោលការណ៍ឱ្យមានការផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំឆ្លង រាជធានី ខេត្ត តាមសហព័ទ្ធ (ប្តី/ប្រពន្ធ) ជាមន្រ្តីរាជការ ក្នុងឆ្នាំ២០២២ ស្របតាមគោលការណ៍ច្បាប់។
សេចក្តីជូនដំណឹងដដែលបានបន្ថែមថា ចំពោះការផ្លាស់ចូលអង្គភាពថ្នាក់កណ្តាល ស្នើសុំប្រធានអង្គភាពបញ្ជាក់ពីភារកិច្ច ដែលត្រូវប្រគល់ជូន និងស្របតាមបេសកកម្មរបស់អង្គភាព ដោយពិនិត្យលើគុណវុឌ្ឍិរបស់សមីជន និងបែងចែកភារកិច្ចក្នុងអង្គភាព។ ចំពោះការផ្លាស់ប្តូរចូលរាជធានីភ្នំពេញ ត្រូវអនុញ្ញាតឱ្យទៅកន្លែងដែលខ្វះគ្រូ ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញត្រូវបញ្ជាក់ថា បុគ្គលិកអប់រំត្រូវបានពង្រាយទៅកន្លែងដែលខ្វះ និងមានការយល់ព្រមពីនាយកសាលាសាម៉ី។
ចំពោះការផ្លាស់ប្តូរចូលខេត្តនានា ត្រូវមានរបាយការណ៍បញ្ជាក់ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តថា ត្រូវបានពង្រាយទៅកន្លែងខ្វះគ្រូ ហើយក្រសួងនឹងបន្តកែលម្អលក្ខខណ្ឌនៃការផ្ទេរបុគ្គលិកអប់រំ ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូនៅតាមគ្រឹះសិក្សាមួយចំនួន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ៕