យុវជន​ដែល​ដាក់​សៀវ​ភៅ​អាន​ដោយ​ឥតគិត​ថ្លៃ​នៅ​សួន​សា​ធារណៈ​​មុខ​វត្ត​បុទុមវតី នៅតែ​បន្តប្ដេជ្ញាចិត្ដ​ដាក់សៀវ​ភៅដើម្បី​ឱ្យ​យុវជន​ដទៃ​ទៀត​បាន​អាន​ទោះបី​មាន​ការហាមឃាត់ពីអាជ្ញាធរក៏ដោយ​​។

កញ្ញា ឆែម ស្រីគា អាយុ២០ឆ្នាំ​​ ជានិស្សិតរៀន​នៅសាកលវិទ្យាល័យ​មួយ​នៅ​ក្នុងរាជធានី​​ភ្នំពេញបាន​ប្រាប់ Newsroom Cambodia នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ថា កាលពី​ថ្ងៃ​សៅរ៍ ទី៤ ​ខែកុម្ភៈ កញ្ញា​បាន​យក​សៀវភៅ​ទៅ​ដាក់​នៅសួន​ច្បារ​​ខាង​​មុខ​វត្ត​បុទុមវតី​ដើម្បីឱ្យសាធារណជន​​អាន​ដោយ​ឥតគិត​ថ្លៃ តែ​ត្រូវបាន​ហាម​ឃាត់​​ដោយ​អាជ្ញា​ធរ​​​សណ្ដាប់​ធ្នាប់​ខណ្ឌដូនពេញ​។ កញ្ញា​បន្តថា អាជ្ញាធរ​បាន​​លើក​​ហេតុ​​​ផល​ថា​ជា ​នេះ​ជា​បញ្ជា​របស់អភិបាល​ខណ្ឌដូន​ពេញ​​​​​​ និង​ថា ការ​ដាក់សៀវភៅ​ឱ្យ​អាន​នៅ​លើ​សួននេះ ​ធ្វើ​ឱ្យ​ប៉ះ​​ពាល់​​ដល់សណ្ដាប់​​​ធ្នាប់​សាធារណៈ។​

កញ្ញាលើកឡើងថា៖ «គាត់ [អាជ្ញាធរ] បាន​​ប្រាប់​ថាឱ្យ​ខ្ញុំ​រើ​ចេញ​ជា​ដាច់​ខាត ​បើ​សិន​ជា​ខ្ញុំ​អត់​ព្រមរើទេ​គាត់​នឹង​​យក​សៀវភៅហ្នឹង​ទៅហើយ […] ខ្ញុំ​ក៏សុំ​ឱ្យអ្នក​ទៅ​អាន​ហ្នឹង​ជួយ​រើ បើសិនជាអត់រើទេសៀវភៅមានតែ​គេយក​ទៅ​​»។

កញ្ញា ស្រីគា​ ថា ​ការ​ដែល​ដាក់សៀវភៅ​ឱ្យ​សា​ធារណជន​អាន មិនមាន​ផលប៉ះ​ពាល់​អ្វីដល់សណ្ដាប់​ធ្នាប់​​សាធារណៈនោះទេ ហើយក៏មិន​ខុស​ច្បាប់នោះដែរ។ កញ្ញា​ថា ​នៅ​តាម​សួន​សាធារណៈ កញ្ញា​តែង​ឃើញ​មាន​សកម្មភាព​អសីលធម៌​មួយ​ចំនួន​ដូច​ជាការផឹក​ស្រានៅ​​ទីសាធារណៈជាដើម ប៉ុន្តែ​បែរ​ជា​​អាជ្ញាធរ​​​មិន​ចាប់​អារម្មណ៍​ទៅវិញ។​

កញ្ញាបន្ត៖ «នៅ​លើ​សួនហ្នឹង​មិនមែន​មាន​តែយុវជនហើយ​​និង​មនុស្ស​ចាស់ទេ មាន​​ទាំង​​កុមារៗ​ផង​ដែរ ដែល​គាត់ទៅលេង​សួនហ្នឹង ​បើគាត់​ឃើញ​ទិដ្ឋភាព​បែប​អសីល​ធម៌​អីបែបហ្នឹង​នៅ​ក្នុង​សង្គមអាចឱ្យពួកគាត់​យក​គំរូតាម។​ ខ្ញុំគ្រាន់តែ​ចង់​បង្វែរ​ចំណាប់​អារម្មណ៍ពួក​គាត់​ឱ្យមក​ចាប់អារម្មណ៍​លើ​សៀវភៅវិញ»។​

Newsroom Cambodia មិន​អាច​សុំ​ការ​ឆ្លើយតប​ពី លោក ជា ខេមា ​អភិបាល​ខណ្ឌ​ដូន​ពេញ​បានទេ​ គិត​ត្រឹម​ល្ងាចថ្ងៃពុធ​នេះ​។

ចំណែក​អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​លោក​ រស់ សុវាចា​ មិន​លើកទូរស័ព្ទ។

អ្នក​ស្រី​ ចក់​ សុភាព​ នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) បាន​ប្រាប់ ​Newsroom Cambodia ថា ​ការ​ដាក់​បណ្ណាល័យ​​ចល័តនេះ គឺ​សម្រាប់​លើក​ទឹក​ចិត្ដ​​​យុវជន និងពល​រដ្ឋ​​ដែល​ខ្វះ​ធនធាន​សម្រាប់​ទិញ​សៀវភៅ​យក​មកអានឱ្យ​បាន​អាន​គ្រប់ៗ​គ្នា​។ អ្នកស្រី​ថា អាជ្ញាធរ​គួរ​រៀបចំកន្លែងណាមួយ​ឱ្យ​យុវជន​ដាក់​សៀវភៅ​ទាំងនោះ ប្រសិន​បើ​​គិត​ថា​ខ្វះសណ្ដាប់ធ្នាប់​​​​។

អ្នក​ស្រី​លើកឡើងថា៖ «យើងដឹង​ហើយ​ប្រ​ទេស​យើង​វប្បធម៌ការ​អានវាតិច​តួច​ណាស់។ ​កន្លងមក​ក្រសួង​អប់រំ​ក្ដីព្យាយាមលើក​កម្ពស់​វប្បធម៌ការអាន​មែនទែន ដូច​មាន​ប្រារព្ធទិវាអំណានជាតិអី​ជាដើម ​រឿងមួយដែល​យើង​ទាំង​អស់​គ្នា​ចូលរួមចំណែកថែមទៀត​ ហើយ​ខ្ញុំគិតថាគំនិត​ផ្ដួច​ផ្ដើម​យុវជន​យើងទាំងអស់​គ្នា​គួរ​ចូល​រួម​សាទរហើយគួរតែចូលរួមគាំទ្រ​»៕