ក្រសួង​អប់រំ ​យុវជន​និង​កីឡា​ ​អនុញ្ញាតឱ្យ​​បុគ្គលិក​អប់រំ​អាច​​ស្នើ​​សុំ​​ផ្លាស់​ប្តូរ​ទី​កន្លែង​បម្រើ​ការងារ​ឆ្លង​រាជធានី​ ខេត្ត​​បាន​ តាម​សហព័ទ្ធ​ដែល​ជាមន្រ្តី​រាជការ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ ដែលបានចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៣​ ស្តី​ពី​ការផ្លាស់ប្តូរ​ទី​កន្លែង​បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ​​​ ឆ្លង​រាជធានី​ ខេត្ត តាម​សហព័ទ្ធ​ជាមន្រ្តី​រាជការ​ បាន​បញ្ជាក់ថា ក្រសួង​ឯកភាព​គោលការណ៍​​ឱ្យ​មាន​ការផ្លាស់ប្តូរ​ទី​កន្លែង​បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ​ឆ្លង រាជធានី​ ​ខេត្ត​ តាមសហព័ទ្ធ ​(ប្តី/ប្រពន្ធ) ជា​មន្រ្តី​​រាជ​ការ​ ​ក្នុង​ឆ្នាំ​២០២២​​ ស្របតាមគោល​ការណ៍​​ច្បាប់​។​

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​​បន្ថែមថា ចំពោះ​ការ​ផ្លាស់​ចូល​អង្គភាព​ថ្នាក់កណ្តាល​ ស្នើ​សុំ​ប្រធាន​អង្គភាព​​បញ្ជាក់​ពី​ភារកិច្ច ដែលត្រូវ​ប្រគល់​ជូន​ និង​ស្រប​តាម​បេសកកម្ម​របស់​អង្គភាព​ ដោយ​ពិនិត្យ​លើ​គុណ​វុឌ្ឍិ​របស់​សមីជន​ និងបែង​ចែក​ភារកិច្ច​ក្នុង​អង្គភាព​។ ចំពោះ​ការផ្លាស់ប្តូរ​ចូល​រាជធានី​ភ្នំពេញ​ ត្រូវ​អនុញ្ញាត​ឱ្យ​ទៅ​កន្លែង​ដែលខ្វះ​គ្រូ ប្រធាន​មន្ទីរ​អប់រំ​យុវជ​ន​​និង​កីឡា​រាជធានី​ភ្នំពេញ​ត្រូវ​បញ្ជាក់​ថា បុគ្គលិក​អប់រំ​ត្រូវ​បាន​ពង្រាយ​ទៅ​កន្លែង​ដែល​ខ្វះ​ និង​មានការ​យល់​ព្រម​ពី​នាយកសាលា​សាម៉ី។

ចំពោះ​ការផ្លាស់​ប្តូរ​ចូល​ខេត្ត​នានា​ ត្រូវ​មានរបាយការណ៍​បញ្ជាក់​ពី​​ប្រធាន​​មន្ទីរ​​អប់រំ​​ យុវជន ​និង​កីឡា​ខេត្តថា​ ត្រូវ​បាន​ពង្រាយ​ទៅ​កន្លែង​ខ្វះ​គ្រូ​ ហើយ​ក្រសួង​នឹង​បន្ត​កែ​លម្អ​លក្ខខណ្ឌ​នៃ​ការផ្ទេរ​បុគ្គលិក​អប់រំ​ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​គ្រូ​នៅតាម​គ្រឹះ​សិក្សា​មួយ​ចំនួន​។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​អប់រំ៕